អន្តរជាតិ
អ៊ីរ៉ង់ បន្ត​ឃាត់​នាវា​ដឹកទំនិញ​កូរ៉េខាងត្បូង និង​ទាមទារ​ឲ្យ​ដោះស្រាយ​រឿង​បង្កក​ប្រាក់​
12, Jan 2021 , 1:29 pm        
រូបភាព
លោកChoi Jong-kun អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង(ឆ្វេង) និងលោកAbbas Araqchi អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់(ស្តាំ)។ រូបភាព៖AFP
លោកChoi Jong-kun អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង(ឆ្វេង) និងលោកAbbas Araqchi អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់(ស្តាំ)។ រូបភាព៖AFP
ដោយ:
​នៅ​ថ្ងៃទី​១០ ខែមករា អ៊ីរ៉ង់​ប្រាប់​កូរ៉េខាងត្បូង​ឲ្យ​បញ្ចៀស​ការធ្វើ​នយោបាយ​លើ​ការឃាត់​នាវា​ដឹកទំនិញ​របស់ខ្លួន​ដោយ​កង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់​។ អ៊ីរ៉ង់ ជំរុញ​ឲ្យ​កូរ៉េខាងត្បូង​ដោះស្រាយ​ការ​ជាបន្ទាន់​ការបង្ក​ក​ប្រាក់​របស់ខ្លួន​ក្នុង​ធនាគារ​ចំនួន​ពីរ ដែលមាន​តម្លៃ​៧​ពាន់​លាន​ដុល្លារ ដែល​ធ្វើឡើង​ក្រោម​ទណ្ឌកម្ម​អាមេរិក​។​

 
​លោក Choi Jong-kun អនុរដ្ឋមន្ត្រី​ការបរទេស​កូរ៉េខាងត្បូង បានធ្វើ​ដំណើរ​ទៅ​អ៊ីរ៉ង់​នៅ​ថ្ងៃទី​១០ ដើម្បី​ពិភាក្សា​ពី​ការដោះលែង​នាវា​ផ្ទុកទំនិញ​របស់ខ្លួន ដែល​ត្រូវបាន​កង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់​ឃាត់ទុក​នៅ​ថ្ងៃទី​៤ ខែមករា នៅ​ជិត​ច្រក​សមុទ្រ Hormuz​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Yonhap ។ មកទល់​ថ្ងៃទី​១១ ខែមករា បញ្ហា​នេះ​មិនទាន់​ត្រូវបាន​ដោះស្រាយ​ឡើយ​។​
 
​អ៊ីរ៉ង់​ធ្លាប់​លើកឡើងថា ការឃាត់​នាវា និង​នាវិក​ចំនួន​២០​នាក់ មិនមែនជា​រឿង​ចំណាប់ខ្មាំង​ឡើយ តែ​រិះគន់​កូរ៉េខាងត្បូង​ពី​ការយក​ទ្រព្យសម្បត្តិ​របស់​អ៊ីរ៉ង់​ធ្វើជា​ចំណាប់ខ្មាំង តាមរយៈ​ការ​បង្កក​ប្រាក់​រហូតដល់​ទៅ​៧​ពាន់​លាន​ដុល្លារ​តាំងតែ​ពី​ឆ្នាំ​២០១៩ មក​ទៅតាម​តាម​ទណ្ឌកម្ម​របស់​អាមេរិក​ប្រឆាំង​ទៅនឹង​អ៊ីរ៉ង់​។​
 
«​កូរ៉េខាងត្បូង​គួរតែ​ឈប់​យក​ការឃាត់​នាវា​មក​ធ្វើជា​រឿង​នយោបាយ និង​ឈប់​ឃោសនា​ឥត​បានការ ដើម្បី​អនុញ្ញាត​ឲ្យ​នីតិវិធីតុលាការ​បន្តទៅ​មុខ​»​។ នេះ​ជាការ​លើកឡើង​របស់លោក Abbas Araqchi អនុរដ្ឋមន្ត្រី​ការបរទេស​អ៊ីរ៉ង់ ដែល​ចុះផ្សាយ​ដោយ​ទូរទស្សន៍​រដ្ឋ​នៅ​ថ្ងៃទី​១០ មករា​។ យោងតាម​អ្នកនាំពាក្យ​របស់​រដ្ឋាភិបាល ការឃាត់​នាវា​នេះ​ទុក​ធ្វើតាម​ដីការ​របស់​តុលាការ ដោយសារតែ​នាវា​នេះ​បំពុលបរិស្ថាន​ជាច្រើន​ដង​។​
 
​ទាក់ទង​រឿងនេះ ក្រុមហ៊ុន Tuikun Shipping ដែលជា​ប្រតិបត្តិ​ករ​នាវា​ដឹកទំនិញ​ខាងលើ លើកឡើងថា អាជ្ញាធរ​អ៊ីរ៉ង់​ពុំបាន​បង្ហាញ​ពី​បញ្ហា​អ្វី​ទាក់ទង​ការបំពុល​បរិស្ថាន​មុនពេល​ឃាត់​នាវា​។ នាវា​កូរ៉េខាងត្បូង ផ្ទុក​សារធាតុ​អេតាណុល​ចំនួន​៧,២០០​តោន និង​មាន​នាវិក​២០​នាក់​។ នាវិក​ទាំងអស់​ពុំទាន់​ទទួលបាន​សេរីភាព​ឡើយ ដោយ​អ៊ីរ៉ង់​សង្កត់ធ្ងន់ថា ត្រូវ​ឆ្លងកាត់​នីតិវិធីតុលាការ​ជាមុនសិន​។​
 
​ចំពោះ​ការចរចា​ប្រាក់​ចំនួន​៧​ពាន់​លាន​ដុល្លារ​ដែល​កូរ៉េខាងជើង​បង្កក​វិញ មន្ត្រីការទូត​អ៊ីរ៉ង់​ចោទ កូរ៉េខាងត្បូង​គ្មាន​ឆន្ទៈ​នយោបាយ​ក្នុងការ​ដោះស្រាយ​ច្រើនជាង​ការអនុវត្ត​តាម​ទណ្ឌកម្ម​អាមេរិក​។ លោក​Araqchi អនុរដ្ឋមន្ត្រី​អ៊ីរ៉ង់ ប្រា​ប់លោក Choi ឲ្យ​ស្វែងរក​វិធានការ​ចាំបាច់​ក្នុងការ​ដោះស្រាយ​បញ្ហា​បង្កក​ប្រាក់ ព្រោះ​ជា​អាទិភាព​ទីមួយ នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​។ 
 
​សារព័ត៌មាន​អ៊ីរ៉ង់ Tehran Times ធ្លាប់បាន​ចុះផ្សាយ​ថា អ៊ីរ៉ង់​ចង់បាន​កិច្ចព្រមព្រៀង​ជាមួយ​កូរ៉េខាងត្បូង​ក្នុងការ​ប្រើ​ប្រាក់​ដែល​បាន​បង្កក ទៅ​ដោះដូរ​ជាមួយ​វ៉ាក់សាំង និង​ទំនិញ​សំខាន់ៗ​ដូចជា​អាហារ និង​ឱសថ​ជាដើម​៕
 
 

Tag:
 អ៊ីរ៉ង់​
 ​កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com