កីឡាអន្តរជាតិ
អន្តរជាតិ
Arteta៖ អនាគត Ozil នឹងសម្រេចនៅប៉ុន្មានថ្ងៃទៀត ខណៈក្លិបពីរកំពុងទាក់ទង
09, Jan 2021 , 7:59 am        
រូបភាព

Mikel Arteta និយាយថាអនាគតរបស់ Mesut Ozil នឹងត្រូវសម្រេចក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ខណៈដែលខ្សែបម្រើដែលមិនជាប់ជម្រើស២៥នាក់របស់ Arsenal រូបនេះកាន់តែកៀកនឹងការចាកចេញពី Emirate។ តើ Ozil អាចនឹងបង្ហាញខ្លួនចុងក្រោយសម្រាប់ Arsenal ឬអត់ បើសិនរូបគេត្រូវចាកចេញ?



Ozil មិនបានលេងឲ្យក្រុមកាំភ្លើងធំចាប់តាំងពីខែមីនាមកម្លេះ ខណៈដែលកិច្ចសន្យារបស់គេនឹងត្រូវផុតកំណត់នៅចុងបញ្ចប់រដូវកាល ២០២០-២១នេះ។ ខ្សែបម្រើសញ្ជាតិអាល្លឺម៉ង់ មិនជាប់ជម្រើស២៥នាក់របស់ Arsenal សម្រាប់ការប្រកួត Premier League និង Europa League នៅរដូវកាលនេះឡើយ ស្របពេលដែលអ្នកគាំទ្រយល់ឃើញថា នេះដោយសារ Ozil មានជាប់ពាក់ព័ន្ធនឹងការរិះគន់ចិនជុំវិញការបង្ក្រាបជនជាតិមូស្លីមភាគតិចវីហ្គ័រនៅខេត្តស៊ីនជាំង។

ដូចដែលយើងបានដឹងស្រាប់ហើយថា ទីផ្សារ Arsenal នៅទឹកដីចិនមានចំនួនច្រើនបំផុត ហើយករណីរិះគន់របស់ Ozil នេះ ពិតជាបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ក្លិបដែលមានមូលដ្ឋានក្នុងក្រុងឡុងដ៏ ស្របពេលក្លិបកំពុងមានវិបត្តិ ដោយសារជំងឺ COVID-19 ផង។

យ៉ាងណាក៏ដោយ នៅរយៈពេលចុងក្រោយនេះ មានព័ត៌មានកីឡាជាច្រើននៅអឺរ៉ុបចុះផ្សាយពីទំនាក់ទំងរវាងអតីតសមាជិកក្រុម Real Madrid វ័យ៣២ឆ្នាំ ជាមួយក្លិបនៅតួកគី Fenerbahce និងក្លិប DC United នៅទឹកដីអាមេរិក។

ដោយដឹងពីការចុះផ្សាយបែបនេះ នៅមុនការប្រកួត FA Cup ជុំទី៣ រវាង Arsenal ទល់នឹង Newcastle នៅចុងសប្តាហ៍នេះ Arteta បានប្រកាសនៅមុខអ្នកកាសែតក្នុងសន្និសីទសារពត៌មានដើម្បីបញ្ជាក់ពីការសម្រេចចិត្តចុងក្រោយជាមួយ Ozil។

«Ozil នឹងត្រូវអនុញ្ញាតឲ្យចាកចេញប្រសិនបើទាំងភាគីកីឡាករ និងក្លិបទទួលបានសំណើរល្អណាមួយ។ ប្រសិនបើមិនដូច្នោះទេគាត់នឹងត្រូវបន្តនៅទីនេះទៀត។ យើងនឹងពិភាក្សាផ្ទៃក្នុងពីអ្វីដែលជាដំណោះស្រាយល្អបំផុតសម្រាប់គាត់ក្នុងរយៈពេលដ៏ខ្លី ជាក់ស្តែងជាមួយកីឡាករនិងភ្នាក់ងារហើយព្យាយាមរកដំណោះស្រាយល្អបំផុតសម្រាប់អ្នករាល់គ្នា»។ នេះជាការបញ្ជាក់របស់អ្នកចាត់ការសញ្ជាតិអេស្ប៉ាញ។

នៅពេលសួរថា Ozil អាចនឹងត្រូវដាក់ឲ្យលេងក្នុងក្របខណ្ឌ Premier League ម្តងទៀតនៅក្នុងខែនេះ Arteta បានឆ្លើយខ្លីថាអ្វីៗសុទ្ធតែអាចកើតឡើងបាន៕



Tag:
 Mesut Ozil
  Mikel Arteta
  Arsenal
© រក្សាសិទ្ធិដោយ thmeythmey.com