ជាតិ
សង្គមជាតិ
ពលរដ្ឋស្រុកអង្គរធំ ឈប់តវ៉ា ក្រោយក្រុមហ៊ុនដឹកថ្មសន្យាស្រោចទឹកផ្លូវជាប្រចាំ
10, Jan 2021 , 10:50 am        
រូបភាព
អាជ្ញាធរស្រុកអង្គរធំ សម្របសម្រួលដោះស្រាយជាមួយពលរដ្ឋដែលចេញបិទផ្លូវនាពេលកន្លងមក
អាជ្ញាធរស្រុកអង្គរធំ សម្របសម្រួលដោះស្រាយជាមួយពលរដ្ឋដែលចេញបិទផ្លូវនាពេលកន្លងមក
សៀមរាប៖ ពលរដ្ឋរស់នៅក្នុងស្រុកអង្គរជុំជាង១ពាន់គ្រួសារ បានចេញតវ៉ាបិទផ្លូវជាបន្តបន្ទាប់ ក្រោយរថយន្តរបស់ក្រុមហ៊ុន ធ្វើអាជីវកម្មជីកថ្មក្នុងភូមិសាស្រ្ដនេះ បើកបរល្បឿនលឿន និងបង្កជាដីហុយប៉ះពាល់សុខភាពពលរដ្ឋ។ រថយន្តដឹកថ្ម ក៏បង្កផលប៉ះពាល់ ឃុំចំនួន៣ នៃស្រុកអង្គរធំដែរ គឺឃុំលាងដៃ ឃុំពាក់ស្នែង និងឃុំជប់តាត្រាវ។ ពលរដ្ឋស្នើឲ្យក្រុមហ៊ុនដឹកជញ្ជូនថ្មស្រោចទឹកផ្លូវ ត្រូវជួសជុលផ្លូវកន្លែងខូចខាត និងសំណូមពររថយន្តបន្ថយល្បឿន។ ក្រោយមានដំណោះស្រាយពីអាជ្ញាធរខេត្ត ក្រុមហ៊ុន បានព្រមព្រៀងសន្យាស្រោចទឹកជាប្រចាំ ឈប់បង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋបន្តទៀត។



អាជ្ញាធរខេត្តសៀមរាប បានកោះហៅតំណាងក្រុមហ៊ុនចំនួន៥ ដែលទទួលសិទ្ធិធ្វើអាជីវកម្មដឹកជញ្ជូនថ្ម ក្នុងភូមិសាស្រ្ដឃុំគោកដូង ស្រុកអង្គរជុំ មកពិភាក្សា និងរកដំណោះស្រាយ ក្នុងករណីដែលប្រជាពលរដ្ឋតវ៉ាបិទផ្លូវ មិនឱ្យរថយន្តទាំងនោះឆ្លងកាត់។ ពលរដ្ឋលើកឡើងថា រថយន្តដឹកថ្ម តែងបើកបរក្នុងល្បឿនលឿន បណ្ដាលឱ្យដីហុយខ្លាំង និងធ្វើឱ្យប៉ះពាល់ដល់សុខភាពពួកគេ។
ឡានទឹកចាប់ផ្តើមស្រោចទឹកផ្លូវ ក្រោយមានការសម្របសម្រួលពីថ្នាក់ខេត្ត

អភិបាលរងខេត្តសៀមរាប លោក ពិន ប្រាកដ បានដឹកនាំកិច្ចប្រជុំនៅអាគារដ្ឋបាលខេត្តសៀមរាប។ ក្នុងកិច្ចប្រជុំនៅថ្ងៃទី៦ ខែមករា ក្រុមហ៊ុនទាំង៥ បានសន្យាថា នឹងផ្តល់ថវិកាប្រចាំខែក្នុងមួយក្រុមហ៊ុនចំនួន ១,៥០០ដុល្លារ ដើម្បីជួលក្រុមហ៊ុនដឹកទឹក សម្រាប់ស្រោចផ្លូវដែលរថយន្តដឹកថ្មឆ្លងកាត់។ ការស្រោចទឹកនេះ នឹងធ្វើក្នុងមួយថ្ងៃ៣ដងជាប្រចាំ។ លោកអភិបាលរងខេត្ត ពន្យល់ថារដ្ឋបាលខេត្ត បានចាត់ឱ្យអាជ្ញាធរពាក់ព័ន្ធ យកចិត្តទុកដាក់លើបញ្ហានេះ ហើយមន្ទីររ៉ែ និងថាមពល ត្រូវចុះពិនិត្យទីតាំងធ្វើអាជីវកម្ម លើអាជ្ញាបណ្ណដែលហួសសុពលភាព ត្រូវចាត់វិធានការតាមផ្លូវច្បាប់។ ក្នុងនោះក៏តម្រូវឱ្យក្រុមហ៊ុន ជួសជុលផ្លូវថ្នល់ ដែលរងការខូចខាតផងដែរ។

លោក លុក ផុស អភិបាលស្រុកអង្គរជុំ ដែលបានទៅតាមដានការងារនេះដល់ទីតាំងកាលពី ព្រឹកថ្ងៃទី៧ ខែមករា ប្រាប់សារព័ត៌មានថ្មីៗថា ក្រុមហ៊ុនបានស្រោចទឹកលើផ្លូវតាមការសន្យាហើយ។ តាមលោក លុក ផុស ពលរដ្ឋរស់នៅឃុំគោកដូង ប្រមាណជាង១ពាន់គ្រួសារ បានរងផលប៉ះពាល់ពីបញ្ហាដីហុយនេះ។ កន្លងមក លោក លុក ផុស ធ្លាប់បានសហការជាមួយមន្ទីររ៉ែ និងថាមពលខេត្ត ចុះដោះស្រាយបញ្ហានេះជាច្រើនលើកដែរ តែមិនមានដំណោះស្រាយជាក់លាក់នោះទេ។ លោកបន្ថែមថា៖«យើងធ្លាប់ចុះដោះស្រាយបញ្ហានេះដែរ តែកន្លងមក មិនធ្លាប់មានក្រុមហ៊ុនណា ចេញមកទទួលខុសត្រូវ ពីរឿងស្រោចទឹកនោះទេ»។

លោកអភិបាលស្រុកអង្គរជុំ ប្រាប់សារព័ត៌មានថ្មីៗទៀតថា មានក្រុមហ៊ុន៣ ដែលធ្វើអាជីវកម្មជីកថ្មនៅភ្នំ ក្នុងភូមិសាស្រ្ដឃុំគោកដូងប្រមាណ១០ឆ្នាំមកហើយ ខណៈ២ក្រុមហ៊ុនទៀត ទើបទទួលបានសិទ្ធិធ្វើអាជីវកម្ម។ តាមលោក លុក ផុស ក្រុមហ៊ុនទាំងនោះបានជីកថ្មនៅភ្នំព្រៃបាំង និងភ្នំទឹកខួប ដែលខ្លួនចាំបាន ហើយក្រុមហ៊ុនដឹកជញ្ជូនថ្មទាំងនោះ បានបើកបរឆ្លងកាត់ តាមបណ្ដោយផ្លូវ 2SR2 ពីស្រុកអង្គរជុំ កាត់តាមស្រុកអង្គរធំ ឆ្ពោះទៅក្រុងសៀមរាប។
កិច្ចប្រជុំរកដំណោះស្រាយ នៅសាលាខេត្តសៀមរាប នាថ្ងៃទី៦ ខែមករា ឆ្នាំ២០២១។

បញ្ហាខាងលើនេះ ក៏ប៉ះពាល់ឃុំចំនួន៣ នៃស្រុកអង្គរធំដែរ។ នាយករដ្ឋបាលសាលាស្រុកអង្គរធំ លោក ខាន់ ម៉ាង ប្រាប់សារព័ត៌មានថ្មីៗថា ឃុំ៣ដែលមានប្រជាពលរដ្ឋចេញតវ៉ា មានឃុំលាងដៃ ឃុំពាក់ស្នែង និងឃុំជប់តាត្រាវ។ លោកបន្ថែមថា ពលរដ្ឋសំណូមពរ៣ចំណុច គឺសុំឱ្យក្រុមហ៊ុនដឹកជញ្ជូនថ្មស្រោចទឹកផ្លូវ ត្រូវជួសជុលផ្លូវកន្លែងខូចខាត និងសំណូមពររថយន្តបន្ថយល្បឿន។

«តាមពិតបញ្ហាកើតឡើងយូរហើយ តែពីមុនឡានអត់ច្រើនដូចបច្ចុប្បន្ន ដោយសារផ្លូវខូចនៅខែវស្សា ឡានតិចទេ តម្រូវការថ្មក្នុងក្រុងក៏តិច តែដល់ពេលមានគម្រោងផ្លូវ៣៨ខ្សែ មានតម្រូវការថ្មកាន់តែច្រើន ឡានក៏កាន់តែច្រើន ទើបពលរដ្ឋចេញតវ៉ា»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក ខាន់ ម៉ាង។

នាយករដ្ឋបាលស្រុកអង្គរធំ លោក ខាន់ ម៉ាង បានរៀបរាប់ពីសាវតានៃផ្លូវ 2SR2  ដែលជាចរាចរណ៍សំខាន់សម្រាប់ពលរដ្ឋស្រុកអង្គរធំ ឆ្ពោះទៅស្រុកអង្គរជុំ។ ផ្លូវកៅស៊ូនេះ ត្រូវបានស្ថាបនាឡើងដោយក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមជំនួយរបស់ធនាគារអភិវឌ្ឍន៍ជនបទ។ តែដោយសារការដឹកជញ្ជូនធ្ងន់ៗ ពីឡានដឹកថ្ម ធ្វើឱ្យផ្លូវនេះរងការខូចខាតខ្លាំង ហើយអាជ្ញាធរ បានកៀងគរវិស័យឯកជន ដើម្បីជួសជុល តែមិនបានប៉ុន្មានផង ក៏ខូចខាតទៀត។ ក្រោយមកមន្ទីរសាធារណការ និងដឹកជញ្ជូន ក៏បានជួសជុលបន្ត តែដោយសារការឈូសឆាយកៅស៊ូផ្នែកខាងលើអស់ ដើម្បីពង្រាបឱ្យស្មើ ធ្វើឱ្យផ្លូវនេះនៅសល់តែគ្រឹះថ្ម និងដីតែប៉ុណ្ណោះ៕




 



Tag:
 ក្រុមហ៊ុនដឹកថ្ម
  គោគដូង
  ចរាចរណ៍
  ដីហុយ
© រក្សាសិទ្ធិដោយ thmeythmey.com