ខ្សែការពារ Paddy Barrett រំពឹង​បទពិសោធ​ខ្លួន​នៅ​អឺរ៉ុប ជួយ​ព្រះខ័ន​រាជ​ស្វាយរៀង​កាន់តែ​ប្រសើរ​
កីឡាជាតិ
ជាតិ
ខ្សែការពារ Paddy Barrett រំពឹង​បទពិសោធ​ខ្លួន​នៅ​អឺរ៉ុប ជួយ​ព្រះខ័ន​រាជ​ស្វាយរៀង​កាន់តែ​ប្រសើរ​
11, Jan 2021 , 10:39 pm        
រូបភាព
​ក្លិប​បាល់ទាត់​ព្រះខ័ន​រាជ​ស្វាយរៀង កាលពី​ចុង​សប្តាហ៍​មុន បានបង្ហាញ​មុខ​ខ្សែការពារ​បរទេស​ចំណូល​ថ្មី ដែល​ធ្លាប់​លេង​ឲ្យ​ក្លិប​ក្នុង​ក្របខណ្ឌ EUFA Europa Champion League​។ ម្ចាស់​អាវ​លេខ​២៩ Paddy Barrett នឹង​យក​បទ​ខ្លួន​ធ្លាប់​លេង​នៅ​អឺរ៉ុប មកជួយ​ពង្រឹង​តំបន់​ការពារ​របស់​ក្លិប ក៏ដូចជា​ចែករំលែក​ដល់​កីឡាករ​វ័យក្មេង​នៅក្នុង​ក្រុម​។

 
​ខ្សែការពារ Paddy Barrett អះអាងថា រូបគេ​នឹង​យក​បទពិសោធន៍ ដែល​ខ្លួន​ធ្លាប់​លេង​ឲ្យ​ក្លិប​ជាច្រើន​នៅ​តំបន់​អឺរ៉ុប មកជួយ​ពង្រឹង​តំបន់​ការពារ​របស់​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង ក៏ដូចជា​ចែករំលែក​ដល់​កីឡាករ​វ័យក្មេង​ក្នុង​ក្លិប​នេះ​។ កីឡាករ​ចំណូល​ថ្មី​វ័យ​២៧​ឆ្នាំ​រូបនេះ រំពឹងថា វត្តមាន​របស់ខ្លួន​នឹង​អាចរួមចំណែក​ច្រើន​ក្នុង​ការជួយ​ឲ្យ​ក្លិប​នេះ កាន់តែ​ល្អប្រសើរ​ថែមទៀត​។ 
 
​ម្ចាស់​អាវ​លេខ​២៩​រូបនេះ បាន​រៀបរាប់​ពីបទ​ពិសោធ ដែល​ខ្លួន​ធ្លាប់​លេង​កន្លងមក​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​មាន​បទពិសោធ​ជាច្រើន ហើយ​ខ្ញុំ​នៅ​ក្មេង​នៅឡើយ​។ ខ្ញុំ​បាន​លេង​នៅ​ជុំវិញ​ទ្វីបអឺរ៉ុប ពេលវេលា​ទាំងនោះ គឺ​អស្ចារ្យ ដោយ​ខ្ញុំ​បាន​លេង​ជាមួយ​ក្រុម​កំពូលៗ​ជាច្រើន​នៅលើ​ពិភពលោក​។ ខ្ញុំ​នឹង​យក​បទពិសោធ ដែល​ទទួលបាន​នៅ​ទីនោះ មក​ទីនេះ​(​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​)»​។​


 
​ក្រោយ​បាន​ចូល​ហ្វឹកហាត់​ថ្ងៃ​ដំបូង​ជាមួយ​ក្រុម Paddy បាន​សរសើរ​ពី​សមត្ថភាព​របស់​មិត្ត​រួម​ក្រុម និង​សង្កេតឃើញថា ពួកគេ​សុទ្ធសឹង​ជា​កីឡាករ​មាន​សមត្ថភាព និង​បច្ចេកទេស​ល្អ​។ តែ​យ៉ាងណា រូបគេ​អះអាងថា ខ្លួន​មិនទាន់​អាច​សម្រប​ខ្លួន​ជាមួយ​ក្រុម​បាន​នៅឡើយ​ទេ ជាពិសេស​ភាពខុសគ្នា​នៃ​ពេលវេលា និង​អាកាសធាតុ​។ 
 
​ទោះបី​យ៉ាងនេះ​ក្តី Paddy រំពឹងថា ខ្លួន​នឹង​អាច​សម្រប​ខ្លួន​ជាមួយ​ក្រុម​បាន​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​។ ជាមួយគ្នានេះ រូបគេ​បានបង្ហាញ​ជំនឿ​ចិត្ត​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​នឹង​អាចជួយ​ក្រុម​បាន​ច្រើន តាមរយៈ​បទពិសោធ​កន្លងមក កម្រិត​ដែល​ខ្ញុំ​បាន​លេង ក្លិប​ដែល​ខ្ញុំ​បាន​នៅ កីឡាករ​ដែល​ខ្ញុំ​បាន​លេង​ជាមួយ និង​គ្រូបង្វឹក​ដែល​ខ្ញុំ​បាន​លេង ខ្ញុំ​មាន​បទពិសោធ​ច្រើន ហើយ​កីឡាករ​នៅទីនេះ ក៏​នៅ​ក្មេង ដូច្នេះ​ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​អាចជួយ​ពួកគេ​ក្នុង​អាជីព​របស់​ខ្លួនគេ​»​។ 
 
Paddy Barrett បាន​ចាប់​អាជីព​បាល់ទាត់​ដំបូង​ជាមួយ​ក្លិប​យុវជន Aberdeen F.C នៅ​អំឡុង​ឆ្នាំ​២០១០​។ ក្រោយមក​រូបគេ​ផ្ទេរ​ទៅ​ចូលរួម​ជាមួយ​ក្លិប Dundee United ក្នុង​កម្រិត​យុវជន​ដូចគ្នា ហើយ​ត្រូវបាន​ដំឡើង​ឲ្យ​មកលេង​ក្នុង​ឈុត​ធំ​ចន្លោះ​ពី​ឆ្នាំ​២០១៣-២០១៤​។ 
 
​ក្នុងអំឡុងពេល​រួមរស់​ជាមួយ Dundee United រូបគេ​បាន​ចូលរួម​ជាមួយ​ក្លិប Waterford ក្រោម​លក្ខខណ្ឌ​ខ្ចី​ជើងបាន​១​រដូវ​កាល មុន​ផ្ទេរ​ទៅ Galway United នៅ​ពាក់កណ្តាល​រដូវ​កាល​ឆ្នាំ​២០១៤​។ នៅ​ឆ្នាំ​២០១៥ រូបគេ​ផ្ទេរ​ទៅកាន់​ក្លិប Dundalk នៅ​អៀរ​ឡង់ រហូតដល់​ឆ្នាំ​២០១៧​។ នៅ​ពាក់កណ្តាល​រដូវ​កាល​ឆ្នាំ​២០១៧ រូបគេ បាន​ផ្ទេរ​ទៅ​ចូលរួម​ជាមួយ Waterford ជាថ្មី​ក្រោម​លក្ខខណ្ឌ​ខ្ចី​ជើង​។​
 
​ក្រោយមក​នៅ​ឆ្នាំ​២០១៨ Paddy បាន​ផ្លាស់​ទៅ​ចូលរួម​ជាមួយ​ក្លិប Cincintani FC បន្ទាប់មក​ផ្ទេរ​ទៅ​ក្លិប Indy Eleven នៅ​ឆ្នាំ​២០១៩ រហូតដល់​ដំណាច់​រដូវ​កាល​ឆ្នាំ​២០២០៕  

Tag:
 ​បាល់ទាត់​
  ព្រះខ័ន​រាជ​ស្វាយរៀង​
  Paddy Barrett
© រក្សាសិទ្ធិដោយ thmeythmey.com