COVID-19
ជាតិ
អ្នកពាក់ព័ន្ធព្រឹត្តិការណ៍២៨វិច្ឆិកា ចុងក្រោយសះស្បើយ ខណៈពលករពីថៃមាន១ករណីទៀត
11, Jan 2021 , 9:07 am        
រូបភាព
ពលករមកពីថៃធ្វើតេស្តរកកូវីដ១៩។ រូបថត មន្ទីរសុខាភិបាលបាត់ដំបង
ពលករមកពីថៃធ្វើតេស្តរកកូវីដ១៩។ រូបថត មន្ទីរសុខាភិបាលបាត់ដំបង
នាព្រឹកថ្ងៃទី១១មករា ក្រសួងសុខាភិបាលប្រកាសរកឃើញវិជ្ជមានកូវីដ-១៩ មួយករណីលើស្ត្រីខ្មែរជាពលករម្នាក់ទៀត ដែលមានវ័យ២៨ឆ្នាំ ធ្វើដំណើរមកពីប្រទេសថៃ។ ជាមួយគ្នានេះ ក៏មានដំណឹងល្អ ចំពោះស្ត្រីជាពលករ២នាក់ទៀត និងស្ត្រីចុងក្រោយដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍២៨វិច្ឆិកា បានជាសះស្បើយពីជំងឺនេះ ផងដែរ។



ក្រសួងសុខាភិបាល បានបញ្ជាក់ថា ពលករខ្មែរដែលបានឆ្លងកូវីដ-១៩នោះ គឺបានមកដល់កម្ពុជាកាលពីថ្ងៃទី៨មករា ឆ្នាំ២០២១ ហើយមានអាសយដ្ឋាននៅភូមិដំបូកខ្ពស់ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង។

ដោយឡែក មនុស្ស៣នាក់ ដែលបានជាសះស្បើយពីជំងឺកូវីដ-១៩   មានពលករចំនួន២នាក់មកពីថៃ ដោយម្នាក់មានវ័យ២៤ឆ្នាំ និងម្នាក់ទៀតវ័យ២៨ឆ្នាំ។ អ្នកជាសះស្បើយពីកូវីដ-១៩ ទាំងពីរនេះ មានអាសយដ្ឋានរស់នៅភូមិស្វាយធំ ឃុំបឹងរាំង ស្រុក កំរៀង ខេត្តបាត់ដំបង ខណៈ ភរិយារបស់អគ្គនាយកពន្ធនាគារនៃក្រសួងមហាផ្ទៃ ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍២៨វិច្ឆិកា កន្លងមក ក៏បានសះស្បើយពីជំងឺនេះ ផងដែរ។

គិតត្រឹមថ្ងៃទី១១មករា  មានពលករខ្មែរមកពីថៃចំនួន២៧នាក់ហើយ ដែលបានឆ្លងជំងឺកូវីដ-១៩ ដោយក្នុងនោះ មាន១០នាក់ បានជាសះស្បើយ។ គិតជាសរុប កម្ពុជា មានឆ្លងកូវីដ-១៩ ចំនួន៣៩២នាក់។ ក្នុងនោះ មាន៣៧៤ បានជាសះស្បើយ និង១៨នាក់ទៀតកំពុងព្យាបាលនៅតាមមន្ទីរនានា៕


© រក្សាសិទ្ធិដោយ thmeythmey.com