COVID-19
អន្តរជាតិ
ប្រធានាធិបតី​ព័រទុយហ្កាល់ ឆ្លង​កូ​វីដ​-១៩ មុន​ថ្ងៃ​ការបោះឆ្នោត​អាណត្តិ​ថ្មី​
12, Jan 2021 , 4:20 pm        
រូបភាព
ប្រធានាធិបតីព័រទុយហ្កាល់ លោក Marcelo Rebelo de Sousa។ រូបភាព៖ Xinhua
ប្រធានាធិបតីព័រទុយហ្កាល់ លោក Marcelo Rebelo de Sousa។ រូបភាព៖ Xinhua
​ប្រធានាធិបតី​ព័រទុយហ្កាល់ លោក Marcelo Rebelo de Sousa បាន​ឆ្លង​កូ​វីដ​-១៩ បន្ទាប់ពី​មាន​ទំនាក់ទំនង​ជាមួយ​អ្នក​ផ្ទុក​កូ​វីដ​-១៩ ។ នេះ​បើតាម​ការប្រកាស​របស់​ការិយាល័យ​ប្រធានាធិបតី​ព័រទុយហ្កាល់ នៅ​ថ្ងៃទី​១១ ខែមករា​។ លទ្ធផល​ផ្ទុក​វិជ្ជមាន​នៃ​កូ​វីដ​-១៩ បានចេញ​ប៉ុន្មាន​ថ្ងៃមុន​ព័រទុយហ្កាល់​ត្រូវ​រៀបចំ​ការបោះឆ្នោត​ប្រធានាធិបតី​។


​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ដែល​បង្ហោះ​នៅលើ​វេ​ប​សាយ​ប្រធានាធិបតី​ព័រទុយហ្កាល់ ការិយាល័យ​ប្រធានាធិបតី​បាន​អះអាងថា លោក Marcelo Rebelo de Sousa មាន​ផ្ទុក​លទ្ធផល​វិជ្ជមាន​នៃ​កូ​វីដ​-១៩ បន្ទាប់ពី​ប៉ះពាល់​ជាមួយ​អ្នក​ជំងឺឆ្លង​ជំងឺ​នេះ​។ សេចក្តីថ្លែងការណ៍​ដដែល​នេះ បញ្ជាក់ថា លោក​ប្រធានាធិបតី បាន​ជូនដំណឹង​រួចហើយ​ទៅ នាយករដ្ឋមន្ត្រី លោក Antonio Costa និង​រដ្ឋមន្ត្រី​សុខាភិបាល លោកស្រី Marta Temido ពី​ស្ថានភាព​ជំងឺ​របស់លោក​។ 
 
​នៅ​ថ្ងៃទី​៦ ខែមករា កន្លងទៅ ប្រមុខរដ្ឋ​ប្រទេស​អឺរ៉ុប​រូបនេះ បានធ្វើ​តេស្ត​ម្តង​រួចហើយ និង​ចេញ​លទ្ធផល​អវិជ្ជមាន​។ លទ្ធផល​វិជ្ជមាន​នេះ បានកើត​ឡើង ស្របពេល​លោក​ប្រធានាធិបតី​វ័យ ៧២​ឆ្នាំ កំពុង​ស្វះ​ស្វែងរក​សំឡេងគាំទ្រ​នៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតី សម្រាប់​អាណត្តិ​ទី​ពីរ​។ បន្ទាប់ពី​ផ្ទុក​កូ​វីដ​-១៩ បែបនេះ ការជជែក​ដេញដោល​ប្រធានាធិបតី​ដ៏​សំខាន់​មួយ នៅ​ថ្ងៃទី​១២ ខែមករា ត្រូវ​លុបចោល​។ ការបោះឆ្នោត​ប្រធានាធិបតី​ព័រ​ទុយ​ហ្ហាល់ នឹងត្រូវ​រៀបចំឡើង​នៅ​ថ្ងៃទី​២៤ ខែមករា ខាងមុខ​។ 
 
​ទន្ទឹមនេះ កិច្ចការ​របស់​រដ្ឋាភិបាល​មួយចំនួន ជុំវិញ​ការដោះស្រាយ​កូ​វីដ​-១៩ នៅក្នុង​ប្រទេស​ក៏​រាំងស្ទះ​ផងដែរ​។ តាម​ការបញ្ជាក់​របស់​ការិយាល័យ​ប្រធានាធិបតី ជំនួប​រវាង​លោក Rebelo និង​អ្នកជំនាញ​សុខាភិបាល​លើ​គម្រោង​រឹតត្បិត​នៅក្នុង​ប្រទេស ត្រូវ​លុបចោល​។  ពេលនេះ​លោក​ប្រធានាធិបតី កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​និវេសនដ្ឋាន​ប្រ​ធានា​ធិ​ប​តិ នៅក្នុង​ទីក្រុង​លី​ស​បោ​ន​។ 
 
​នៅ​ថ្ងៃទី​១១ ខែមករា រដ្ឋាភិបាល​ទីក្រុង​លី​ស​បោ​ន បានប្រកាសថា ព័រទុយហ្កាល់​មាន​ករណី​ឆ្លង​ចំនួន ៥៦០៤​ករណី និង​អ្នកស្លាប់​ចំនួន ១២២​នាក់​។ តួលេខ​សរុប​របស់​ព័រទុយហ្កាល់ មាន​ករណី​ឆ្លង​សរុប​ចំនួន ៤៨៩២៩២​ករណី និង​អ្នក​ស្លាប់មាន​ចំនួន ៧៩២៥​នាក់​។ ចំណែក​អ្នកជា​សះស្បើយ​មាន​ចំនួន ៣៧២០៥៦​នាក់​។ 
 
​ថ្លែងប្រាប់​អ្នកសារព័ត៌មាន លោកនាយក​រដ្ឋមន្ត្រី​ព័រ​ទុយ​ហ្ហាល់ លោក Costa បានលើកឡើង​យ៉ាង​ដូច្នេះ​ថា​៖ «​យើង​កំពុង​ប្រឈម​នឹង​រលក​ទី​៣ នៃ​កូ​វីដ​-១៩»​។ ដោយសារ​ករណី​ឆ្លង​នៅតែមាន​ច្រើន​បែបនេះ គណៈរដ្ឋមន្ត្រី​ព័រទុយហ្កាល់ នៅ​ថ្ងៃទី​១៣ ខែមករា នឹង​បើក​កិច្ចប្រជុំ​មួយ ដើម្បី​សម្រេច​ពី​ការ​រឹតត្បិត​នៅក្នុង​ប្រទេស​៕ 

Tag:
 ​ព័រទុយហ្កាល់​
  កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com