អន្តរជាតិ
ចិន ប្រៀបធៀបការអុកឡុកវិមានសភាអាមេរិកទៅនឹងការធ្វើបាតុកម្មនៅហុងកុង អ្នកនាំពាក្យក្រសួងការបរទេសបរទេសចិន Hua Chunying ក្នុងសន្និសីទសារព័ត៌មានថ្ងៃទី៧ ខែមករា។ រូបថតពីវេបសាយក្រសួងការបរទេសចិន
×
ដោយ ៖ឈួន ឈីវអ៊ីង
ការអុកឡុកវិមានសភាអាមេរិកដោយក្រុមអ្នកគាំទ្រលោកប្រធានាធិបតី ដូណាល់ ត្រាំ ត្រូវបានអ្នកនាំពាក្យក្រសួងការបរទេសចិន ប្រៀបធៀបនឹងការធ្វើបាតុកម្មនៅហុងកុងកាលពីឆ្នាំ២០១៩។ ទំនងចង់បង្ហាញពីហិង្សានៃការតវ៉ានៅអាមេរិក លោកស្រី Hua Chunying អ្នកនាំពាក្យក្រសួងការបរទេសចិន និយាយថា បាតុកម្មនៅហុងកុង មិនមានអ្នកស្លាប់ឡើយ។
សកម្មភាពដែលអ្នកគាំទ្រលោក ដូណាល់ ត្រាំ ចូលទៅអុកឡុកវិមានកាពីតូលក្នុងរដ្ឋធានីវ៉ាស៊ីនតោននៅថ្ងៃទី៦ ខែមករា ត្រូវបានយកមកចាក់ផ្សាយដដែលៗនៅលើបុស្តិ៍ទូរទស្សន៍រដ្ឋរបស់ចិន។ មនុស្សយ៉ាងហោចណាស់៤នាក់ បានស្លាប់ដោយសារការប៉ះទង្គិចគ្នារវាងបាតុករ និងក្រុមប៉ូលិសការពារអាគារសភា។
ចិនឯណោះវិញ ក៏ប្រៀបធៀបការឡោមព័ទ្ធវិមានសភាអាមេរិកទៅនឹងព្រឹត្តិការណ៍ឆ្នាំ២០១៩ ។ កាលនោះ បាតុករហុងកុងរាប់ពាន់នាក់ នាំគ្នាតវ៉ាពេញដងផ្លូវក្នុងតំបន់រដ្ឋបាលពិសេសនេះ ហើយបានចូលអុកឡុកសភានីតិបញ្ញត្តិរបស់ហុងកុងផងដែរ។ ត្រង់នេះ លោកស្រី Hua Chunying អ្នកនាំពាក្យក្រសួងការបរទេសចិន ក៏លើកឡើងពីការអត់ធ្មត់របស់ប៉ូលិសហុងកុងក្នុងការតទល់ក្រុមបាតុករដែលលោកស្រីអះអាងថា មានលក្ខណៈហិង្សាខ្លាំងជាង តែមិនមានអ្នកស្លាប់សូម្បីម្នាក់។
នាសន្និសីទសារព័ត៌មានថ្ងៃទី៧ ខែមករា លោកស្រី Hua ថែមទាំងនិយាយផ្លែផ្កាឲ្យមន្ត្រី និងប្រព័ន្ធផ្សព្វផ្សាយអាមេរិកដែលរាយការណ៍ពីស្ថានភាពនៅហុងកុង តែមិនបានរាយការណ៍ឲ្យដូចគ្នានឹងអ្វីកើតឡើងនៅវិមានកាពីតូល។ មន្ត្រីចិនរូបនេះលើកជាឧទាហរណ៍ថា នៅអាមេរិក បាតុករត្រូវបានហៅជាពួកជ្រុលនិយម កុបករ និងជនពាលដែលបង្កឲ្យមានបញ្ហាជាដើម ប៉ុន្តែនៅហុងកុង បាតុកម្មហិង្សាត្រូវបានហៅថា វីរជនប្រជាធិបតេយ្យ ឬថា ពលរដ្ឋអាមេរិកឈរជាមួយពលរដ្ឋហុងកុងជាដើម។
ទំនាក់ទំនងរវាងទីក្រុងប៉េកាំង និងរដ្ឋធានីវ៉ាស៊ីនតោនស្ថិតនៅក្នុងសភាពតានតឹងរាប់ទសវត្សរ៍មកហើយ។ ដូច្នេះទាំង អ្នកការទូតចិន ព្រមទាំងសារពត៌មានជាតិ ជារឿយៗ មានការចាប់អារម្មណ៍លើពត៌មានចលាចលនៅក្នុងនៅអាមេរិក ហើយតែងចោទជាសំណួរ ឬប្រៀបធៀបប្រតិកម្មលើស្ថានភាពណាមួយដូចជាករណីខាងលើជាឧទាហរណ៍ស្រាប់។
មិនមែនតែចិនឡើយដែលចាប់អារម្មណ៍ស្ថានការណ៍ដ៏អាក្រក់នៅអាមេរិក ប្រទេសជាច្រើនក៏បង្ហាញជំហរស្រឡាំងកាំងមិនតិចនឹងអ្វីដែលកើតឡើងនៅប្រទេសជានិមិត្តរូបប្រជាធិបតេយ្យមួយនេះ។ ខណៈសម្ពន្ធមិត្តអាមេរិកសោកស្ដាយនោះ ប្រទេសដែលមិនពេញខ្លះក៏ឆ្លៀតឱកាសនេះនិយាយឌឺដងឲ្យអាមេរិកខ្លាំងក្លាដែរ៕
Tag:
អាមេរិក
ចិន
ហុងកុង
© រក្សាសិទ្ធិដោយ thmeythmey.com