អន្តរជាតិ
លោក គីម ជុង​អ៊ុន ស្នង​តំណែង​ជា​អគ្គលេខាធិការ​បក្ស​ពលករ​បន្ត​ពី​ខ្មោច​ឪពុក
11, Jan 2021 , 9:39 pm        
រូបភាព
មេដឹកនាំកំពូលកូរ៉េខាងជើង គីម ជុងអ៊ុន ។ រូបភាព KCNA
មេដឹកនាំកំពូលកូរ៉េខាងជើង គីម ជុងអ៊ុន ។ រូបភាព KCNA
​មេដឹកនាំ​កូរ៉េ​ខាង​លោក គីម ជុង​អ៊ុន នៅ​ថ្ងៃទី​១០ ខែមករា ត្រូវបាន​បោះឆ្នោត​ឲ្យ​កាន់តំណែង​អគ្គលេខាធិការ​បក្ស​ពលករ ដែល​កាន់កាប់​ដោយ​លោក គីម ជុងអ៊ីល រហូតមក​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងជើង KCNA នៅ​ថ្ងៃទី​១១ ខែមករា​។ ការកាន់កាប់ តំណែង​ឪពុក​របស់ខ្លួន​នេះ ត្រូវគេ​មើលឃើញថា ជាការ​ប្រមូលផ្ដុំ​អំណាច​កាន់តែ​ពេញដៃ​សម្រាប់​មេដឹកនាំ​កូរ៉េខាងជើង​ត្រកូល គីម ជំនាន់​ទី​បី​រូបនេះ​។​

 
 
​សមាជ​បក្ស​ពលករ​កូរ៉េខាងជើង​លើក​ទី​៨ នៅតែ​បន្ត​កិច្ចប្រជុំ​របស់ខ្លួន នៅ​ថ្ងៃទី​១០ ខែមករា​។ ក្នុង​សមាជ​បក្ស​ដ៏​ធំ​នេះ លោក គីម ជុង​អ៊ុន មេដឹកនាំ​កូរ៉េខាងជើង ត្រូវបាន​បក្ស​ពលករ បោះឆ្នោត​ឲ្យ​កាន់តំណែង​អគ្គលេខាធិការ​បក្ស​។ ក្នុងការ​តែងតាំង​នេះ សមាជ​បក្ស បាន​បោះឆ្នោត​ជា​ឯក​ច្ឆ​ន និង​ហៅ​តំណែង​នេះ​ថា «​ប្រមុខ​បដិវត្ត និង​ជា​ស្នូល​នៃ​ម​គ្គុ​ទេសន៍ និង​ការបង្រួបបង្រួម​»​។ 
 
​ការ​ឡើងជា​អគ្គលេខាធិការ​នេះ ជាការ​ស្នង​តំណែង​ចាស់​របស់លោក គីម ជុងអ៊ីល ដែលជា​ឪពុក​។ ក្រោយ​ឡើងកាន់តំណែង​នៅ​ឆ្នាំ​២០១១ លោក គីម  កាន់តំណែង​ជា​លេខាធិការ​បក្ស​ទី​១ នៃ​បក្ស​ពលករ ខណៈពេល លោក គីម ជុងអ៊ីល ដែល​បានទទួល​មរណភាព ត្រូវបានតែងតាំង​ជា អគ្គលេខាធិការ​បក្ស​អមតៈ កាលពី​ឆ្នាំ​២០១២ ។ លោក គីម អ៊ី​ល​ស៊ុ​ង ដែលជា​ជីតា​លោក គីម ជា​ប្រធានាធិបតី​អមតៈ​របស់​កូរ៉េខាងជើង​។ 
 
​ការតែងតាំង​លោក​គីម ជា​អគ្គលេខាធិការ​បក្ស​បែបនេះ ធ្វើឡើង​បន្ទាប់ពី​កូរ៉េខាងជើង ត្រឡប់​ទៅរក​ប្រព័ន្ធ​លេខាធិការ​ឡើងវិញ​។ ប្រព័ន្ធ​លេខាធិការ​នេះ ត្រូវបាន​លុបចោល ក្នុង​សមាជ​បក្ស​ពលករ​លើក​ទី​៧ ក្នុង​ឆ្នាំ​២០១៦ កន្លងទៅ ដោយ​លោក គីម ឡើងជា​ប្រធាន​បក្ស​។ ជាមួយ​ប្រព័ន្ធ​ថ្មី​នេះ ប្រធាន​បក្ស និង​អនុប្រធាន​បក្ស​ពលករ ត្រូវ​ប្តូរ​ជា​អគ្គលេខាធិការ​បក្ស និង​លេខាធិការ​តាម​ផ្នែក​របស់​បក្ស​ពលករ​ជំនួស​វិញ​។ 
 
​ក្រៅពី​កាន់តំណែង​ជា​អគ្គលេខាធិការ​បក្ស លោក គីម នៅមាន​តំណែង​កំពូលៗ​ផ្សេងទៀត ដូចជា ប្រធាន​គណៈកម្មការ​កិច្ចការរដ្ឋ​, មេបញ្ជាការ​កំពូល​នៃ​កងទ័ព​ប្រជាជន​កូរ៉េខាងជើង​, តំណាង​កំពូល​របស់​ប្រជាជន​កូរ៉េខាងជើង និង​ថ្នាក់ដឹកនាំ​កំពូល​នៃ​សាធារណរដ្ឋ​។ 
 
​ខណៈ​លោក គីម បាន​តំណែង​ថ្មី ប្អូនស្រី​របស់លោក គីម យ៉ូ​ចុង បែរជា​ថយ​តំណែង​វិញ​។ លោកស្រី គីម យូ​ជុង មិន​ឈ្មោះ​ក្នុង​បញ្ជី​នៃ​សមាជិក​មិន​ពេញសិទ្ធិ​របស់​កា​រិ​ល័យ​នយោបាយ​ន​គណៈ​មជ្ឈិមបក្ស​ឡើយ​។ ប៉ុន្តែ​មាន​ពាក្យ​លេចឡើង​ថា លោកស្រី​អាច​កាន់តំណែង​សំខាន់​មួយ​នៅក្នុង​កិច្ចការ​អន្តរ​កូរ៉េ និង​បញ្ហាសំខាន់​ផ្សេងទៀត​។ 
 
​អ្វី​គួរកត់សម្គាល់​នោះ លោក Jo Yong-won ដែលជា​មនុស្ស​ជំនិត​ម្នា​ក់លោក គីម បែរជា​ឡើង​តំណែង​កាន់តែ​ខ្ពស់​។ លោក​ត្រូវបានតែងតាំង​ជា​សមាជិក​គណៈអចិន្ត្រៃយ៍​នៃ​ការិយាល័យ​នយោបាយ​បក្ស​ពលករ​កូរ៉េ​។ គណៈអចិន្ត្រៃយ៍​នេះ មាន​សមាជិក​តែ​ចំនួន ៥​នាក់​ប៉ុណ្ណោះ ក្នុងនោះ​មាន​លោក គីម ម្នាក់​ដែរ​។ លោក Jo ទំនងជា​ជំនួស​លោក Pak Pong-ju ដែល​ត្រូវបាន​ដក​ចេញពី​តំណែង​នានា​ក្នុង​បក្ស ខណៈ​មាន​វ័យ​ចំណាស់​ទៅហើយ​៕

Tag:
 កូរ៉េខាងជើង​
  គីម ជុង​អ៊ុន
© រក្សាសិទ្ធិដោយ thmeythmey.com