កីឡាអន្តរជាតិ
អន្តរជាតិ
Arsenal ខ្ចីលុយ​ធនាគារ ១៦២​លាន​ដុល្លារ ដើម្បី​ដោះ​ទាល់ ដោយសារ​វិបត្តិ COVID-19
08, Jan 2021 , 6:29 pm        
រូបភាព
Arsenal បាន​ខ្ចីប្រាក់​ពី​ធនាគារ​អង់គ្លេស​ចំនួន ១២០ លាន​ផោន (១៦២​លាន​ដុល្លារ​អាមេរិក​) ក្នុង​រយៈពេល​ខ្លី ដើម្បី​ដោះស្រាយ​វិបត្តិ​ហិរញ្ញវត្ថុ​ក្លិប ដែល​រង​ផលប៉ះពាល់​ដោយ​ជំងឺ COVID-19​។ ក្លិប​កាំភ្លើង​ធំ បាន​ផ្សាយ​ពី​ព័ត៌មាន​នេះ​នៅលើ​វេ​ប​សាយ​ផ្ទាល់​របស់​ពួកគេ​នៅ​ថ្ងៃទី​៧ ខែមករា ដោយ​បន្ថែមថា ក្លិប​នឹងត្រូវ​សង​ធនាគារ​វិញ​នៅ​ខែឧសភា​ឆ្នាំ ២០២១​។​



​មូលហេតុ​ដែល​ធ្វើ​ឲ្យ Arsenal សម្រេចចិត្ត​ខ្ចីលុយ​ធនាគារ​ក្នុង​ចំនួន​ច្រើន​បែបនេះ ដោយសារ​ក្លិប​បាន​ខាតបង់ និង​បាត់​ប្រាក់ចំណូល​យ៉ាងច្រើន​ដែល​បណ្តាលមកពី​ជំងឺ​រាតត្បាត​សកល​ក្នុង​រយៈពេល​ជិត​មួយឆ្នាំ​មកនេះ​។ ក្លិប​ដែលមាន​លោក Stan Kroenke សេដ្ឋី​អ្នកជំនួញ​អាមេរិក​ជា​ម្ចាស់​លើកឡើងថា នេះ​ជា​វិធីសាស្ត្រ​ស្រដៀង​គ្នា​ទៅនឹង​អ្វីដែល​ក្រុមហ៊ុន និង​អង្គការ​ធំៗ​ដទៃ ជាច្រើន​រួមទាំង​កីឡា​ផង​បានធ្វើ​រួចហើយ​។​
 
​ក្លិប​មាន​មូលដ្ឋាន​នៅ​ក្រុង​ឡុង​ដ៏ បានប្រកាសថា ខ្លួន​បាន​បំពេញ​តាម​លក្ខណៈវិនិច្ឆ័យ​ដែល​កំណត់ដោយ​ធនាគារ​អង់គ្លេស​សម្រាប់​គម្រោង​មជ្ឈមណ្ឌល​ហិរញ្ញប្បទាន​សាជីវកម្ម​អំឡុង​កូ​វីដ (CCFF) ដែល​អាច​ឲ្យ​ពួកគេ​ខ្ចីប្រាក់​ក្នុង​រយៈពេល​ខ្លី ហើយនឹង​ត្រូវតែ​សង​វិញ​ជាដាច់ខាត នៅ​ខែឧសភា ឆ្នាំ ២០២១​។​
 
​ក្លិប​នេះ បាន​សរសេរ​ក្នុង​សេចក្តីប្រកាស​របស់ខ្លួន​ថា គម្រោង CCFF ត្រូវបាន​រៀបចំឡើង​ដើម្បី​ផ្តល់​កម្ចី​រយៈពេល​ខ្លី​តាម​អត្រា​ពាណិជ្ជកម្ម​ក្នុងអំឡុង​វិបត្តិ COVID-19 ដល់​ក្រុមហ៊ុន​ដែលមាន​អត្រា​វិនិយោគ​ខ្លាំង ហើយ​បាន​ចូលរួមចំណែក​យ៉ាងសំខាន់​ដល់​សេដ្ឋកិច្ច​អង់គ្លេស​ទៀតផង​។​
 
​ក្រៅពី Arsenal ក្លិប​ដែលមាន​មូលដ្ឋាន​នៅក្នុង​ឡុង​ដ៏​មួយទៀត​គឺ Tottenham Hotspur ភាគ បាន​ខ្ចីប្រាក់ ១៧៥ លាន​ផោន (២៣៧​លាន​ដុល្លារ​អាមេរិក​) រួម​ហើយពី​គម្រោង CCFF កាលពី​ខែមិថុនា​កន្លងទៅ​៕
 

Tag:
 Arsenal
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com