Atletico Madrid បន្ត​ឈរ​កំពូល​តារាង La Liga ក្រោយ​ឈ្នះ Sevilla
កីឡាអន្តរជាតិ
អន្តរជាតិ
Atletico Madrid បន្ត​ឈរ​កំពូល​តារាង La Liga ក្រោយ​ឈ្នះ Sevilla
13, Jan 2021 , 12:29 pm        
រូបភាព
កីឡាករ​Saul Niguez របស់ Atletico Madrid ។ រូបថត Goal
កីឡាករ​Saul Niguez របស់ Atletico Madrid ។ រូបថត Goal
​ដោយ​៖​ជា យូ​គៀង
 
​ក្លិប​បាល់ទាត់ Atletico Madrid បន្ត​នាំមុខ​លើ​កំពូល​តារាង​ក្របខណ្ឌ​អេ​ស្ប៉ា​ញ La Liga ក្រោយ​បាន​យកឈ្នះ​ក្រុម​ភ្ញៀវ Sevilla ក្នុង​លទ្ធផល ២-០ នា​ការប្រកួត​យប់​ថ្ងៃទី​១២ ខែម​ករា​។ ពីរ​គ្រាប់​ដំបូង​របស់ AT Madrid រកបាន​ដោយ​កីឡាករ Angel Correa និង​ខ្សែបម្រើ Saul Niguez ។​

 
​ក្លិប Atletico Madrid បន្ត​យកបាន​៣​ពិន្ទុ​ពី​ការប្រកួត​ទល់ Sevilla ដើម្បី​ឈរលើ​កំពូល​តារាង​ក្របខណ្ឌ La Liga ដែល​នាំមុខ​ក្លិប Real Madrid ៤​ពិន្ទុ​។ AT Madrid រកបាន​៤១​ពិន្ទុ​ពី​ការប្រកួត ១៦​លើក ឯ Real Madrid មាន​៣៧​ពិន្ទុ និង FC Barcelona មាន​ត្រឹមតែ​៣៤​ពិន្ទុ​។​
 
​ក្នុង​ជ័យជម្នះ​២​ទល់​០ នៅ​កីឡដ្ឋាន Wanda Metropolitano កីឡាករ Angel Correa ស៊ុត​បញ្ចូល​ទី​គ្រាប់​ទីមួយ​ឲ្យ AT Madrid នៅ​នាទី​១៧ ហើយ​ដល់​នាទី​៧៦​វគ្គ​ទី​ពីរ ខ្សែបម្រើ Saul Niguez រកបាន​គ្រាប់​ទី​ពីរ​ឲ្យ​ម្ចាស់ផ្ទះ​។ 
 
​កីឡាករ​សញ្ជាតិ​អង់គ្លេស Kieran Trippier ក៏​បង្ហាញខ្លួន​ឲ្យ​ក្លិប​អេ​ស្ប៉ា​ញ​នេះ​វិញ​ដែរ ក្រោយ​រង​បម្រាម​១០​សប្ដាហ៍​ទាក់ទង​ការ​ភ្នាល់​កាលពីមុន​បុណ្យ​ណូអែល​។ ខណៈ​ការស៊ើបអង្កេត​កំពុង​ធ្វើ​នៅឡើយ រូបគេ​អាច​បង្ហាញ​វត្តមាន​ឡើងវិញ ក្រោយ​បម្រាម​នេះ​ត្រូវបាន​ព្យួរ​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​ពិភពលោក (FIFA) ។ 
 
​ចំណែក​ការប្រកួត​មួយទៀត ក្រុម Granada បាន​យកឈ្នះ​ក្រុម Osasuna ដោយ​លទ្ធផល ២-០ ដែរ​។ នេះ​ជាការ​ប្រកួត​សប្តាហ៍​ទី ១៨ របស់​ក្រុម​ទាំងពីរ​។ បី​ពិន្ទុ​នេះ​ជួយ​ឲ្យ Granada ឈរ​លេខ​៧ មាន​២៧​ពិន្ទុ​។ Osasuna ស្ថិតនៅ​លំដាប់​ទី​១៩ នៃ​ក្របខណ្ឌ La Liga មាន​ត្រឹមតែ​១៥​ពិន្ទុ​ប៉ុណ្ណោះ​។ ក្រុម​បាត​តារាង គឺ Huesca ដែលមាន​១២​ពិន្ទុ​ពី​ការប្រកួត​១៨​លើក​៕
 
 

Tag:
 Atletico Madrid
  Sevilla
© រក្សាសិទ្ធិដោយ thmeythmey.com