កីឡាអន្តរជាតិ
អន្តរជាតិ
Man Utd បញ្ចប់​ការទិញ Diallo ពី Atalanta តម្លៃ​៥០​លាន​ដុល្លារ និង​ជា​កីឡាករ​ដំបូង​ក្រោយ Brexit
08, Jan 2021 , 11:06 am        
រូបភាព
Manchester United បញ្ចប់​កិច្ចព្រមព្រៀង​ទិញយក​ខ្សែបម្រើ​ស្លាប Amad Diallo ពី​ក្លិប​អ៊ីតាលី Atalanta ដោយ​ជោគជ័យ​ហើយ​ក្នុងតម្លៃ​បូក​បន្ថែម​លក្ខខណ្ឌ​ផ្សេងៗ​កើន​ដល់ ៣៧​លាន​ផោន (៥០​លាន​ដុល្លារ​អាមេរិក​)​។ Diallo ក្លាយជា​កីឡាករ​ដំបូង​បំផុត​ដែល​ផ្លាស់​ទៅ​អង់គ្លេស ក្រោយ​អង់គ្លេស​ចាកចេញ​ពី​អឺរ៉ុប (Brexit)​។​

 
​បើតាម​ការផ្សាយ​របស់​វេ​ប​សាយ​ផ្លូវការ​របស់ Man Utd កីឡាករ​សញ្ជាតិ​កូដ​ឌី​វ័រ វ័យ ១៨ ឆ្នាំ​រូបនេះ យល់ព្រម​ចុះកិច្ចសន្យា​ឲ្យ​ក្រុម​បិសាច​ក្រហម​រហូតដល់​ខែមិថុនា ឆ្នាំ​២០២៥ ជាមួយនឹង​ជម្រើស​ពន្យារ​កិច្ចសន្យា​បន្ថែមទៀត​។ Man Utd បាន​ព្រមព្រៀងគ្នា​ជាមួយ Atalanta ក្នុងការ​ទិញយក Diallo តាំងពី​ខែតុលា​ម្លេះ​។​
 
​ក្រោយ​ការផ្ទេរ​ជោគជ័យ Diallo នឹងធ្វើ​ដំណើរ​ទៅកាន់​ទឹកដី Old Trafford ដើម្បី​ចូលរួម​ជួយ​ក្រុម​លោក Ole Gunnar Solskjaer ក្នុងអំឡុង​ខែមករា​នេះ​តែម្តង​។​
 
Solskjaer អ្នកចាត់ការ​ទូទៅ​បិសាច​ក្រហម​បានបង្ហាញ​ការរីករាយ​ក្នុង​មកដល់​របស់​ខ្សែបម្រើ​ស្លាប​ដ៏​មាន​ទេពកោសល្យ​រូបនេះ​។ អ្នកចាត់ការ​សញ្ជាតិ​ន័​រ​វែ​ស​អះអាងថា​៖« តាម​ការសង្កេតមើល​ដោយ​ភ្នែក​ខ្ញុំ​ផ្ទាល់ ខ្ញុំ​ជឿជាក់ថា Diallo ជា​យុវជន​វ័យក្មេង​ម្នាក់​ពូកែ និង​គួរ​ឲ្យ​ចាប់អារម្មណ៍​បំផុត​នៅក្នុង​ការប្រកួត​កន្លង​មក​។ គាត់​ជា​កីឡាករ​ម្នាក់​ដែល​មានគុណ​សម្បត្ដិ និង​ជា​កីឡាករ​សំខាន់​សម្រាប់​ក្រុម​បិសាច​ក្រហម Manchester United នៅ​ឆ្នាំ​ថ្មី​នេះ​»​។​
 
Man Utd ត្រូវការ Diallo មក​ពង្រឹង​នៅ​តំបន់​ស្លាប​បន្ថែម ដ្បិត​ត្រូវមាន​ភារកិច្ច​សំខាន់​ក្នុងការ​ប្រជែង​ពាន​លី​គ​កំពូល​អង់គ្លេស​រដូវ​កាល​នេះ ខណៈ​ពួកគេ​កំពុង​នាំមុខ​ក្នុង​តារាង​ពិន្ទុ ព្រមទាំង​ដណ្តើមពាន​ក្របខណ្ឌ​ទី​ពីរ​អឺរ៉ុប UEFA Europa League ផង​។​
 
Diallo ជា​កីឡាករ​ដំបូង​គេ​ដែល Man Utd ទទួលបាន​នៅ​ដើមឆ្នាំ​ថ្មី អំឡុង​ទីផ្សារ​ដោះដូរ​ខែមករា​នេះ និង​ជា​កីឡាករ​ដំបូង​បំផុត​ដែល​ចូលទៅ​កាន់​ទឹកដី​អង់គ្លេស​ក្រោយ​ការចាកចេញ​ពី​អឺរ៉ុប (Brexit)​។ ក្រោយ Brexit ក្លិប​នៅ Premier League ទាំងអស់​នឹងមិន​អនុញ្ញាត​ឲ្យ​ទិញ​កីឡាករ​ពី​បណ្តា​ប្រទេស​សហភាព​អឺរ៉ុប (EU) ដោយ​គ្មាន​លិខិតអនុញ្ញាត​ការងារ (GBE) ដូច​មុន​ទៀតឡើយ​។ កីឡាករ​បរទេស​ក្រោម​អាយុ​១៨​ឆ្នាំ​ក៏​មិនអាច​ទិញ​ចូល​ដែរ ក្រោម​បទ​ប្បញ្ញត្តិ ក្រោយ​អង់គ្លេស​ចាកចេញ​ពី​អឺរ៉ុប​៕
 

Tag:
 Amad Diallo
  Manchester United
  Brexit
© រក្សាសិទ្ធិដោយ thmeythmey.com