៧មករា ស្ថិត​ក្នុងចំណោម​ពិធីបុណ្យចំនួន​៥ ដែលអាចបន្ធូរបន្ថយ និងលើកលែងទោសទណ្ឌិត
ជាតិ
សង្គមជាតិ
៧មករា ស្ថិត​ក្នុងចំណោម​ពិធីបុណ្យចំនួន​៥ ដែលអាចបន្ធូរបន្ថយ និងលើកលែងទោសទណ្ឌិត
13, Jan 2021 , 1:40 pm        
រូបភាព
រូបថត AFP
រូបថត AFP
ព្រះករុណាព្រះមហាក្សត្រ ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី  កាលពីថ្ងៃទី​១២ ខែមករា បាន​ចេញព្រះរាជក្រឹត្យមួយ​ស្ដីពីការបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតនៅកម្ពុជា។ ព្រះរាជក្រឹត្យ បាន​កំណត់​យក​ពិធីបុណ្យ​ចំនួន​៥ដែលអាច​ស្នើសុំការបន្ធូរបន្ថយ និង​ការលើកលែងទោស។



ទិវាជ័យ​ជម្នះ​លើ​របប​ប្រល័យពូជសាសន៍​ (៧មករា) ស្ថិតក្នុងចំណោមពិធី​បុណ្យ​ទាំង​៥ដែល​រដ្ឋាភិបាល​ស្នើសុំសម្រាប់​ការ​បន្ធូរបន្ថយ និង​ការ​លើកលែងទោស។ ពិធីបុណ្យផ្សេងទៀត មាន ពិធីបុណ្យ​ចូលឆ្នាំថ្មីប្រពៃណីជាតិ ពិធីបុណ្យ​វិសាខបូជា ពិធីបុណ្យ​ឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ។

បន្ថែមពីលើនេះ ព្រះរាជក្រឹត្យ​បានបញ្ជាក់ថា ការបន្ធូរបន្ថយ និង​ការលើកលែងទោស ក៏អាច​ធ្វើ​ផងដែរ​សម្រាប់​ពិធីបុណ្យ ឬព្រឹត្តិការណ៍ធំៗ​របស់ជាតិ ហើយក៏អាចធ្វើ​សម្រាប់​ពិធីបុណ្យនីមួយៗខាងលើដាច់ដោយឡែក ឬរួមគ្នា។

ព្រះរាជក្រឹត្យ មានគោលដៅធ្វើសមាហរណកម្មទណ្ឌិត ឲ្យ​ចូលទៅរួមរស់ក្នុងសង្គមវិញឬក្នុងគោលបំណងផ្នែកមនុស្សធម៌ចំពោះទណ្ឌិតដែលត្រូវបាន​វាយតម្លៃថា មានកម្រិត​កែប្រែខ្ពស់ ឬទណ្ឌិត​ដែលមាន​វ័យ​ចាស់ជរា ស្ត្រីមានគភ៌ អ្នក​មានជំងឺ​រ៉ាំរ៉ៃធ្ងន់ធ្ងរ វិបល្លាស​ស្មារតី ឬពិការភាព​ ដោយមាន​លិខិតបញ្ជាក់ពីគ្រូពេទ្យ ហើយទទួល​ស្គាល់ដោយសមត្ថកិច្ច។

ព្រះរាជក្រឹត្យនេះ ​មានវិសាលភាពគ្របដណ្ដប់ទៅលើការបន្ធូរបន្ថយទោស និងលើកលែងទោស ចំពោះទណ្ឌិតទាំងអស់ដែលត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារ ដោយសាលក្រម ឬសសាលដីកាស្ថាពររបស់តុលាការកម្ពុជា និងចំពោះទណ្ឌិត ដែលត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារ ដោយអំណាចតុលាការនៃរដ្ឋបរទេស ប៉ុន្តែត្រូវបានបញ្ជូនឲ្យមកអនុវត្តទោសនៅកម្ពុជា ដោយផ្អែកតាមការព្រមព្រៀងរវាងកម្ពុជា និងរដ្ឋបរទេស។

​មាត្រា​៧ចែងថា ទណ្ឌិត​ដែលអាច​ទទួលការបន្ធូរបន្ថយទោស​ លុះត្រា​តែ​បានទទួល​រងទោស​១/៣នៃទោសដាក់ពន្ធនាគារ​ដែល​តុលាការបាន​កំណត់ រីឯអ្នកទោស​ជាប់ពន្ធនាគារមួយជីវិត ត្រូវទទួល​រងទោស​១០​ឆ្នាំជាមុន​សិន៕

Tag:
 ច្បាប់
  ទណ្ឌិត
  លើកលែងទោស
© រក្សាសិទ្ធិដោយ thmeythmey.com