ពីនេះ ពីនោះ
សុខភាព
ជួយ​ចែករំលែក​! ចង់​ទប់ស្កាត់ “​ជំងឺ​រលាក​សន្លាក់​ហ្គោ​ដ​” គួរ​ចៀសវាង​ទទួលទាន​អ្វីខ្លះ​?
11, Jan 2021 , 8:59 pm        
រូបភាព
​រលាក​សន្លាក់​ហ្គោ​ដ (Gout) គឺជា​បញ្ហា​នៃ​ស្ថានភាព​សុខភាព​មួយ​ដែល​បណ្ដាលមកពី​ការកើនឡើង​នូវ​ជាតិ​អាស៊ីត​អ៊ុយ​រិ​ក​ច្រើន​លើស​ក្នុង​ឈាម​ហើយ​មាន​ទំនាក់ទំនង​ទៅនឹង​ការ​រលាក​សន្លាក់​ឆ្អឹងខ្ចី​។ ជាតិ​អាស៊ីត​អ៊ុយ​រិ​ក​ច្រើន​ហួស​អាចបង្កើត​គ្រី​ស្តា​ល់​ដូច​ម្ជុល​នៅក្នុង​សន្លាក់​ដែល​បង្កឱ្យមាន​ការ​ហើម ឡើង​ក្រហម និង​ឈឺចាប់​ក្នុង​សន្លាក់​។ របប​អាហារ​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ព្យា​ល​និង​ទប់ស្កាត់​បញ្ហា​នៃ​ជំងឺ​រលាក​សន្លាក់​ហ្គោ​ដ (gout) ដែលជា​ទម្រង់​មួយ​នៃ​ជំងឺ​រលាក​សន្លាក់ឆ្អឹង​។ ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​អាហារ ព្រមទាំង​ភេសជ្ជៈ​ដែល​គួរ​ចៀសវាង​ប្រសិនបើ​ចង់​ទប់ស្កាត់​ជំងឺ​ជំងឺ​សន្លាក់​ហោ្គ​ដ ឬ​បញ្ហា​អាស៊ីត​អ៊ុយ​រិ​ក​ឡើង​ខ្ពស់ ៖

 
១. គ្រឿង​ស្រវឹង​
 
​មួយ​ក្នុងចំណោម​អាហារ​និង​ភេសជ្ជៈ​ផ្សេងៗ​ដែល​អ្នក​គួរ​កម្រិត ឬ​បញ្ឈប់​ការ​ទទួលទាន​តែម្ដង​ដើម្បី​ទប់ស្កាត់​ជំងឺ​រលាក​សន្លាក់​ហ្គោ​ដ​នោះ គឺ​គ្រឿង​ស្រវឹង​។ ការទទួល​ទាន​គ្រឿង​ស្រវឹង​ញឹកញាប់​លើស​កម្រិត​អាច​បង្កើន​ហានិភ័យ​នៃ​បញ្ហា​រលាក​សន្លាក់​ហ្គោ​ដ​គួរឱ្យ​បារម្ភ​។ នេះ​ក៏​ព្រោះតែ​ជាតិ​អាល់កុល​អាច​បង្កើន​កម្រិត​នៃ​អាស៊ីត​អ៊ុយ​រិ​ក​។​
 
២. អាហារ​មាន​ផ្ទុក​សារធាតុ purines
 
​ការទទួល​ទាន​អាហារ​សម្បូរ​ទៅដោយ​សារធាតុ purines ដូចជា​សាច់​ក្រហម និង​គ្រឿង​សមុទ្រ​លើស​កម្រិត​ក៏​អាច​បង្ក​រោគសញ្ញា​នៃ​ជំងឺ​រលាក​សន្លាក់​ហ្គោ​ដ​ផងដែរ​។ នេះ​ក៏​ព្រោះតែ​បំរែបំរួល​សារធាតុ purines ទៅជា​អាស៊ីត​អ៊ុយ​រិ​ក​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ ចូរ​កម្រិត​ការទទួល​ទាន​សាច់​និង​ប្រភេទ​នៃ​អាហារ​សមុទ្រ​មួយចំនួន​ដែលមាន​ផ្ទុក​សារធាតុ purines​។ គួរបញ្ជាក់​ផងដែរ​ថា អាហារ​សមុទ្រ​ខ្លះ​មាន​ផ្ទុក​ជាតិ purine ខ្ពស់ជាង​ផ្សេងទៀត​។ ប្រភេទ​នៃ​អាហារ​សមុទ្រ​ដែល​អ្នកជំងឺ​រលាក​សន្លាក់​ហ្គោ​ដ​គួរ​ជៀស​ឲ្យ​ផុត​នោះ​មានដូចជា ត្រី codfish ត្រី anchovies ត្រី herring ត្រី​សា​ឌី​ន ពងត្រី និង​ត្រី trout​។ អ្នកជំងឺ​រលាក​សន្លាក់​ហ្គោ​ដ​អាច​ទទួលទាន​អាហារ​សមុទ្រ​ដូចជា​ក្ដាម អយ​ស្ទ័​រ បង្កង បង្គា​បាន​ប៉ុន្តែ​មាន​កម្រិត​មិនគួរ​ទទួលទាន​ច្រើនពេក​ទេ ក៏​ព្រោះ​អាហារ​ទាំងនេះ​ក៏មាន​ផ្ទុក​ជាតិ purine ដែរ​គ្រាន់តែ​តិច​។​
 
៣. សាច់​គ្រឿងក្នុង​
 
​សាច់​គ្រឿងក្នុង​ក៏មាន​ផ្ទុក​បរិ​មាណនៃ​សារធាតុ purines ខ្ពស់​ផងដែរ​។ ប្រសិនបើ​អ្នក​កំពុង​ជួបប្រទះ​បញ្ហា​នៃ​ជំងឺ​រលាក​សន្លាក់​ហ្គោ​ដ​នោះ ចូរ​ចៀសវាង​ទទួលទាន​ថ្លើម បេះដូង ខួរ ក្រលៀន និង​ពោះវៀន​។​
 
៤. ភេសជ្ជៈ​និង​អាហារ​មាន​ផ្ទុក​ជាតិ​ស្ករ​ខ្ពស់​
 
​របប​អាហារ​ដែលមាន​ផ្ទុក​ជាតិ​ស្ករ​ខ្ពស់​អាច​ជះ​ផលប៉ះពាល់​ដល់​ជំងឺ​រលាក​សន្លាក់​ហ្គោ​ដ​គួរឱ្យកត់សម្គាល់​។ ជាតិ​ស្ករ fructose និង​គ្លុយកូស​ខ្ពស់​អាច​ជះឥទ្ធិពល​ដល់​ថ្លើម ហើយ​ការ​ទទួលទាន​អាហារ ឬ​ភេសជ្ជៈ​មាន​ផ្ទុក​ជាតិ​ស្ករ Fructose ខ្ពស់​ផ្សារភ្ជាប់​នឹង​បញ្ហា​នៃ​ជំងឺ​រលាក​សន្លាក់​ហ្គោ​ដ​។​
 
​សម្គាល់​! មូលហេតុ​ដែល​បង្ក​ជំងឺ​រលាក​សន្លាក់​ហ្គោ​ដ គឺ​មិនមែន​គ្រាន់តែ​ការទទួល​ទាន​ខុស ឬ​របប​អាហារ​ប៉ុណ្ណោះ​ទេ​។ ខណៈដែល​វា​ពិតជា​សំខាន់​ក្នុងការ​រក្សាបាន​នូវ​របប​អាហារ​ត្រឹមត្រូវ​មួយ​ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​រលាក​សន្លាក់​ហ្គោ​ដ​មិនឱ្យ​កើតមានឡើង ឬ​ធ្វើទុក្ខ ប៉ុន្តែ​កត្តា​ផ្សេងទៀត​ដូចជា​កង្វះ​សកម្មភាព​រាងកាយ​ដោយ​មិន​ធ្វើ​លំ​ហាត់ប្រាណ ការ​គេង​មិន​ដកដង្ហើម (sleep apnea) និង​ប្រវត្តិ​គ្រួសារ ឬ​តំណរ​ពូជ​ក៏​អាច​បង្កបញ្ហា​នេះ​ផងដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com