អន្តរជាតិ
តុលាការកំពូលឥណ្ឌា បញ្ជាឲ្យផ្អាកការអនុវត្តច្បាប់កសិកម្មចំនួនបីដែលចម្រូងចម្រាស បាតុកម្មរបស់កសិករឥណ្ឌា។ រូបភាព៖AFP
× តុលាការកំពូលឥណ្ឌា នៅថ្ងៃទី១២ មករា បានចេញសេចក្តីសម្រេចផ្អាកការអនុវត្តច្បាប់កសិកម្មចំនួនបីដែលចម្រូងចម្រាស់។ តុលាការកំពូល នឹងបង្កើតគណៈកម្មការដើម្បីស្តាប់ពីការតវ៉ារបស់កសិករ និងដោះស្រាយបញ្ហាដែលជាដើមហេតុនាំឲ្យកសិករឥណ្ឌារាប់ម៉ឺននាក់បានជួបជុំបាតុកម្មនៅរដ្ឋធានីញូវដែលី ដើម្បីប្រឆាំងរដ្ឋាភិបាលតាំងតែពីខែវិច្ឆិកា ឆ្នាំ២០២០មកម្ល៉េះ។
សេចក្តីសម្រេចក្នុងការព្យួរការអនុម័តច្បាប់ ធ្វើឡើងក្រោយតុលាការកំពូលពុំពេញចិត្តនឹងនីតិវិធីធ្វើកំណែទម្រង់ច្បាប់ដោយរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីនារិន្ទ្រា ម៉ូឌី ក៏ដូចជាខកចិត្តទៅនឹងវិធីសាស្ត្រក្នុងការចរចារបស់រដ្ឋាភិបាលជាមួយបាតុករជាច្រើនលើកតែមិនអាចដោះស្រាយអ្វីសោះ។ ការអនុម័តច្បាប់ទាំងបី កាលពីខែកញ្ញាឆ្នាំ២០២០ ធ្វើឡើងយ៉ាងរហ័ស និងដោយពុំមានការពិភាក្សាច្រើនឡើយក្នុងសភាទាំងពីរថ្នាក់។
«យើងនឹងព្យួរការអនុវត្តច្បាប់ទាំងបី រហូតមានបញ្ជាថ្មីទៀត»។ នេះជាការសម្រេចរបស់លោក Sharad Arvind Bobde ប្រធានចៅក្រុមនៃតុលាការកំពូលឥណ្ឌាក្នុងសេចក្ដីប្រកាសថ្ងៃទី១២ ខែមករា។ ចៅក្រម Bobde បន្តថា តុលាការកំពូលមានអំណាចក្នុងការបង្កើតគណៈកម្មការ ហើយគណៈកម្មការនោះនឹងផ្តល់របាយការណ៍មកតុលាការវិញ។ ចៅក្រម Bobde អះអាងថា តុលាការកំពូលនឹងការពារកសិករ។
ខាងក្រុមបាតុករវិញ មានសុទិដ្ឋិនិយមចំពោះការសម្រេចនេះ។ លោក Paramjeet Singh ប្រធានសហជីពកសិករឥណ្ឌាដែលរៀបចំការតវ៉ានិយាយថា វិធានការរបស់តុលាការកំពូល មិនមែនជាជ័យជម្នះឡើយ តែការវិវត្តដ៏ល្អមួយ។ លោកថា ក្រោយការចេញបញ្ជារបស់តុលាការ រដ្ឋាភិបាលដ៏ចចេស នឹងបន្ទន់ជំហរខ្លះ។
យ៉ាងណាមិញ លោក Himanshu សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Jawaharlal Nehru ពុំសូវជឿលើវិធានការរបស់តុលាការកំពូលឥណ្ឌាឡើយ និងអះអាងថា តុលាការគ្មានសិទ្ធិលុបច្បាប់ឡើយ ហើយបើធ្វើបាន គឺក្រោមហេតុផលអធម្មនុញ្ញភាពតែប៉ុណ្ណោះ។
ច្បាប់កសិកម្មថ្មីដ៏ចម្រូងចម្រាស តម្រូវឲ្យកសិករលក់កសិផលិតផលទៅទីផ្សារដោយផ្ទាល់តែម្តង ដោយពុំចាំបាច់លក់ទៅឲ្យអង្គភាពរដ្ឋដែលជាអ្នកធានាតម្លៃអប្បរមាឡើយ។ កសិករឥណ្ឌាអះអាងថា ច្បាប់នេះនឹងធ្វើឲ្យតម្លៃទំនិញចុះថ្លៃ ក៏ដូចជាបើកផ្លូវឲ្យកសិដ្ឋានធំៗវាយលុកគ្របដណ្តប់ទីផ្សារ។ រដ្ឋាភិបាលវិញអះអាងថា ច្បាប់ថ្មីនេះ ជាកំណែទម្រង់ចាំបាច់សម្រាប់វិស័យកសិកម្មឥណ្ឌាដែលនៅតែជាជន្ទល់សេដ្ឋកិច្ចប្រទេស។ ប្រជាជនឥណ្ឌាប្រមាណ៦០ភាគរយពឹងផ្អែកក្នុងការប្រកបរបរចិញ្ចឹមជីវិត។ កសិកម្មឥណ្ឌាមួយភាគធំ ស្ថិតនៅភាគខាងជើងប្រទេស។
ចាប់តាំងពីមានបាតុកម្មប្រឆាំងនឹងច្បាប់នេះមក រដ្ឋាភិបាល និងតំណាងកសិករបានជួបចចារគ្នាចំនួនប្រាំបីដងរួចមកហើយ។ រដ្ឋាភិបាលឥណ្ឌាបញ្ជាក់ជំហរថា នឹងមិនលុបច្បាប់នេះចោលឡើយ ចំណែកកសិករវិញអះអាងថា នឹងបន្តបាតុកម្មរហូតដល់ច្បាប់នេះត្រូវលុបចោល។ ការចចារត្រូវរំពឹងថា នឹងធ្វើឡើងនៅថ្ងៃ១៥ ខែមករាម្ដងទៀត៕
© រក្សាសិទ្ធិដោយ thmeythmey.com