ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ទោះគ្មានប្រាក់ខែ តែប្រជាការពារភូមិនៅរមណីយដ្ឋានភ្នំគូលែន សប្បាយចិត្ត ព្រោះបានជួយជាតិ
10, Jan 2021 , 8:30 pm        
រូបភាព
 
ភ្នំពេញ៖ ប្រជាការពារភូមិត្រូវបានរាយបណ្ដាក់គ្នា នៅតាមផ្លូវឡើងទៅរមណីយដ្ឋានភ្នំគូលែនជាហូហែរ តាមគោលដៅប្រចាំការនីមួយៗ ដោយមានកម្លាំងយ៉ាងហោចណាស់ចាប់ពី២នាក់ឡើងទៅ។ គោលដៅប្រចាំការភាគច្រើន ដាក់នៅចំណុចកែង ឬចំណុចមានចំណោតខ្លាំងពិបាកធ្វើដំណើរ ដើម្បីជួយសម្រួលក៏ដូចជាសង្គ្រោះភ្ញៀវ ប្រសិនបើមានបញ្ហាណាមួយកើតឡើង។ ឃើញស្លៀកពាក់ឯកសណ្ឋានស្អាតៗ ប្រហែលជាអ្នកដែលបានជិះឆ្លងកាត់ផ្លូវនោះ គិតថាពួកគាត់មានប្រាក់ខែ ប៉ុន្តែធាតុពិតគឺផ្ទុយទៅវិញ។ ប៉ុន្តែប្រជាការពារភូមិទាំងនោះសប្បាយចិត្ត ព្រោះគេគិតថាការងារនេះ បានរួមចំណែកជួយជាតិ។


តទៅនេះ សូមប្រិយមិត្តអញ្ជើញស្ដាប់បទយកការណ៍ ដែលរៀបរៀងដោយកញ្ញា ប៉ូ សាគុន ដូចតទៅ៖



បើគេធ្វើដំណើរឡើងទៅកម្សាន្តនៅរមណីយដ្ឋានភ្នំគូលែន នោះគេនឹងឃើញប្រជាការពារភូមិ មានទាំងស្ត្រីនិងបុរស ស្លៀកពាក់ឯកសណ្ឋានប្រជាការពារភូមិ ខ្លះពណ៌ទឹកប៊ិក ហើយខ្លះទៀតពណ៌គគី យ៉ាងស្រស់សង្ហារ។ អ្នកខ្លះឈរ ហើយអ្នកខ្លះទៀតអង្គុយ នៅតាមគោលដៅរបស់ខ្លួន ដែលរាយបណ្ដាក់ជាហូរហែរ តាមបណ្ដោយផ្លូវឡើងទៅលើភ្នំ។ ភ្ញៀវទេសចរណ៍មួយចំនួនដែលបានទៅដល់ទីនោះ ប្រហែលជាមិនបានដឹងទេថា ពួកគាត់មិនមានប្រាក់ខែពីរដ្ឋ។
 
លោក អៀម ឆម វ័យ៥៨ឆ្នាំ ដែលមានស្រុកកំណើរក្នុងភូមិវត្ត ឃុំត្បែង ស្រុកបន្ទាយស្រី គឺជាប្រធានប្រជាការពារភូមិ គ្រប់គ្រងរួមក្នុងឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ប្រជាការពារភូមិ ក្នុងឃុំត្បែង សរុបទាំងអស់មានចំនួន២៣៨នាក់ ដោយត្រូវនៅប្រចាំការតាមផ្លូវឡើងទៅរមណីយដ្ឋានភ្នំគូលែន ពេលថ្ងៃខ្លះ និងត្រូវប្រចាំការរក្សាសន្តិសុខក្នុងភូមិនៅពេលយប់ខ្លះ។
អៀម ឆម ប្រធានប្រជាការពារភូមិ គ្រប់គ្រងរួមក្នុងឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប

ចំពោះមូលហេតុដែលបង្កើតប្រជាការពារភូមិ លោក អៀម ឆម ប្រាប់ដូច្នេះ៖«តើមូលហេតុអ្វីបានជាបង្កើតប្រជាការពារភូមិនេះ? ខ្ញុំមិនដឹងទេ ស្រុកគេឱ្យបង្កើត ឃុំគេឱ្យបង្កើតខ្ញុំក៏បង្កើតទៅ។ តើដោយសារតែឃុំមានអសន្តិសុខច្រើនឬយ៉ាងណា? មិនមែនទេ ប៉ុន្តែគេឱ្យធ្វើក៏ចេះតែធ្វើទៅ។ មានប្រជាការពារទៅ ភូមិឃុំរបស់យើង មានសុវត្ថិភាពល្អ មិនមានចោរ ហើយក្មេងទំនើងអីក៏មិនសូវមានដែរ»។

ឈរក្បែរោងធ្វើពីឈើតូចៗ ចងភ្ជាប់ទៅនឹងដើមឈើមានជីវិតខ្លះផង ហើយប្រក់កៅស៊ូពណ៌សស្ដើង លោក វល្លិ៍ ព្រួន អាយុ៤១ឆ្នាំ បានស្ម័គ្រចិត្តចូលបំរើការឱ្យភូមិ និងមកយាមនៅតាមផ្លូវឡើងភ្នំនេះ ប្រមាណ៥ឆ្នាំមកហើយ។ ប្រចាំការនៅគោលដៅភូមិវីរៈកាត់ បុរសសម្បុរស្រអែមរូបនេះ ខំឆ្លៀតពេលទំនេរបន្តិចបន្ទួច មុនម៉ោងចូលធ្វើការ ឬពេលមិនសូវមានភ្ញៀវបើកឆ្លងកាត់ ទៅដកផ្កាបបុស ដើម្បីយកទៅធ្វើអំបោសលក់។

មានតួនាទីជាប្រជាការពារភូមិ មិនទទួលបានប្រាក់ខែ លោក ព្រួន ដែលរស់នៅក្នុងភូមិត្បែងលិច ឃុំត្បែង ស្រុកបន្ទាយស្រី ប្រាប់ពីតួនាទីរបស់ខ្លួន ដោយដៃស្ដាំចង្អុលទៅម៉ូតូដ៏ចាស់ទ្រុឌទ្រោម មានផ្កាបបុសបន្តិចបន្ទួចនៅពីលើផង ផ្អែកនឹងដើមឈើខាងក្រោយខ្នងរបស់គាត់៖«ខ្ញុំនៅយាមដើម្បីការពារភ្ញៀវ ព្រោះជួនកាលក្មេងស្ទាវវាដេញវ៉ៃគ្នា ដូច្នេះយើងជួយមើលដែរ។ មានអ្នកខ្លះបង្ហោះម៉ូតូ ហើយជួនកាលឡានភ្ញៀវខូច ខ្ញុំអាចជួយកល់ណេះកល់ណោះ និងជួយធ្វើដែរ។ លោកមានការងារផ្សេងក្រៅពីការងារនេះទេ? មានតើ នោះកាបូបរបស់ខ្ញុំ។ តើកាបូបនោះជាកាបូបអ្វីវិញ? ខ្ញុំកាច់ផ្កាបបុសយកទៅធ្វើឈើអំបោសលក់។ តើប្រពន្ធលោកធ្វើអ្វីដែរ? ក្រងស្បូវ»។
លោក ហេម ​ធូ​ ប្រជាការពារ​ភូមិ​ស្ម័គ្រ​ចិត្ត

ចំណែកលោក ហេម ធូ សម្បុរស្រអែមឈរតែឯង នៅលើដងផ្លូវដ៏ស្ងាត់ជ្រងំនាម៉ោងជិត៥ល្ងាច ក៏ជាប្រជាការពារភូមិស្ម័គ្រចិត្តដែរ។ អាយុ៣៩ឆ្នាំ មានកូន៣នាក់ប្រុស១ បុរសមាឌស្ដើងកម្ពស់ប្រហែល១ម៉ែត្រ៦០សង់ទីម៉ែត្ររូបនេះ ចូលបំរើការងារពីម៉ោង៨ព្រឹករហូតដល់ម៉ោង៥ល្ងាច ទើបត្រឡប់ទៅផ្ទះវិញ។ រស់ក្នុងភូមិ ភូមិវីរៈកាត់ ឃុំត្បែង ស្រុកបន្ទាយស្រី លោក ធូ អាចទទួលបានប្រាក់មួយចំនួនពីភ្ញៀវទេសចរណ៍ ដែលបានត្រឡប់ពីទស្សនាលើភ្នំវិញ៖«ខ្ញុំជាអ្នកស្ម័គ្រចិត្តភូមិ។ តើលោកទទួលបានប្រាក់ខែទេ? អត់ទេ។
អ៊ីចឹងបានអ្នកដំណើរគេជួយខ្លះឬ? បាទ។ តើមួយថ្ងៃលោកទទួលបានប៉ុន្មាន? ថ្ងៃខ្លះបានពី៣ឬ៤ម៉ឺនរៀល។ ចុះតិចជាងគេបានប៉ុន្មានដែរ? ១ឬ២ម៉ឺនរៀល។
តើប្រាក់ចំណូលប្រហែល៣ទៅ៤ម៉ឺននេះ អាចផ្គត់ផ្គង់ជីវភាពគ្រប់ទេ ឬក៏ខ្វះខាតដែរ? គ្រប់ ព្រឹកឡើងទិញត្រីហូប។ ប្រពន្ធរបស់លោកធ្វើអ្វីដែរ? គាត់ធ្វើការងារចម្ការចន្ទី»។ រូប៣
ក៏ជាប្រជាការពារភូមិដែរ អ្នកស្រី ឆេង ម៉ាល័យ វ័យ៣៧ឆ្នាំ កំពុងឈរនៅជញ្ចើមផ្លូវ ជិតរោងឈប់សម្រាកមួយ ធ្វើពីឈើប្រក់ស្លឹកឃុនមា។
ស្ត្រីរូបនេះមានក្រុមការងារជាស្ត្រីដូចគ្នាមួយរូបទៀត ប្រចាំការជាមួយគ្នា ហើយដែលឈរនៅក្បែរនេះដែរ។ រស់ក្នុងភូមិគូលែនថ្មី ឃុំត្បែង ស្រុកបន្ទាយស្រី ស្ត្រីរូបនេះ បានស្ម័គ្រចិត្តបម្រើការងារជាប្រជាការពារភូមិប្រហែល៣ឆ្នាំមកហើយ។
លោក វល្លិ៍ ព្រួន ប្រជាការពារភូមិស្ម័គ្រចិត្ត
ជាស្ត្រីមេម៉ាយមានកូន៤នាក់ ដោយកូនច្បងអាយុ១៣ឆ្នាំ ហើយកូនពៅអាយុ៦ឆ្នាំ អ្នកស្រី ម៉ាល័យ ស៊ូនៅធ្វើស្រែចម្ការក្នុងភូមិ និងឆ្លៀតពេលក្នុងខែទំនេរពីស្រែចម្ការ ចូលរួមសកម្មភាពជួយជាតិខ្លះផង។ មិនដាច់ចិត្តទៅឆ្ងាយចោលកូន ស្ត្រីសម្ដីរដឺរូបនេះ ពន្យល់ដូច្នេះ៖«ប្រសិនបើខ្ញុំអាចចាកចោលកូនបាន ខ្ញុំអាចទៅរកប្រាក់ខែខាងក្រៅមកចិញ្ចឹមកូនបាន។

ប៉ុន្តែដោយសារតែខ្ញុំចិត្តមិនដាច់ ព្រោះកូនខ្វះភាពកក់ក្ដៅពីម្ខាងហើយ កាលណាតែយើងចាកចេញចោលកូនទៀត កូនគ្នាកាន់តែខ្វះភាពកក់ក្រៅយ៉ាងធ្ងន់ធ្ងរ។ តើគាត់បានរៀនទេ? គាត់បានរៀន ប៉ុន្តែថ្ងៃទៅមុខមិនដឹងជាបានខ្ពង់ខ្ពស់ដូចបងប្អូនអ្នកដទៃឬអត់ទេ ព្រោះខ្ញុំជាស្ត្រីមេម៉ាយ ក្រែងថាមិនមានលទ្ធភាព។ ក្នុងចិត្តខ្ញុំសព្វថ្ងៃ ចង់ឱ្យតែកូនបានចេះដឹង កុំឱ្យល្ងង់ដូចខ្ញុំ អត់ចេះទទេសោះ។ ខ្ញុំមិនចង់ឱ្យកូនខ្ញុំអាប់មង្គលដូចខ្ញុំទេ»។
អ្នកស្រី ឆេង ម៉ាល័យ ប្រជាការពារភូមិស្ម័គ្រចិត្ត

ជាស្ត្រីសម្លាំងខ្សោយ អ្នកស្រី ម៉ាល័យ ពន្យល់ពីអារម្មណ៍របស់ខ្លួនពេលបំពេញការងារ៖«គេប្រុសៗ ប្រសិនបើមានឡានខូច គេជួយយកចុះទៅបាន ចុះអ្នកស្រីបានជួយអ្វីខ្លះដែរ? ដូចថាពេលភ្ញៀវមានគ្រោះថ្នាក់អ្វី យើងទៅជួយទាំងអស់គ្នា។ ពេលមួយខ្ញុំចាំមិនបានមិនដឹងជាបុណ្យអ្វីទេ ភ្ញៀវគាត់មានគ្រោះថ្នាក់នៅនឹងអូថ្កូវយើងនេះ គាត់បែកកង់ រួចហើយឡានរេចង្កូតទៅមួយចំហៀងផ្លូវ ខ្ញុំអាចជួយលើកគាត់មកវិញបាន។ ខ្ញុំជួយដោយភាពរីករាយ ព្រោះនេះជាតួនាទីរបស់ខ្ញុំបម្រើជាតិ»។

លោក អៀម ឆម ប្រធានប្រជាការពារភូមិ ដែលមានមាឌធាត់ ពាក់អាវយឺតស ឈរក្បែរម៉ូតូរបស់លោក បានបញ្ជាក់ពីបញ្ហាប្រឈម ដែលកើតឡើងនៅតាមផ្លូវឡើងទៅរមណីយដ្ឋានភ្នំគូលែនដូច្នេះ៖«នៅតាមផ្លូវនេះ តើអ្វីជាបញ្ហាប្រឈមជាងគេសម្រាប់ភ្ញៀវ? ក្មេងទំនើង ដេញវ៉ៃគ្នា។ តើជាក្មេងនៅក្នុងស្រុកភូមិនេះ? បាទ។ ក៏មានមកពីឆ្ងាយដែរ ពីខាងឃុំគេផ្សេង ឃុំព្រះដាក់ខ្លះ ខ្លះមកពីស្វាយធំ ខាងប្រាសាទបាគង ក៏វាមកវ៉ៃគ្នានៅទីនេះដែរ។ ប៉ុន្តែមានតែនៅខែចូលឆ្នាំ ភ្ជុំបិណ្ឌ មកច្រើន ហើយថ្ងៃសៅរ៍និងថ្ងៃអាទិត្យក៏មានច្រើនដែរ។ ខ្ញុំមកនេះមិនមែនមកយាមទេ ខ្ញុំគ្រាន់តែមកមើលកូនចៅរបស់ខ្ញុំយាម»។

លោកបន្ថែម៖«ក្មេងវាជួយឡានខូច ឡានបែកកង់ វាជួយយកទៅប៉ះឱ្យ។ ខ្លះក៏គេឱ្យកម្រៃតិចតួច ១ម៉ឺន ឬ២ម៉ឺនរៀល ក៏ចែកគ្នាចាយទៅ។ យើងមិននៅទារគេទេ គេឱ្យក៏យក គេមិនឱ្យក៏ហីទៅ។ តើបើថ្ងៃខ្លះមិនមានភ្ញៀវ ឬភ្ញៀវមិនឱ្យប្រាក់សោះ គាត់មិនអត់ប្រាក់? អត់ក៏អត់ទៅមានអី។ គាត់នឹងមិនមានចំណូលចូលគ្រួសារ តើគ្រួសាររបស់គាត់មានអ្វីទីពឹង? ថ្ងៃក្រោយគេបានខ្លះទៀត មិនអាចអត់រាល់ថ្ងៃទេ ថ្ងៃខ្លះក៏បាន២ពាន់ ៣ពាន់ ៥ពាន់ ១ម៉ឺនរៀល ប៉ុន្តែតាំងពីអាជំងឺនោះ(កូវីដ១៩) មក អត់សូវមានឡានឡើងមក»។

ឈរនៅក្បែរប្រជាការពារភូមិក្រោមបង្គាប់ លោក អៀម ឆម ប្រាប់ថាប្រជាការពារភូមិទាំងអស់ ដែលប្រចាំការនៅតាមបណ្ដោយផ្លូវឡើងទៅភ្នំ សុទ្ធតែមិនមានប្រាក់ខែឡើយ ហើយពួកគាត់សង្ឃឹមតែប្រាក់បានពីទឹកចិត្តភ្ញៀវតែប៉ុណ្ណោះ៖«តើភាគច្រើនខ្មែរយើងឱ្យ ឬជនបរទេសឱ្យ? មានតែខ្មែរយើងទេដែលឱ្យ។ អ្នកខ្លះឃើញយាមបែបនេះ គេដឹងថាពួកគេមិនមានប្រាក់ខែទេ ប៉ុន្តែអ្នកខ្លះអត់ថាអីចុះទេ ឃើញអីចេះគិតថាលុយខែនោះច្រើន។ សម្លៀកបំពាក់នេះទិញខ្លួនឯង ពេលខ្លះបានគេចែកខ្លះ។ នេះជួយភូមិទេណា ជួយស្រុកយើងទេ»។
ប្រជាការពារភូមិ​កំពុង​ឈរ​នៅ​តាម​ផ្លូវ​ឡើង​ទៅ​ភ្នំគូលែន ដើម្បី​ជួយការពារសន្តិសុខភ្ញៀវ

មានដីធ្វើស្រូវ ដាំដំឡូង ដាំចន្ទីបន្តិចបន្តួច អ្នកស្រី ម៉ាល័យ ដែលក្រោកដាំបាយពីព្រឹកទុកឱ្យកូនទាំង៤ទទួលទាន និងយកមកតាមខ្លួនសម្រាប់អាហារថ្ងៃត្រង់ផងនោះ ប្រាប់ពីទឹកចិត្តរបស់ខ្លួនដូច្នេះ៖«ទឹកចិត្តរបស់ខ្ញុំជួយរដ្ឋផង ហើយដូចភ្ញៀវគាត់អធ្យាស្រ័យទៅ ខ្ញុំអាចផ្ដល់ឱ្យកូនបន្តិចៗដែរ។ ជួនកាលក៏បាន១ម៉ឺន៥ពាន់រៀលឬ២ម៉ឺនរៀល។ ក្រៅពីមុខរបរនេះ តើអ្នកស្រីមានមុខរបរបន្ទាប់បន្សំ ឬមានស្រែចម្ការ ខ្លួនឯងទេ? ខ្ញុំមានមុខរបរបន្តិចៗ គ្រាន់តែជាអាជីពប្រចាំថ្ងៃដើម្បីចិញ្ចឹមកូននិងចិញ្ចឹមក្រពះ ប៉ុន្តែកម្លាំងខ្ញុំស្រី វាមិនអាចពេញលេញដូចគេទេ»។

ធ្វើជាប្រជាការពារភូមិស្ម័គ្រចិត្ត ត្បិតមិនទទួលបានប្រាក់ខែពីរដ្ឋក៏ពិតមែន ប៉ុន្តែអ្នកស្ម័គ្រចិត្តទាំងនោះ សប្បាយចិត្ត ព្រោះពួកគេគិតថាខ្លួនបានចូលរួមជួយបម្រើជាតិ។ ប្រាក់ដែលបានពីទឹកចិត្តភ្ញៀវ ជួនបានតិច ជួនបានច្រើន ហើយជួនកាលមិនបានទទួលនោះ អាចថាជាប្រភពចំណូលរបស់អ្នកភូមិរស់នៅលើភ្នំគូលែនដែរ។ អ្នកភូមិរស់នៅលើភ្នំគូលែនមួយចំនួន មានជីវភាពក្រីក្រ ព្រោះមិនមានការងារធ្វើទៀងទាត់ ទទួលបានប្រាក់ចំណូលតិច មិនមានដីធ្វើស្រែចម្ការ៕

 






 



Tag:
 សៀមរាប
  ប្រជាការពារភូមិ
  ភ្នំគូលែន
  មុខរបរ
© រក្សាសិទ្ធិដោយ thmeythmey.com