រថយន្ត
អន្តរជាតិ
អាល់ហ្សេរីកំណត់ទំហំទឹកប្រាក់នាំចូលរថយន្តត្រឹម២ពាន់លានដុល្លារ ដើម្បីលើកកម្ពស់ឧស្សាហកម្មក្នុងស្រុក
11, Jan 2021 , 7:39 pm        
រូបភាព
ដោយ: ធីតា
រដ្ឋាភិបាលអាល់ហ្សេរី បានកំណត់ទឹកប្រាក់នៃការនាំចូលរថយន្តថ្មីពីបរទេសក្នុងទំហំអតិបរិមា២ពាន់លានដុល្លារអាមេរិក។ នេះបើតាមការប្រកាសរបស់រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម លោក Ferhat Ait Ali Braham តាមវិទ្យុជាតិ។



រដ្ឋមន្ត្រីអាល់ហ្សេរីរូបនេះ បានអះអាងថា ការនាំចូលរថយន្ត នឹងមិនត្រូវបានហាមឃាត់ដាច់ខាតនោះឡើយ ប៉ុន្តែរដ្ឋាភិបាលមានឆន្ទៈលើកកម្ពស់ឧស្សាហកម្មក្នុងស្រុក។ «ប្រឈមនឹងស្ថានភាពហិរញ្ញវត្ថុដ៏លំបាក យើងត្រូវបន្ថយការនាំចូល ដូច្នេះការកំណត់ទំហំទឹកប្រាក់ គឺជារឿងអាទិភាពមួយ»។
 
ការនាំចូលរថយន្តរួមមានរថយន្តទេសចរណ៍ រថយន្តធុនតូច រួមទាំងគ្រឿងបន្លាស់ នឹងត្រូវបានកម្រិតក្នុងទំហំទឹកប្រាក់ច្រើនបំផុត២ពាន់លានដុល្លារអាមេរិក។ នេះបើតាមការបញ្ជាក់របស់លោក Ait Ali ដោយបន្ថែមថា រថយន្តទេសចរណ៍ធុនធ្ងន់ ក៏នឹងត្រូវតម្លើងពន្ធនាំចូលផងដែរ។
ការកំណត់ទំហំទឹកប្រាក់នេះ ទទួលបានការណែនាំពីលោកប្រធានាធិបតីអាល់ហ្សេរី Abdelmadjid Tebboune ដោយផ្ទាល់ ព្រមទាំងមានការគាំទ្រជាឯកច្ឆន្ទក្នុងគណៈរដ្ឋមន្ត្រី។ តាមរយៈវិទ្យុជាតិ រដ្ឋមន្ត្រីហិរញ្ញវត្ថុរូបនេះ ចាត់ទុកថា វាជាការរួមចំណែកលើកកម្ពស់ឧស្សាហកម្មក្នុងស្រុក រួមទាំងម្ចាស់អាជីវកម្មគ្រឿងបន្លាស់។
 
គណៈកម្មការអន្តរក្រសួងអាល់ហ្សេរី បន្តពិនិត្យឯកសារស្នើសុំលើការនាំចូលរថយន្តថ្មី ដោយបញ្ជាក់ថា ការអនុញ្ញាតឲ្យមានការនាំចូលគឺជាកាយវិការបែបសម្បទានរបស់រដ្ឋាភិបាល៕
 

© រក្សាសិទ្ធិដោយ thmeythmey.com