កីឡាជាតិ
ជាតិ
សន្និបាត​ការងារ​របស់ CAMSOC នឹង​ក្លាយជា​វេទិកា​ដោះស្រាយ​បញ្ហា​ប្រឈម
13, Jan 2021 , 8:59 am        
រូបភាព
លោក វ៉ាត់​ ចំរើន  ផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មានក្រោយកិច្ចប្រជុំប្រចាំសប្តាហ៍របស់ CAMSOC
លោក វ៉ាត់​ ចំរើន ផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មានក្រោយកិច្ចប្រជុំប្រចាំសប្តាហ៍របស់ CAMSOC
ដោយ:
​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២​ឆ្នាំ​២០២៣(CAMSOC)​នឹង​រៀបចំ​សន្និបាត និង​សិក្ខាសាលា​ថ្នាក់ជាតិ ដើម្បី​បូកសរុប​ការងារ​ប្រចាំឆ្នាំ​២០២០ និង​ដាក់​ផែនការ​អនុវត្ត​សម្រាប់​ឆ្នាំ​២០២១​។ សន្និត​បាត​នេះ ក៏​ជា​ឱកាស​ដើម្បី លើកឡើង​ពី​បញ្ហា​ប្រឈម និង​ស្វែងរក​ដំណោះស្រាយ សម្រាប់​គណៈ​កម្ម​ជំនាញ​ទាំង​១៤ នៃ CAMSOC ផងដែរ​។

 
CAMSOC នៅ​ព្រឹក​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០២១ បាន​បន្ត​រៀបចំ​កិច្ចប្រជុំ​គណៈអចិន្ត្រៃយ៍​ប្រចាំ​សប្តាហ៍​របស់ខ្លួន ដើម្បី​ត្រួតពិនិត្យ​ឯកសារ​ផ្សេងៗ​ពាក់ព័ន្ធ​សមិទ្ធផល និង​ផែនការ​យុទ្ធសាស្ត្រ​។ ការត្រួតពិនិត្យ​នេះ គឺធ្វើឡើង​ក្នុង​គោលបំណង ដើម្បី​ត្រៀមលក្ខណៈ​ឲ្យ​បាន​រួចរាល់​មុន​រៀបចំ​សន្និបាត​ប្រចាំឆ្នាំ​របស់ខ្លួន​។ 
 
​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ CAMSOC បាន​បញ្ជាក់ថា CAMSOC នឹង​រៀបចំ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០២០ និង​ដាក់​ផែនការ​អនុវត្ត​សម្រាប់​ឆ្នាំ​២០២១ នៅ​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០២១ ខាងមុខនេះ​។ សន្និបាត​នេះ នឹង​ក្លាយជា​វេទិកា​សម្រាប់​គណៈកម្មកា​រ​ជំនាញ​ទាំង​១៤​នៃ CAMSOC ដើម្បី​លើកឡើង​ពី​បញ្ហា​ប្រឈម និង​ផែនការ​យុទ្ធសាស្ត្រ​របស់ខ្លួន​។ វា​ក៏​ជា​ឱកាស ដើម្បី​ស្វែងរក​យុទ្ធសាស្ត្រ​ក្នុងការ​ដោះស្រាយ​បញ្ហា​ផ្សេងៗ​ផងដែរ​។ 
 
​បើតាម​លោក វ៉ា​ត់ ចំរើន បន្ថែម​លើ​ការរៀបចំ​សន្និបាត CAMSOC នឹង​រៀបចំ​សិក្ខាសាលា​ថ្នាក់ជាតិ​មួយ​បន្ថែមទៀត​ក្នុង​ថ្ងៃនោះ ដើម្បី​ត្រៀម​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ និង​បញ្ជ្រាប​ការយល់ដឹង​ពី​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ដល់​ប្រជាពលរដ្ឋ​នៅតាម​រាជធានី​ខេត្ត​ទាំង​២៥​។ លោក បានចាត់ទុក​សិក្ខាសាលា​នេះ​ថា ជា​យន្តការ​មួយ​ដ៏​សំខាន់​ក្នុង​ដំណើរ​ត្រៀម​ឆ្ពោះទៅ​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ឆ្នាំ​២០២៣​។ 
 
​សិក្ខាសាលា​នេះ នឹងមាន​ការធ្វើ​បទ​បង្ហាញ​ពី​អ្នកជំនាញ​ផ្សេងៗ ពាក់ព័ន្ធ​បញ្ហា​បរិស្ថាន សន្តិសុខ ចរាចរណ៍ គ្រឿងញៀន សណ្តាប់ធ្នាប់​សាធារណៈ និង​បដិសណ្ឋារកិច្ច​ជាដើម​។ គុណវិបត្តិ និង​គុណសម្បត្តិ នៃ​ការធ្វើជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ក៏​នឹងត្រូវ​បានធ្វើ​បទ​បង្ហាញ​ក្នុង​សិក្ខាសាលា​នេះ​ផងដែរ​។  
 
​លោក វ៉ា​ត់ ចំរើន រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​បាន​បន្ថែមថា កម្មវិធី​សន្និបាត​ប្រចាំឆ្នាំ និង​សិក្ខាសាលា​ថ្នាក់ជាតិ នឹង​កំណត់​ចំនួន​មនុស្ស​ចូលរួម ពោលគឺ​មិន​ឲ្យ​លើសពី​២០០​នាក់​នោះទេ​។ ការកំណត់​បែបនេះ គឺ​ដើម្បី​រួមចំណែក​ទប់ស្កាត់ និង​បង្ការ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ទោះបី​បច្ចុប្បន្ន​ស្ថានភាព​ឆ្លង​ជំងឺ​នេះ​នៅ​កម្ពុ​ជាមាន​ភាព​ធូរស្បើយ​បន្តិច​ក៏ដោយ​។ 
 
CAMSOC នឹងធ្វើ​របាយការណ៍​ផ្សេងៗ​ពាក់ព័ន្ធ​សកម្មភាព​របស់ខ្លួន ដាក់ជូន​ក្រុមប្រឹក្សា​កីឡា​អាស៊ីអាគ្នេយ៍ កីឡា​អាស៊ី និង​អូឡាំពិក​ក្រោយ​ចប់​សន្និបាត​និង​សិក្ខាសាលា​ថ្នាក់ជាតិ​។ ការធ្វើ​បែបនេះ ក្នុង​គោលបំណង​ដើម្បី​ស្វែងរក​ជំនួយ​គាំទ្រ​ពី​ស្ថាប័ន​ទាំងនោះ ដើម្បី​ឈានទៅ​ជោគជ័យ​ពេល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​កីឡា​ស៊ី​ហ្គេម​ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​៕   
 

Tag:
 វ៉ា​ត់ ចំរើន​
  CAMSOC
© រក្សាសិទ្ធិដោយ thmeythmey.com