ជាតិ
សង្គមជាតិ
លោកស្រី មួរ សុខ​ហួរ ស្នើសុំ​ព្រះមហាក្សត្រ​អន្តរាគមន៍​លើ​រដ្ឋាភិបាល ​ឱ្យ​ខ្លួន​ចូល​ស្រុកវិញ​ ដើម្បីតតាំងរឿងក្តី​
13, Jan 2021 , 11:39 am        
រូបភាព
រូបពីហ្វេសប៊ុកលោកស្រី មួរ សុខហួរ មន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ ដែលកំពុងនិរទេសខ្លួន រស់នៅអាមេរិក ដោយសារមានបញ្ហាក្តីក្តាំជាមួយរដ្ឋាភិបាល
រូបពីហ្វេសប៊ុកលោកស្រី មួរ សុខហួរ មន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ ដែលកំពុងនិរទេសខ្លួន រស់នៅអាមេរិក ដោយសារមានបញ្ហាក្តីក្តាំជាមួយរដ្ឋាភិបាល
​ភ្នំពេញ​៖ មន្ត្រីជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​ស្នើសុំ​ព្រះមហាក្សត្រ​អន្តរាគមន៍​លើ​រដ្ឋាភិបាល ឱ្យ​ផ្ដល់​សុពលភាព​លិខិតឆ្លងដែន​ខ្លួន ដើម្បីអាច​ចូល​ស្រុក​វិញ​ ។ សម្រាប់​អ្នកវិភាគ​មើលឃើញថា គណបក្សប្រឆាំង​កំពុង​លេង​នយោបាយ «​ហ៊ាន ឬ​មិន​ហ៊ាន​»​ជាមួយ​រដ្ឋាភិបាល ដើម្បី​កុំឱ្យ​សាធារណជន​អស់ជំនឿ​លើ​ខ្លួន​ប៉ុណ្ណោះ​។​


​លោកស្រី មួរ សុខ​ហួរ ដែល​កំពុង​រស់នៅ​អាមេរិក បានបង្ហាញ​ជំហរ​ចង់​ចូល​ប្រទេស​កម្ពុជា ដើម្បី​ត​ទាល់​ក្តី​ជាមួយ​តុលាការ ដែល​ចោទប្រកាន់​លើ​ខ្លួន​កន្លងមក​។ ប៉ុន្តែ​បំណង​របស់​លោកស្រី មួរ សុខ​ហួរ ត្រូវបាន​ខកចិត្ត ដោយសារ​រដ្ឋាភិបាល បាន​បិទ​សុពលភាព​លិខិតឆ្លងដែន​។ លោកស្រី សុខ​ហួរ ដែល​បានប្រកាស​ចូល​ស្រុក​វិញ​នៅ​ថ្ងៃទី​១៥ មករា​នោះ បាន​ស្នើ​ព្រះមហាក្សត្រ​សុំព្រះរាជអន្តរាគមន៍​លើ​រដ្ឋាភិបាល ឱ្យ​ផ្ដល់​សុពលភាព​លិខិតឆ្លងដែន​ខ្លួន ដើម្បី​អាច​ចូល​ស្រុក​វិញ​។​
 
​មន្ត្រីជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ សរសេរ​លិខិត​ចុះ​ពី​ថ្ងៃទី​៥ មករា ថ្វាយ​ព្រះមហាក្សត្រ​សុំ​អន្តរាគមន៍​លើ​ករណីនេះ ដូច្នេះ​ថា​៖«​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង​ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់ ដែលជា​និមិត្តរូប​នៃ​ឯកភាព​ជាតិ ការផ្សះផ្សា​ជាតិ និង​និរន្តរភាព​ជាតិ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម ទ្រង់មាន​ព្រះមេត្តា​ព្រះរាជតម្រិះ និង​ព្រះរាជអន្តរាគមន៍​ដើម្បីឱ្យ​ខ្ញុំ​ជា​ម្ចាស់ និង​សហការី ដែល​កំពុង​រស់នៅ​និរទេស​ក្រៅប្រទេស​អាច​ទទួលបាន​ការផ្ដល់​សុពលភាព​លិខិតឆ្លងដែន និង​ទិ​ដ្ឋ​ការធ្វើដំណើរ​ពី​អាជ្ញាធរ​កម្ពុជា ដើម្បី​វិលត្រឡប់​ទៅ​មាតុភូមិ​ប្រទេស​វិញ ដោយ​ព្រះរាជា​នុ​គ្រោះ​»​។​
 
​មន្ត្រី​អតីត​គណបក្សប្រឆាំង​១២​រូប ត្រូវបាន​រដ្ឋាភិបាល​ប​ញ្ច​ប់​សុពលភាព​លិខិតឆ្លងដែន រួមមាន អ្នកស្រី មូរ សុខ​ហួរ លោក អេង ឆៃអ៊ាង លោក ហូរ វ៉ាន់ លោក ឡុង រី លោក សោ ចាន់​ដេ​ត  លោក គង់ សភា លោក វ៉ាន់ ណា​រិ​ទ្ធ លោក ដាង ចំរើន លោក ញឹម គិ​ម​ញុ​ល លោក ហេង ដា​ណា​រ៉ូ លោក អ៊ី​សា ឧស្មាន និង លោក ម៉ន ផល្លា​។​
 
​ក្រសួងការបរទេស​ក​ម្ពុ​ជា ក៏បាន​ដាក់​លិខិត​ទៅកាន់​ស្ថានទូត​នានា​ប្រចាំ​កម្ពុជា ដើម្បី​ជូនដំណឹង​ពី​ការបញ្ចប់​សុពលភាព​លិខិតឆ្លងដែន​ធម្មតា (Ordinary Passport) របស់​មន្ត្រី​អតីត​គណបក្សប្រឆាំង​ទាំង​នេះដែរ​។ អ្នកនាំពាក្យ​ក្រសួងការបរទេស​លោក កុយ គួ​ង ធ្លាប់បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា មូល​ហេតុដែល​ក្រសួង​សម្រេច​បញ្ចប់​សុពលភាព​លិខិតឆ្លងដែន​អ្នកនយោបាយ​ទាំង​១២​រូបនេះ ដោយសារ​ពួកគេ​ជា​អ្នកទោស ដែល​រត់គេចខ្លួន​។​
 
​ជុំវិញ​ករណី​បញ្ចប់​ទិ​ដ្ឋ​ការ​នេះ លោកស្រី មួរ សុខ​ហួរ បាន​រៀបរាប់​ថ្វាយ​អង្គ​ព្រះមហាក្សត្រ​ថា រដ្ឋាភិបាល​បាន​រារាំង​ខ្លួន និង​សហការី​បក្សប្រឆាំង មិន​ឱ្យចូល​កម្ពុជា​វិញ ខណៈដែល​តុលាការ​បើក​សវ​នា​ដោយ​គ្មាន​វត្តមាន​មន្ត្រី​បក្ស​ឆាំង ដែលជា​ជនជាប់ចោទ​។ លោកស្រី សុខ​ហួរ ចាត់ទុក​សកម្មភាពរ​ដ្ឋា​ភិ​បាល​ទាំងនេះ ជាការ​រំលោភបំពាន​ធ្ងន់ធ្ងរ​លើ​រដ្ឋធម្មនុញ្ញ​ក​ម្ពុ​ជា ដែល​ធានា​អំពី​សិទ្ធិ​ទទួលបាន​ការជំនុំជម្រះ​ក្តី​ដោយ​ត្រឹមត្រូវ ស្មើភាព និង​យុត្តិធម៌​។ ជាពិសេស​ធ្វើឱ្យប៉ះពាល់​ដល់​ឯករាជ្យ​នៃ​អំណាចតុលាការ ព្រមទាំង​ឯកភាព​ជាតិ ការផ្សះផ្សា​ជាតិ និង​ផលប្រយោជន៍​ជាតិ​។ 
 
«​ទាក់ទង​នឹង​រឿងក្តី​ទាំងនេះ ខ្ញុំម្ចាស់​និង​សហការី​ពិតជា​មានបំណង និង​កំពុង​ព្យាយាម​រក​គ្រប់​មធ្យោបាយ​ឱ្យបាន​ថ្វើ​ដំណើរ​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ ដើម្បី​ទៅ​តតាំង​ក្តី​ក្នុង​សវនាការ​របស់​សាល​ដំបូង​រាជធានី​ភ្នំពេញ​តាម​កាលកំណត់ ប៉ុន្តែ​អាជ្ញាធរ​កម្ពុជា​បែរជា​រារាំង ដោយ​មិន​ព្រម​ផ្ល​ដ់​សុពលភាព​លិខិតឆ្លងដែន និង​ទិ​ដ្ឋ​ការធ្វើដំណើរ​ដល់​រូបខ្ញុំ​ម្ចាស់ និង​សហការី​ឡើយ​»​។ នេះ​ជាការ​លើកឡើង​របស់លោក​ស្រី សុខ​ហួរ ដែល​កំពុង​ជាប់​ក្តីក្តាំ​ជាច្រើន ថ្លែង​នៅក្នុង​លិខិត​ថ្វាយ​សុំ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ​។​
 
​តែ​យ៉ាងណា​អ្នកវិភាគ​មើលឃើញថា គណបក្សប្រឆាំង​គ្រាន់តែ​លេង​នយោបាយ ដើម្បី​កុំឱ្យ​សាធារណជន​អស់ជំនឿ​លើ​ខ្លួន​ប៉ុណ្ណោះ ខណៈ​រដ្ឋាភិបាល​ក៏​មិន​ចង់​ប្រើ​នយោបាយ​ចាប់ខ្លួន​អ្នក​ទាំង​នោះដែរ​។ សម្រាប់​លោក សេង សារី អ្នកនយោបាយ​កម្ពុជា កំពុង​លេងល្បែង​នយោបាយ «​ហ៊ាន ឬ​មិន​ហ៊ាន​» ជាមួយគ្នា​។​
 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ អ្នកតាមដាន​ស្ថានការណ៍​នយោបាយ​រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖«​សម្រាប់​ខ្ញុំ​ស្ថានភាព​ពេលនេះ (​អ្នកនយោបាយ​) ចាប់​មិន​ចង់​ចាប់ ចូល​មិន​ចង់​ចូល បានន័យថា អ្នក​(​នយោបាយ​ប្រឆាំង​) ចង់​ចូល​ស្រុក ដូចជា​មិន​ចង់​ចូល ហើយ​(​ពេលខ្លះ​)​ដូច​ចង់​ចូល​តិច​។​ឯ​រដ្ឋាភិបាល​ចង់​ចាប់​(​អ្នកនយោបាយ​បក្សប្រឆាំង​) ក៏ដូចជា​មិន​ចង់​ចាប់ ព្រោះ​ហៅ​(​ក្រុម​បក្សប្រឆាំង​) ចូល​តុលាការ ប៉ុន្តែ​មិន​បើកផ្លូវ​ឱ្យគេ​ចូលទៅ​តុលាការ អ៊ីចឹង​វា​ដូចជា​ចាប់​មិន​ចង់​ចាប់ ហើយ​ចូល​មិន​ចង់​ចូល​ហើយ​»​។​
 
​បើតាម​លោក សេង សារី លិខិត​របស់​លោកស្រី មួរ សុខ​ហួរ ដែល​ផ្ញើ​ទៅ​ថ្វាយ​ព្រះមហាក្សត្រ​នោះ គឺ​គ្រាន់តែ​ការបំពេញ​នីតិវិធី​នៃ​ល្បែង​នយោបាយ​ប៉ុណ្ណោះ ដែល​វា​ទំនងជា​គ្មាន​ប្រសិទ្ធភាព​នោះឡើយ​។​«​ប៉ុន្តែ​បើ​មាន​ករណី​ឱ្យ​ត្រឡប់​ចូលមក​វិញ ខ្ញុំ​មើលឃើញថា មិនមាន​ស្ថានភាព​នយោបាយ​អ្វី​ប្រែប្រួល​នោះទេ ព្រោះ​អ្នកនយោបាយ​ដែល​ធ្វើឱ្យ​ស្ថានភាព​ប្រែប្រួល​ទាល់តែ​គីឡូ លោក សម រង្ស៊ី ប៉ុន្តែ​បើ​ត្រឹម​អ្នកស្រី មួរ សុខ​ហួរ ចូលមក ក៏​គ្មាន​ស្ថានភាព​នយោបាយ​អ្វី​ប្រែប្រួល​នោះដែរ​»​។ នេះ​ជាការ​បញ្ជាក់​របស់​អ្នកវិភាគ​នយោបាយ​។​
 
​លោកស្រី មួរ​សុខ​ហួរ បានប្រកាស​ចូល​ប្រទេស​កម្ពុជា​ម្ដង​ហើយ កាលពី​ថ្ងៃទី​៤ មករា ២០២១​នេះ ប៉ុន្តែ​លោកស្រី​ខកខាន​មកវិញ ដោយសារ​បញ្ហា​ជើងយន្តហោះ​។ ក្រោយ​ខកខាន​នេះ លោកស្រី សុខ​ហួរ ក៏បាន​ប្រកាស​យក​ថ្ងៃទី​១៥ មករា ចូល​កម្ពុជា​ជាថ្មី​ម្ដងទៀត​។ 

អត្ថបទទាក់ទង

 
​កន្លងមក​មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ក៏បាន​ប្រកាស​ចូល​កម្ពុ​ជា​វិញ​ជា​ច្រើនដង​ដែរ ប៉ុន្តែ​មិនអាច​ចូល​បានឡើយ ដោយសារតែ​រដ្ឋាភិបាល​ហាម​ក្រុមហ៊ុន​អាកាសចរណ៍​ទាំងអស់ ដឹក​លោក សម រង្ស៊ី និង​ក្រុម​បក្សប្រឆាំង​នៅក្រៅ​ប្រទេស ចូល​ស្រុក​វិញ​។ លោក សម រង្ស៊ី បាន​ត្រឹម​មកកាន់​ទឹកដី​ម៉ាឡេស៊ី កាលពី​ឆ្នាំ​២០១៩ ខណៈ​ជើងយន្តហោះ​មិន​បន្ត​ដឹក​លោក មក​កម្ពុជា​ឡើយ ៕ 
 

Tag:
 មួរ សុខ​ហួរ​
  លិខិតឆ្លងដែន​
  នយោបាយ​
© រក្សាសិទ្ធិដោយ thmeythmey.com