ជាតិ
សេដ្ឋកិច្ច
សមាគមវារីវប្បករកម្ពុជា ស្នើអាជ្ញាធរអនុវត្តការផ្អាកនាំត្រីពីវៀតណាម ឱ្យមានប្រសិទ្ធភាព លោក សុខ រ៉ាដែន ប្រធានសមាគមវារីវប្បករកម្ពុជា។
× ក្រសួងកសិកម្មបានដាក់ចេញវិធានការផ្អាកនាំចូលត្រីពីប្រទេសវៀតណាម ជាបណ្តោះអាសន្ន ដើម្បីជួយដោះស្រាយបញ្ហាប្រឈមទីផ្សារផលិផលវារីវប្បករ នាពេលបច្ចុប្បន្ន។ ត្រី ដែលក្រសួងកសិកម្មសម្រេចឱ្យឈ្មួញផ្អាកនាំចូលពីវៀតណាម មានត្រីប្រា ត្រីពោ ត្រីអណ្តែង និងត្រីឆ្តោជាដើម។ សមាគមវារីវប្បករកម្ពុជា បានស្នើដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ អនុវត្តការផ្អាកនាំចូលត្រីចូលពីវៀតណាមឱ្យមានប្រសិទ្ធភាព ខណៈឈ្មួញនៅតែបន្តលួចនាំចូលត្រីប្រភេទទាំងនេះ ។
ប្រធានសមាគមវារីវប្បករកម្ពុជា លោក សុខ រ៉ាដែន បានបញ្ជាក់ថា ឈ្មួញខ្លះ បានយល់ព្រមអនុវត្តតាមសំណើររបស់ក្រសួងកសិកម្មហើយ ប៉ុន្តែពួកគេមិនសូវសប្បាយចិត្តក្នុងការទិញត្រីរបស់វារីវប្បករទេ ក្រោមហេតុផលត្រីគ្មានស្តង់ដារ និងគុណភាពសម្រាប់ដាក់លក់លើទីផ្សារ។ លោក សុខ រ៉ាដែន បានសង្កត់ធ្ងន់ថា បច្ចុប្បន្នវារីវប្បករកំពុងរងការទម្លាក់តម្លៃត្រី និងគ្មានការបញ្ជាទិញពីឈ្មួញ ស្របពេលសកម្មភាពផ្អាកការនាំចូលត្រីពីវៀតណាម មិនទាន់អនុវត្តឱ្យមានប្រសិទ្ធនៅឡើយ។
បើតាមលោក រ៉ាដែន សព្វថ្ងៃឈ្មួញខ្លះនៅតែបន្តសកម្មភាពនាំចូលត្រីពីវៀតណាម តាមច្រកព្រំដែនកម្ពុជា-វៀតណាម(ជ្រៃធំ) ដោយធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ២១ខេត្តកណ្តល ចូលរាជធានីភ្នំពេញ។ លោក សុខ រ៉ាដែន ដែលបានដឹងព័ត៌មាននេះ ស្នើឱ្យអាជ្ញាធរពាក់ព័ន្ធ អនុវត្តវិធានការផ្អាកនាំត្រីចូលឱ្យបានតឹងរឹង និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីជួយដោះស្រាយបញ្ហាប្រឈមទីផ្សារផលិផលវារីវប្បករនានានៅក្នុងស្រុក។
លោក សុខ រ៉ាដែន ប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទនាព្រឹកថ្ងៃទី១១មករា យ៉ាងដូច្នេះ៖«ព្រោះការចិញ្ចឹមត្រី ពីមួយថ្ងៃទីមួយថ្ងៃ គឺយើងដាក់ចំណីរហូត។ ហើយទឹកក្នុងស្រះកាន់តែរាំង ព្រោះតែរដូវរីងស្ងួត[រដូវប្រាំង] បានចូលមកដល់ ដែលធ្វើឱ្យប្រឈមខាតបង់យ៉ាងខ្លាំងដល់វារីវប្បករយើង»។
សារព័ត៌មានថ្មីៗមិនទាន់អាចសុំការឆ្លើយតបពីលោកសំណាក់ លោក អេង ជាសាន ប្រធានរដ្ឋបាលជលផលនិងជាអនុប្រធានគណៈកម្មការជំរុញវារីវប្បកម្មកម្ពុជានៃក្រសួងកសិកម្ម ជុំវិញសំណើររបស់សមាគមវារីវប្បកម្ពុជាបានឡើយ ដោយទូរសព្ទហៅចូល ប៉ុន្តែគ្មានអ្នកទទួល។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម កាលពីថ្ងៃទទី៨មករា ឆ្នាំ២០២១ មានតំណាងអាជីវករនាំចេញ-នាំចូលផលិតផលជលផល បានយល់ព្រមផ្អាកការនាំចូលប្រភេទត្រីប្រា ត្រីពោ ត្រីអណ្តែង និងត្រីឆ្តោ ព្រមទាំងត្រីប្រភេទត្រីមួយចំនួនទៀត ដែលវារីវប្បករផលិតបាន។ លើសពីការនេះ តំណាងអាជីវករនាំចេញ នាំចូលត្រីទាំងនោះ បានឯកភាពក្នុងការបង្កើតនូវសមាគម និងបណ្តុំអ្នកប្រមូលទិញផល និងជលផល ក្នុងស្រុកនៅតាមតំបន់ ដើម្បីប្រមូលទិញផលត្រី ដែលផលិតផលនៅក្នុងស្រុក។
កាលឆ្នាំ២០១៩ កម្ពុជានាំចូលត្រីសរុបជាង១,២ម៉ឺនតោន និងរយៈពេលជិតមួយឆ្នាំ២០២០(គិតត្រឹមថ្ងៃទី២៥ធ្នូ) កម្ពុជាបាននាំចូលត្រីជាង១,៧ម៉ឺនតោន៕
Tag:
ត្រី
វារីវប្បករ
លោក សុខ រ៉ាដែន
© រក្សាសិទ្ធិដោយ thmeythmey.com