កីឡាជាតិ
ជាតិ
អ្នកអង្គម្ចាស់ នរោត្តម ជេន​ណា ត្រូវបានតែងតាំង​ជា​ទូត​សុច្ឆន្ទៈ​សហព័ន្ធ​កីឡា​រាំ​កម្ពុជា​
11, Jan 2021 , 9:19 pm        
រូបភាព
អ្នកអង្គម្ចាស់ នរោត្តម ជេនណា ទទួលលិខិតថ្លែងអំណរគុណពីលោកស្រី ញ៉ែម មរកត ប្រធានសហព័ន្ធកីឡារាំកម្ពុជា
អ្នកអង្គម្ចាស់ នរោត្តម ជេនណា ទទួលលិខិតថ្លែងអំណរគុណពីលោកស្រី ញ៉ែម មរកត ប្រធានសហព័ន្ធកីឡារាំកម្ពុជា
ដោយ:
​អ្នកអង្គម្ចាស់ នរោត្តម ជេន​ណា ត្រូវបានតែងតាំង​ឲ្យ​ធ្វើជា​ទូត​សុច្ឆន្ទៈ​របស់​សហព័ន្ធ​កីឡា​រាំ​កម្ពុជា​។ ព្រះ​នាង សម្តែង​ព្រះរាជ​ហ​ឬ​ទ័យ​សប្បាយរីករាយ​យ៉ាងខ្លាំង ដែល​បាន​ក្លាយជា​ផ្នែក​មួយ​របស់​សហព័ន្ធ ហើយ​ប្តេជ្ញា​ថា ព្រះ​នាង នឹងចូលរួម​ជាមួយសកម្មភាព​ផ្សព្វផ្សាយ​ទាំងឡាយ​របស់​សហព័ន្ធ​តាម​លទ្ធភាព ដែល​អាច​ធ្វើបាន​។

 
​ដោយ​សព្វ​ព្រះរាជ​ហ​ឬ​ទ័យ​ជាមួយ​វិស័យ​កីឡា​រាំ អ្នកអង្គម្ចាស់​តូច នរោត្តម ជេន​ណា បុត្រី​របស់​អ្នកអង្គម្ចាស់ នរោត្តម បុប្ផា​រី និង​ជា​ព្រះរាជ​នត្តា​របស់​សម្តេច​ព្រះ​មហិស្សរា នរោត្តម ចក្រពង្ស បាន​ឯកភាព​តាម​សំណើរ​របស់​សហព័ន្ធ​កីឡា​រាំ​កម្ពុជា ដែល​ស្នើសុំ​ឲ្យ​ព្រះ​នាង​ធ្វើជា​ទូត​សុច្ឆន្ទៈ ដើម្បី​ជួយ​ផ្សព្វផ្សាយ​និង​អភិវឌ្ឍន៍​កីឡា​រាំ​កម្ពុជា​។ 
 
​នា​ពិធី​បិទ​ការប្រកួត​កីឡា​រាំ​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០២០ កាលពី​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០២១ អ្នកអង្គម្ចាស់ នរោត្តម ជេន​ណា មាន​ព្រះរាជបន្ទូល​យ៉ាង​ដូច្នេះ​ថា​៖«​ពី​ពេលនេះ​តទៅ​ខ្ញុំ​(​ព្រះ​នាង​តូច នរោត្តម ជេន​ណា​) នឹង​ក្លាយជា​ទូត​សុច្ឆន្ទៈ​របស់​សហព័ន្ធ​កីឡា​រាំ​កម្ពុជា​។ ខ្ញុំ​នឹង​ជួយ​រាល់​សកម្មភាព​ទាំងឡាយ ដែល​ខ្ញុំ​អាចធ្វើ​បាន ដើម្បី​ឲ្យ​សហព័ន្ធ​មួយ​នេះ​មាន​ភាពល្បីល្បាញ​បន្ថែមទៀត​»​។​
 
​ការសម្រេច​ព្រះរាជ​ហ​ឬ​ទ័យ​បែបនេះ​របស់​អ្នកអង្គម្ចាស់ នរោត្តម ជេន​ណា ធ្វើឡើង​ក្រោយ​សហព័ន្ធ​កីឡា​រាំ​កម្ពុជា​បានដាក់​សំណើរ​ថ្វាយ​សម្តេចព្រះ​ម​ហិ​ស្សរា នរោត្តម ចក្រពង្ស ដើម្បី​សុំ​អ្នកអង្គម្ចាស់​តូច ឲ្យ​ធ្វើជា​ទូត​សុច្ឆន្ទៈ​របស់​សហព័ន្ធ​។ ជា​ឆ្លើយ​តាម​សម្តេច នរោត្តម ចក្រពង្ស បាន​ឡាយព្រះហស្តលេខា​ឯកភាព​តាម​សំណើរ​របស់​សហព័ន្ធ​។ 


អ្នកអង្គម្ចាស់ នរោត្តម ជេនណា ថតរូបជុំគ្នាជាមួយថ្នាក់ដឹកនាំ និងកីឡាករកីឡាការិនីរាំ ក្រោយចប់ការប្រកួត 

​អ្នកអង្គម្ចាស់ ជេន​ណា មាន​ព្រះរាជបន្ទូល​ថា ព្រះ​នាង​មាន​រាជ​ហ​ឬ​ទ័យ​សប្បាយរីករាយ​យ៉ាងខ្លាំង ដែល​បាន​ក្លាយជា​ចំណែក​មួយ​ក្នុង​ការជួយ​ផ្សព្វផ្សាយ ដើម្បី​អភិវឌ្ឍន៍​វិស័យ​កីឡា​រាំ​កម្ពុជា ឲ្យ​កាន់តែ​មាន​ភាព​រីកចម្រើន​។ អ្នកអង្គម្ចាស់​មានបន្ទូល​បន្ថែមថា​៖«​ក្នុងនាម​ខ្ញុំ​ផ្ទាល់​សូម​ចូលរួម​គាំទ្រ​រាល់​សកម្មភាព​កីឡា ដើម្បី​មោទកភាព​ជាតិ​។ ជាពិសេស​កីឡា​រាំ ដើម្បី​ជាការ​លើកកម្ពស់​កីឡា​នេះ​ឲ្យ​មានការ​រីកចម្រើន​លូតលាស់ ដូច​បណ្តា​ប្រទេស​ជឿនលឿន​លើ​សកលលោក​»​។ 
 
​បន្ថែម​លើ​ការចូលរួម​ធ្វើជា​អធិបតី​ក្នុង​ពិធី​បិទ​ការប្រកួត​កីឡា​រាំ​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០២០ តំណាង​សម្តេចព្រះ​ម​និ​ស្សរា នរោត្តម ចក្រពង្ស អ្នកអង្គម្ចាស់ នរោត្តម ជេន​ណា បាន​សព្វ​ព្រះ​ហ​ឬ​ទ័យ​ផ្តល់​ព្រះរាជ​កិត្តិយស​បំពាក់​មេដាយ និង​ផ្តល់​ប្រាក់រង្វាន់​លើកទឹកចិត្ត​ដល់​ម្ចាស់​ជ័យលាភី​ទៀតផង​។ 
 
​ជាមួយគ្នានេះ សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ បាន​សព្វព្រះរាជហឫទ័យ​ប្រោស​ព្រះរាជទាន​ថវិកា​ចំនួន​២​ពាន់​ដុល្លារ ដើម្បី​ឧបត្ថម្ភ​ដល់​ដំណើរ​ការរៀបចំ​ការប្រកួត​កីឡា​រាំ​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០២០ ផងដែរ​៕ 
 
 

Tag:
 រាំ​
  នរោត្តម ជេន​ណា​
  ជើងឯក​ថ្នាក់ជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com