កីឡាអន្តរជាតិ
អន្តរជាតិ
Real Madrid រក​ចំណូល​ច្រើនជាងគេ ៨៣២​លាន​ដុល្លារ អំឡុង COVID-19 ឆ្នាំមុន​
11, Jan 2021 , 3:17 pm        
រូបភាព
​​ក្លិប Real Madrid នៅតែ​ទទួលបាន​ប្រាក់ចំណូល​ខ្ពស់​ជាងគេ​ជា​កំណត់ត្រា​ចំនួន ៦៨១,២ លាន​អឺរ៉ូ (៨៣២ លាន​ដុល្លារ​អាមេរិក​) ក្នុង​រដូវ​កាល ២០១៩-២០ ទោះ​មាន​វិបត្តិ COVID-19 ក្តី​។ នេះ​បើតាម​ការសិក្សា​របស់​ក្រុមហ៊ុន​សវនកម្ម KPMG ដែល​បានចេញ​ផ្សាយ​នៅ​ថ្ងៃទី​១០ មករា ឆ្នាំ​២០២១​។​


​ប្រាក់ចំណូល​របស់​ក្រុម​ការពារ​ជើងឯក​លី​គ​កំពូល​អេ​ស្ប៉ា​ញ La Liga មាន​ចំនួន​ខ្ពស់បំផុត​ក្នុងចំណោម​ក្រុម​ដែល​ឈ្នះ​ពានរង្វាន់​លី​គ​កំពូល​ក្នុងស្រុក​ធំៗ​ទាំង​៦​របស់​អឺរ៉ុប​កាលពី​រដូវ​កាល​មុន​។​
 
​បើតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ក្រុមហ៊ុន​សវនកម្ម​ដែលមាន​ទីស្នាក់ការ​ធំ​នៅ​អង់គ្លេស KPMG បង្ហាញ​ដែរ​ថា​ម្ចាស់​ជើងឯក​ក្របខណ្ឌ Bundesliga របស់​អាល្លឺម៉ង់ Bayern Munich រកបាន​ប្រាក់ចំណូល​ខ្ពស់​លំដាប់​ទី​២​ចំនួន ៦០៧.២ លាន​អឺរ៉ូ (៧៣៩​លាន​ដុល្លារ​) បន្ទាប់មក Liverpool ម្ចាស់​ជើងឯក Premier League ៥៥៧ លាន​អឺរ៉ូ (៦៧៨​លាន​ដុល្លារ​) និង Paris St Germain របស់ Ligue 1 ៥៤០,៦ លាន​អឺរ៉ូ (៦៥៧​លាន​ដុល្លារ​) ។​
 
​ក្រុម​សេះបង្កង់ Juventus នៃ​លី​គ​អ៊ីតាលី Serie A នៅ​ចំណាត់ថ្នាក់​ទី​៥ ដែលមាន​ប្រាក់ចំណូល​សរុប ៤០១.៤ លាន​អឺរ៉ូ (៤៨៨​លាន​ដុល្លារ​) និង FC Porto ជើងឯក​លី​គ​ព័រ​ទុយ​ហ្គា​ល់ Primeira Liga ដែល​ទទួលបាន​ប្រាក់ចំណូល​ទាប​បំផុត​ចំណោម​លី​គ​ទាំង​៦ ក្នុង​ចំនួន ៨៧,៣ លាន​អឺរ៉ូ (១០៦.២៩​លាន​ដុល្លារ​)​។​
 
​យ៉ាងណាក៏ដោយ ការសិក្សា​របស់ KPMG បាន​បង្ហាញថា ក្នុងអំឡុង​ជំងឺ​រាតត្បាត COVID-19 ម្ចាស់​ជើងឯក​ទាំង​៦​របស់​អឺរ៉ុប ទទួលរង​ការធ្លាក់ចុះ​ប្រាក់ចំណូល​ដ៏​ច្រើន ដែល​ធ្វើ​ឲ្យ​ក្លិប​ខ្លះ​រង​វិបត្តិ​ហិរញ្ញវត្ថុ​ផង​។​
 
COVID-19 បានធ្វើ​ឲ្យ​ប៉ះបាល់​ដល់​គ្រប់​វិស័យ​កីឡា​នៅ​ជុំវិញ​ពិភពលោក​។ ដោយឡែក កីឡាបាល់ទាត់​ត្រូវបាន​ពន្យារពេល​ត្រូវបាន​ផ្អាក​កាលពី​ខែមីនា និង​អនុញ្ញាត​ឲ្យ​បន្ត​ការប្រកួត​វិញ​ប៉ុន្តែ​ក្នុង​លក្ខខណ្ឌ​បិទ​កីឡដ្ឋាន ដែល​នេះ​ធ្វើ​ឲ្យ​ក្លិប​តូចធំ​រង​ផលប៉ះពាល់​៕ 

Tag:
 Real Madrid
  KPMG
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com