ជាតិ
សង្គមជាតិ
ពី​តំណាងរាស្ត្រ ទៅជា​អភិបាលខេត្ត លោកស្រី បាន ស្រីមុំ បន្ត​បេសកកម្ម​ទប់ស្កាត់​កូ​វីដ​-១៩ នៅ​ប៉ៃលិន​
12, Jan 2021 , 8:29 pm        
រូបភាព
 អ្នកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន។
អ្នកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន។
​លោក ស្រី បាន ស្រីមុំ ត្រូវបាន​ព្រះមហាក្សត្រ​តែងតាំង​ឱ្យចូល​កាន់តំណែង ជា​អភិបាលខេត្ត​ប៉ៃលិន នៅ​ថ្ងៃទី​១៨​ធ្នូ ឆ្នាំ​២០២០​។ ការ​មកកាន់​តួនាទី​ថ្មី​ជា​អភិបាលខេត្ត​របស់លោក​ស្រី បាន ស្រីមុំ អស់​រយៈពេល​ជិត​១​ខែ​មកនេះ   គឺ​ស្ថិតនៅ​ក្នុងស្ថានភាព​ដែល​កម្ពុជា​កំពុង​ជួប​វិបត្តិ​កូ​វីដ​-១៩ ពិសេស​នៅក្នុង​ខេត្ត​ប៉ៃលិន​ផ្ទាល់ បាន​រកឃើញ​វិជ្ជមាន​នៃ​ជំងឺ​នេះ ជា​បន្តបន្ទាប់​នៅលើ​ពលករ​ខ្មែរ ដែល​ធ្វើដំណើរ​មកពី​ប្រទេស​ថៃ​។ ប៉ុន្តែ បញ្ហា​កូ​វីដ​-១៩​នេះ មិនមែនជា​វិញ្ញាសា​ថ្មី​សម្រាប់​លោកស្រី​បាន ស្រីមុំ ដែល​ទើប​មកកាន់​តំណែង​ជា​អភិបាលខេត្ត​ប៉ៃលិន ឡើយ​។​

 
​លោកស្រី បាន ស្រីមុំ គឺជា​ស្ត្រី​ទី​២ ដែល​បាន​ក្លាយជា​អភិបាលខេត្ត​ក្នុងពេល​បច្ចុប្បន្ន ខណៈ​ស្ត្រី​ទី​១ គឺជា​លោកស្រី មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង​។ ថ្វី​ដ្បិត​ទទួលបាន​តួនាទី​ថ្មី​ជា​អភិបាលខេត្ត​ប៉ៃលិន​ក៏ពិតមែន  ប៉ុន្តែ​កិច្ចការងារ​គ្រប់គ្រង​រដ្ឋបាលខេត្ត​ទាំងមូល ដែល​គ្របដណ្តប់​លើ​ផ្ទៃដី​ជាង​៨០០​គីឡូម៉ែត្រ​ការ៉េ​នេះ មិនមែនជា​រឿង​ថ្មី សម្រាប់​លោកស្រី​បាន ស្រីមុំ ទេ ជាពិសេស គឺ​កិច្ចការងារ​ទប់ស្កាត់​នូវ​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ តែម្តង​។ 
 
​មុននឹង​ក្លាយជា​អភិ​ខេត្ត​ប៉ៃលិន លោកស្រី បាន ស្រីមុំ គឺជា​អតីត​តំណាងរាស្ត្រ​នៅ​មណ្ឌល​ប៉ៃលិន​មកពី​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ប៉ៃលិន មកដល់​បច្ចុប្បន្ន ក្នុងការ​ដឹកនាំ​ធ្វើ​កិច្ចការងារ​ផ្សេងៗ ក៏​ដូចនឹង​កិច្ចការងារ​ឆ្លើយតប​ឬ​ទប់ស្កាត់​នូវ​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ តាំងពី​ដើមឆ្នាំ​២០២០​មកម្ល៉េះ​។​
 
​កន្លងមក​ក្នុងនាម​ជា​លោក​តំណាងរាស្ត្រ​ក្តី ជា​ប្រធាន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ប៉ៃលិន​ក្តី និង​ក្រុមយុវជន​ក្តី លោកស្រី​បាន ស្រីមុំ តែងតែ​ចុះ​ណែនាំ​ជាប្រចាំ​ដល់​ប្រជាពលរដ្ឋ​ពាក់ព័ន្ធ​នឹង​វិធាន​បង្ការ​នៃ​ជំងឺ​កូ​វីដ​-១៩ រហូតដល់​ពលរដ្ឋ​នៅ​ខេត្ត​ប៉ៃលិន​បាន​យល់ដឹង​ច្រើន និង​មាន​វិធានការ​ការពារ​ខ្ពស់​ពី​ជំងឺ​នេះ​។ 
 
Ralate
 
«​ឥឡូវ បងប្អូន​ប្រជាពលរដ្ឋ​ខេត្ត​ប៉ៃលិន​យើងខ្ញុំ យល់ដឹង​ច្រើន​មែនទែន​នូវ​វិធានការ​សុវត្ថិភាព ពី​ជំងឺ​កូ​វីដ​-១៩»​។ នេះ​ជាការ​លើកឡើង​របស់​អតីត​លោក​តំណាងរាស្ត្រ​នៅ​មណ្ឌល​ប៉ៃលិន​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​រូបនេះ ដោយ​បន្ត​រៀបរាប់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​(ThmeyThmey)​ថា ៖«​មាន​បងប្អូន​ប្រជាពលរដ្ឋ​យើង​ចំនួន​ដែល​ទៅ​ចំណាកស្រុក​ធ្វើការ​នៅ​ប្រទេស​ថៃ ហើយ​ត្រឡប់មក​ស្រុកកំណើត​វិញ  ត្រូវបាន​ឪពុកម្តាយ​របស់​ពួកគាត់​មិនឱ្យ​ចូល​ផ្ទះ​ទេ  ដោយ ឪពុកម្តាយ​របស់​កូន​ទាំងនោះ បាន​ទាក់ទង​ទៅ​ក្រុមគ្រូពេទ្យ​ជំនាញ​យើង​ឱ្យ​យក​កូន​របស់​ពួកគាត់​ធ្វើតេស្តរ​កកូ​វីដ​-១៩ និង​ធ្វើ​ច​ត្តា​ឡី​ស័ក​»​។​
 
​លើសពីនេះទៅទៀត លោកស្រី​បាន ស្រីមុំ អះអាងថា ពលរដ្ឋ​ខេត្ត​ប៉ៃលិន បាន​អនុវត្ត​វិធានការ​ទប់ស្កាត់​នឹង​ជំងឺ​កូ​វីដ​-១៩ បាន​យ៉ាង​ខ្ជាប់ខ្ជួន ដោយ​ពាក់​ម៉ាស់​ត្រឹមត្រូវ​ជាប្រចាំ លាងដៃ និង​រក្សា​គម្លាត​សុវត្ថិភាព​។ «​លទ្ធផល​ទាំងនេះ គឺ​ខ្ញុំ​សប្បាយចិត្ត​ណាស់​ដែល​បានឃើញ​ការបញ្ជ្រាប​ចូល​នៃ​ការយល់ដឹងរ​បស់បង​ប្អូន​ប្រជាពលរដ្ឋ ក្នុងការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​នេះ​»​។ លោកស្រី​បាន ស្រីមុំ ដែល​ទើប​ដឹកនាំ ខេត្ត​ប៉ៃលិន បាន​រយៈពេល​ជិត​១​ខែ​មកនេះ លើកឡើង​ដូច្នេះ​។​


 
​ជាមួយគ្នានេះ លោកស្រី​បាន ស្រីមុំ នៅ​បន្ត​ចុះ​សកម្មភាព​ពង្រឹង​កិច្ចការងារ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩​បន្ថែមទៀត ដើម្បី​ធានា​ដល់​សុខុមាលភាព​ពលរដ្ឋ​រស់នៅ​ខេត្ត​ប៉ៃលិន និង​គ្មាន​ការចម្លង​មេរោគ​ណាមួយ​នៅក្នុង​សហគមន៍​ឡើយ​។ 
 
​គិត​ត្រឹម​ថ្ងៃទី​១២​មករា  ក្នុងចំណោម​ពលករ​មកពី​ថៃ​ចំនួន​២៧​នាក់ ដែល​បាន​ឆ្លង​ជំងឺ​កូ​វីដ​-១៩  មាន​១៣​នាក់ នៅ​រកឃើញ​នៅ​ខេត្ត​ប៉ៃលិន​, ៦​នាក់ រកឃើញ​នៅ​ខេត្តបាត់ដំបង និង​៧​នាក់​ទៀត រកឃើញ​នៅ​ខេត្តបន្ទាយមានជ័យ​។ សម្រាប់​ខេត្ត​ប៉ៃលិន​ផ្ទាល់ ពលករ​មកពី​ថៃ ចំនួន​១៣​នាក់ បាន​ឆ្លង​ជំងឺ​កូ​វីដ​-១៩ មាន​៦​នាក់​បាន ជាសះស្បើយ​ពី​ជំងឺ​នេះហើយ​។ គិត​ជា​សរុប កម្ពុជា មាន​ឆ្លង​កូ​វីដ​-១៩ ចំនួន​៣៩២​នាក់​។ ក្នុងនោះ មាន​៣៧៦ បានជា​សះស្បើយ និង​១៨​នាក់​ទៀត​កំពុង​ព្យាបាល​នៅតាម​មន្ទីរ​នានា​៕
 
 

Tag:
 COVID-19
  បាន ស្រីមុំ​
  ប៉ៃលិន​
© រក្សាសិទ្ធិដោយ thmeythmey.com