កីឡាករ សុខ លឹមហេង គ្រងជើងឯកក្នុងការប្រកួតកីឡាអុកចត្រង្គជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២០ ក្រោយយកឈ្នះកីឡាករ ឈាវ បូរ៉ា នៅវគ្គផ្តាច់ព្រ័ត្រ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២១។ ជាមួយគ្នានេះ សហព័ន្ធកីឡាអុកចត្រង្គកម្ពុជា ក៏បានរកកីឡាករជម្រើសជាតិចំនួន៦រូប សម្រាប់ត្រៀមប្រមូលផ្តុំហ្វឹកហាត់ក្នុងឆ្នាំ២០២១ ផងដែរ។
ក្រោយឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាយចំនួន៣ថ្ងៃ ការប្រកួតកីឡាករអុកចត្រង្គជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២០ បានរកជើងម្ចាស់ជ័យលាភីហើយ។ ក្នុងនោះកីឡាករ សុខ លឹមហេង ទទួលបានចំណាត់ថ្នាក់លេខ១ ក្រោយយកឈ្នះស្តេចអុកចត្រង្គ ឈាវ បូរ៉ា នៅវគ្គផ្តាច់ព្រ័ត្រ។ ចំណែកកីឡាករ យ៉ាន សុខលាង ទទួលបានលេខ៣ក្រោយយកឈ្នះ ទេស សារ៉ាឌី។
នេះមិនមែនជាលើកទី១នោះទេ ដែលកីឡាករ សុខ លឹមហេង បានផ្តល់ការខកចិត្តដល់ស្តេចអុកចត្រង្គ ឈាវ បូរ៉ា នៅវគ្គផ្តាច់ព្រ័ត្រ។ ពោលគឺ រូបគេ ធ្លាប់យកឈ្នះកីឡាករ ឈាវ បូរ៉ា នៅវគ្គផ្តាច់ព្រ័ត្រ នាការប្រកួតដណ្តើមតំណែងស្តេចអុកចត្រង្គប្រចាំព្រឹត្តិការណ៍អង្គរសង្ក្រាន្តកាលពីឆ្នាំ២០១៨។
លោក ទុយ ប៊ុនហឿន អនុប្រធាននាយកដ្ឋានអប់រំកាយនិងកីឡាបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំការប្រកួតជើងឯកថ្នាក់ជាតិរបស់សហព័ន្ធកីឡាអុកចត្រង្គកម្ពុជាថា ជាចំណែកមួយក្នុងការអភិវឌ្ឍធនធានដើម្បីឈានឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣។ ជាពិសេស វាជាផ្នែកមួយក្នុងការជួយផ្សព្វផ្សាយ និងទាក់ទាញយុវជនឲ្យចូលរួមលេងកីឡាប្រវប្បធម៌ប្រពៃណីនេះ ឲ្យកាន់តែច្រើន។
លោក អះអាងថា អុកចត្រង្គត្រូវបានចាត់ទុកជាប្រភេទកីឡាសក្តានុពលក្នុងការប្រជែងដណ្តើមមេដាយពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមជូនជាតិមាតុភូមិ។ បើតាមលោក ប៊ុនហឿន CAMSOC បានកំណត់កីឡាជា៣ប្រភេតសម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅកម្ពុជា ក្នុងនោះកីឡាមានសក្តានុពលខ្ពស់ និងប្រជាប្រិយមាន១៧ប្រភេទ កីឡាមានសក្តានុពលមធ្យម១៥ប្រភេទ និងកីឡាត្រៀមដាក់បញ្ជូលមាន១៣ប្រភេទ។
គោលបំណង នៃការរៀបចំការប្រកួតជើងឯកថ្នាក់ជាតិ គឺធ្វើឡើងដើម្បីស្វែងរកកីឡាករជើងខ្លាំង សម្រាប់ត្រៀមប្រមូលផ្តុហ្វឹកហាត់ប្រចាំឆ្នាំ២០២១។ បើតាមលោក ក្រួច ចន្ធារិទ្ធ អគ្គលេខធិការរងនៃសហព័ន្ធកីឡាអុកចត្រង្គកម្ពុជា សហព័ន្ធសម្រេចជ្រើសរើសយកកីឡាករចំនួន៦រូប(ពីលេខ១ដល់លេខ៦) ដើម្បីស្នើសុំគោលការណ៍ប្រមូលផ្តុំពីក្រសួងអប់រំ យុវជន និងកីឡា។
ការរួមចំណែកអភិរក្ស និងអភិវឌ្ឍន៍កីឡាវប្បធម៌ ប្រពៃណី និងអត្តសញ្ញាណជាតិ និងការអភិវឌ្ឍន៍ធនធានស៊ីហ្គេមឆ្នាំ២០២៣ ក៏ស្ថិតក្នុងគោលបំណងនៃការរៀបចំការប្រកួតជើងឯកថ្នាក់ជាតិនេះដែរ។
បើតាមរបាយការណ៍របស់សហព័ន្ធកីឡាអុកចត្រង្គកម្ពុជា ការប្រកួតជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២០ មានកីឡាករចំនួន៦៤នាក់មកពី១៧ក្លិបសមាគមចូលរួម។ ការប្រកួតប្រព្រឹត្តទៅរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី៥-៧ ខែមករា ឆ្នាំ២០២១នៅក្លិបសេះខៀវ រាជធានីភ្នំពេញ។ ការប្រកួតលើកទី៣នេះ ទទួលបានថវិកាគាំទ្រពីក្រសួងអប់រំយុវជននិងកីឡា៕