ជាតិ
លោក កែវ អស់ប៉ុន្មានអស់ទៅ ឱ្យតែត្រួយចេក!
× សៀមរាប៖ ភាពចែងចាំងនៃពណ៌ត្រួយចេក ធ្វើឱ្យសាធារណជាច្រើនតែងចោលភ្នែកសម្លឹងមើលទៅកាន់លោក កែវ។ បុរសសម្បុរស្រអែមរូបនេះ លម្អខ្លួន និងចូលចិត្តតុបតែងសម្ភារដោយលេងពណ៌ត្រួយចេក ដ៏ចែងចាំង។ កង់របស់លោក កែវ ក៏លម្អដោយពណ៌នេះដែរ។ មិនខ្វល់ការយល់ឃើញពីអ្នកដទៃ អ្នកសៀមរាបរូបនេះថា ការស្រឡាញ់ពណ៌ស្រស់ៗដូចជាពណ៌ត្រួយចេកជាដើម ដែលពណ៌នេះធ្វើឱ្យលោកមានអារម្មណ៍ស្រស់ស្រាយ។ សម្រាប់លោក កែវ អស់ប៉ុន្មានអស់ទៅ ឱ្យតែបានពណ៌ត្រួយចេក។
«ខ្ញុំចូលចិត្តពណ៌ត្រួយចេក ឱ្យតែសម្ភារពណ៌នេះ គឺចូលចិត្ត»។ នេះជាសំដីរបស់លោក សៀវ សុភ័ក្រ ហៅកែវ ជាឃ្លាផ្តើមនៃបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ។ បុរសវ័យជាង៤០ឆ្នាំរូបនេះ ចាប់ស្រឡាញ់ពណ៌ត្រួយចេក តាំងពីដឹងក្ដីមកម្លេះ ហើយតែងតុបតែងលម្អរាងកាយ ក៏ដូចជាសម្ភារ ជាមួយពណ៌ជាទីស្រឡាញ់នេះ ដោយមិនខ្វល់នឹងសំដីអ្នកដទៃឡើយ។ លោកបន្ថែមថា៖« អារម្មណ៍របស់ខ្ញុំ ពណ៌នេះស្រស់ស្អាត មើលទៅស្រស់ មើលពីចម្ងាយឆាប់ឃើញ»។
លោក កែវ បានទាញការចាប់អារម្មណ៍ពីសាធារណ ពិសេសពលរដ្ឋអ្នកក្រុងសៀមរាប តាមរយៈការតុបតែងកង់មួយគ្រឿងរបស់លោក។ «កង់ទាំងមូល គឺពណ៌ត្រួយចេក។ ខ្ញុំច្នៃកង់បែបនេះ ដោយសារចង់ឱ្យប្លែកខុសពីគេ ចំណូលចិត្តខ្ញុំ ចង់ធ្វើអ៊ីប្លែក»។ លោក កែវ បន្ថែម។ ក្រៅពីកង់ សូម្បីខ្សែក និងចិញ្ចៀន ក៏លោកកែវច្នៃបាញ់ទៅជាពណ៌ត្រួយចេកដែរ។
ជារៀងរាល់ថ្ងៃ លោក កែវ បានជិះកង់ពណ៌ជាទីស្រឡាញ់របស់លោក ហាត់ប្រាណក៏ដូចជាកម្សាន្តនៅតាមប្រាសាទ ពិសេសប្រាសាទបាយ័ន និងអង្គរវត្ត។ ពេលខ្លះ លោកតែងជិះតាមភូមិជិតឆ្ងាយ ហើយវត្តមានកង់របស់លោក តែងធ្វើឱ្យក្មេងៗក៏ដូចជាប្រជាពលរដ្ឋនៅតាមភូមិមានការភ្ញាក់ផ្អើល។ ភ្ញាក់ផ្អើល ព្រោះឃើញពណ៌កង់ រួមនិងសម្លៀកបំពាក់របស់លោក មានពណ៌ស្រស់ឆើតឆាយ ហើយបិទបាំងធម្មជាតិដទៃទៀតនៅជុំវិញនោះ។
«ពណ៌ឆើតជួយបង្កើនសម្រស់យើងតាមនោះដែរ អ្នកធ្លាប់ស្គាល់ គេតែងហៅខ្ញុំថា មនុស្សធ្វើខ្លួនខុសគេ បងប្អូនខ្ញុំខ្លះគាត់ថា ខ្ញុំជាមនុស្សមិនចូលចំណោមគេ...តែខ្ញុំប្រាប់វិញថា ខ្ញុំមិនបានធ្វើឱ្យប៉ះពាល់ដល់គេទេ...ទោះមនុស្សលាននាក់គេថាឱ្យ ហើយមានម្នាក់ពេញចិត្ត ក៏ខ្ញុំអស់ចិត្តដែរ»។ នេះជាការរៀបរាប់របស់លោក កែវ។
ងាកទៅមើលកង់របស់លោក កែវ វិញ លោកបានចំណាយថវិកាទិញនិងតុបតែងអស់ជាង៧០០ដុល្លារ។ កង់នេះ មានលម្អដោយស្នែងក្របី និងតួអក្សរ WC ដែលមានន័យថាបង្គន់។ លោក កែវ យល់ថា បង្គន់មានសារសំខាន់ណាស់សម្រាប់សុខភាពប្រជាពលរដ្ឋ ដូច្នេះលោកចង់ផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋយល់ពីតម្លៃមួយនេះ។
សម្រាប់លោក កែវ កង់នេះមិនសូវថ្លៃប៉ុន្មានទេ បើធៀបនឹងកង់ខ្លះដែលមានតម្លៃខ្ទង់ម៉ឺនដុល្លារ តែលោកថា គេប្រហែលចាប់អារម្មណ៍កង់របស់លោកខ្លាំងជាង។ យ៉ាងណាលោក កែវ ដែលសម្រាកពីការងារបើករថយន្ដដឹកទេសចរ បញ្ជាក់ថា ការធ្វើដូច្នេះគឺលោកមិនមែនធ្វើដើម្បីបំពេញចិត្ត ឬទាញការចាប់អារម្មណ៍ពីអ្នកណាមួយទេ តែលោកធ្វើដើម្បីខ្លួនឯងប៉ុណ្ណោះ៕
Tag:
កង់
យានយន្ត
ត្រួយចេក
កីឡា
សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com