កីឡាអន្តរជាតិ
អន្តរជាតិ
Miura កីឡាករ​ចាស់​ជាងគេ​របស់​ជប៉ុន បន្ត​អាជីព​បាល់ទាត់​នៅ​អាយុ​៥៣​ឆ្នាំ​
12, Jan 2021 , 9:29 am        
រូបភាព
Kazuyoshi Miura ខ្សែប្រយុទ្ធ​វ័យ​ចំណាស់​ជាងគេ​ក្នុង​វិស័យ​កីឡាបាល់ទាត់ នឹង​ចាប់ផ្តើម​បន្ត​អាជីព​របស់ខ្លួន​នៅ​អាយុ ៥៣​ឆ្នាំ បន្ទាប់ពី​បន្ត​កិច្ចសន្យា​ជាមួយ​ក្លិប​ជប៉ុន Yokohama FC រយៈពេល​មួយ​រដូវ​កាល​ទៀត​។ ក្លិប Yokohama បានប្រកាស​ដូច្នេះ​នៅ​ថ្ងៃទី​១១ ខែមករា​នេះ​។​



​ខ្សែប្រយុទ្ធ​ដែល​គេ​ឲ្យ​រហស្សនាម​ថា «King Kazu» នេះ នឹង​ឈានចូល​វ័យ​៥៤​ឆ្នាំ នៅ​ថ្ងៃទី ២៦ ខែកុម្ភៈ​ខាងមុខ មុន​មួយថ្ងៃ​មុនពេល​ក្របខណ្ឌ​លី​គ​កំពូល​ជប៉ុន J-League ផ្តើម​យុទ្ធនាការ​រដូវ​កាល​ថ្មី ២០២០-២១​។ នេះ​នឹង​ក្លាយជា​រដូវ​កាល​ទី​១៧ សម្រាប់​អតីត​សមាជិក​ក្រុម​ជម្រើសជាតិ​ជប៉ុន​រូបនេះ​ជាមួយ Yokohama ចាប់តាំងពី​ចូលរួម​ដំបូង​ក្នុង​ឆ្នាំ​២០០៥​។​
 
Miura ដែល​ធ្លាប់​ប្រកប​អាជីព​ឲ្យ​ក្លិប​ល្បីៗ​ជាច្រើន​ចាប់តាំងពី​ផ្តើម​អាជីព​ក្នុង​ឆ្នាំ​១៩៨៦ មក​នោះ បាន​ក្លាយជា​កីឡាករ​វ័យ​ចំណាស់​ជាងគេ​លើ​លោក​ដែល​អាច​រក​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​នៅ​អាយុ​៥០​ឆ្នាំ ក្នុងជំនួប​រវាង Yokohama ទល់នឹង​ក្រុម Thespakusatsu Gunma នៅ​ឆ្នាំ​២០១៧​។​
 
​រដូវ​កាល ២០២១ នេះ​នឹង​ក្លាយជា​រដូវ​កាល​ទី​៣៦ របស់ Miura ក្នុងនាម​ជា​កីឡាករ​បាល់ទាត់​អាជីព​បន្ទាប់ពី​ម្ចាស់​ពាន​កីឡាករ​ឆ្នើម​ប្រចាំ​តំបន់​អាស៊ី​ដំបូង​គេ​របស់​ជប៉ុន​រូបនេះ ចាប់ផ្តើម​អាជីព​ដំបូង​ជាមួយ​ក្លិប Santos នៃ​លី​គ​កំពូល​ប្រេ​ស៊ី​ល ក្នុង​ឆ្នាំ ១៩៨៦​។​
 
Miura ដែល​លេង​ឲ្យ​ជម្រើសជាតិ​ជប៉ុន​៨៩​ប្រកួត និង​រក​គ្រាប់​៥៥​គ្រាប់ ចន្លោះ​ឆ្នាំ​១៩៩០ ដល់​២០០០ ជា​កីឡាករ​ដែល​គួរ​ឲ្យ​គោរព​បំផុត​សម្រាប់​អ្នកគាំទ្រ​ជប៉ុន ដ្បិត​បាន​ជួយ​លី​គ​កីឡាបាល់ទាត់​ជ​រីកមុខ​មាត់​នៅ​ដើម​ទសវត្ស​ឆ្នាំ​៩០ នៅពេល​លោក​បាន​ផ្លាស់​ទៅ​ចូលរួម​ជាមួយ​ក្លិប Verdy Kawasaki ចន្លោះ​ពី​ឆ្នាំ ១៩៩០ ដល់ ១៩៩៨​។​
 
 Miura បាន​ជួយ Kawasaki ឈ្នះ​ជើងឯក J-League ពី​លើក​ក្នុង​ឆ្នាំ ១៩៩៣ និង ១៩៩៤ និង​ជា​ក្លិប​ដែល​លោក​រក​គ្រាប់​បាន​ច្រើនជាងគេ​ចំណោម​ក្លិប​ដែល​ធ្លាប់​លេង​ទាំង​១៣ ចំនួន​១០០​គ្រាប់ ក្នុងការ​ប្រកួត​១៩២​លើក​។ យ៉ាងណាក៏ដោយ ក្លិប​ដែល Miura ប្រក​អាជីព​បានយូរ​ជាងគេ​គឺ Yokohama FC ចាប់តាំងពី​ឆ្នាំ​២០០៥ ដល់​សព្វថ្ងៃ​៕

Tag:
 Kazuyoshi Miura
© រក្សាសិទ្ធិដោយ thmeythmey.com