Thailand Open៖ អ្នក​វាយ​សី​៣​នាក់​ដែល​ឆ្លង COVID-19 អនុញ្ញាត​ឲ្យ​ចូល​ប្រកួត​វិញ​
COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
Thailand Open៖ អ្នក​វាយ​សី​៣​នាក់​ដែល​ឆ្លង COVID-19 អនុញ្ញាត​ឲ្យ​ចូល​ប្រកួត​វិញ​
13, Jan 2021 , 3:15 pm        
រូបភាព
កីឡាការិនីរបស់ឥណ្ឌា Saina Nehwal ម្ចាស់មេដាយសំរឹទ្ធអូឡាំពិកនាការប្រកួតកន្លងមក
កីឡាការិនីរបស់ឥណ្ឌា Saina Nehwal ម្ចាស់មេដាយសំរឹទ្ធអូឡាំពិកនាការប្រកួតកន្លងមក
​កីឡាករ កីឡាការិនី​វាយ​សី​៣​នាក់ ក្នុងចំណោម​៤​នាក់ ដែល​ធ្វើតេស្ត​ចេញ​លទ្ធផល​វិជ្ជមាន​ជំងឺ COVID-19 ត្រូវបាន​ឲ្យ​ត្រឡប់​ទៅ​ចូលរួម​ប្រកួត​ព្រឹត្តិការណ៍ Thailand Open ដែល​ធ្វើឡើង​នៅ​ប្រទេស​ថៃ​។ សហព័ន្ធ​កីឡា​វាយ​សី​ពិភពលោក (BWF) ប្រកាស​បែបនេះ​នៅ​ថ្ងៃទី​១២ ខែមករា ដោយ​បញ្ជាក់ថា​អ្នក​វាយ​សី​៣​នាក់​ដែល​អាច​ចូល​ប្រកួត​វិញ ដោយសារ​ពួកគេ​មាន​អង្គ​បដិបក្ខ​វិជ្ជ​មាន​។​


​តាមរយៈ​ការចុះផ្សាយ​របស់​ទូរទស្សន CNA សេចក្ដីប្រកាស​របស់ BWF បញ្ជាក់ថា អ្នក​វាយ​សី​ដែល​រកឃើញថា វិជ្ជមាន​ជំងឺ​រាតត្បាត​សកល​រួ​មាន​កីឡាការិនី Saina Nehwal ម្ចាស់​មេដាយ​សំរឹទ្ធ​អូឡាំពិក និង HS Prannoy របស់​ឥណ្ឌា រួមទាំង​កីឡាករ​អាល្លឺម៉ង់ Jones Ralfy Jansen និង​កីឡាករ​អេ​ហ្ស៊ី​ប Adham Hatem Elgamal នៅក្នុង​ការធ្វើ​តេស្ត​ជុំ​ទី​៣ កាលពី​ថ្ងៃទី​១១ ខែមករា​។ 
 
​ការប្រកាស​ពី​ចំនួន​អ្នក​ឆ្លង COVID-19 ធ្វើឡើង​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​មុនពេល​ចាប់ផ្តើម​កម្មវិធី​ប្រកួត​កីឡា​វាយ​សី​លំដាប់​ពិភពលោក Thailand Open នៅ​ថ្ងៃទី​១២ ខែមករា ដែល​ថៃ​ទទួល​សិទ្ធិ​ធ្វើ​ម្ចាស់ផ្ទះ​។ ព្រឹត្តិការណ៍​កីឡា​នេះ នឹងត្រូវ​បិទ​ការប្រកួត​វិញ​នៅ​ថ្ងៃទី​១៧ ខែ​ដដែល​។ 
 
​ដើម្បី​បញ្ជាក់​ភាពត្រឹមត្រូវ សំណាក​អ្នក​ទាំង​៤ ត្រូវធ្វើ​តេស្ត​ម្ដងទៀត ក្នុងនោះ Prannoy, Jansen និង​Elgamal បាន​រកឃើញថា​អវិជ្ជមាន ខណៈ Nehwal វិជ្ជមាន​។ ពួកគេ ក៏ត្រូវ​បានធ្វើ​តេស្ត PCR ជា​លើក​ទី​២ និង​ការធ្វើ​តេស្ត​ឈាម​អង្គ​បដិបក្ខ​ផង​ដើម្បី​បញ្ជាក់បន្ថែម​។​
 
​បន្ទាប់ពី​លទ្ធផល​តេស្ត និងសេចក្តីសម្រេច​ពី​គណៈកម្មាធិការ​វិនិច្ឆ័យ រួមទាំង​ការស៊ើបអង្កេត​ពី​ក្រសួងសុខាភិបាល​ថៃ​ផង កីឡាការិនី Nehwal, Prannoy រួមទាំង​កីឡាករ Jansen ត្រូវបាន​អនុញ្ញាត​ឲ្យ​វិលត្រឡប់​ចូល​ប្រកួត​វិញ លើកលែងតែ Adham Hatem Elgamal ម្នាក់​ប៉ុណ្ណោះ​។​
 
BWF ពន្យល់ថា Nehwal, Prannoy និង Jansen បានធ្វើ​តេស្ត​វិជ្ជមាន​លើ​ការ​តេស្ត PCR ប៉ុន្តែ​អង្គ​បដិបក្ខ (Immunoglobulin G) របស់​ពួកគេ ក៏​វិជ្ជមាន​ដែរ​។ អង្គ​បដិបក្ខ​វិជ្ជមាន មានន័យថា​ពួកគេ​មាន COVID-19 កាលពី​ពេលមុន​មកហើយ មិនមែន​ពេលនេះ​ទេ​។​
 
«​ពួកគេ​មិនបាន​ឆ្លង​នៅ​បច្ចុប្បន្ននេះ​ទេ​។ អ្នក​ទាំងបី​បាន​ឆ្លង COVID-19 តាំងពី​ចុងឆ្នាំ ២០២០ ម្លេះ​។ យើង​ពិតជា​រីករាយ​ណាស់​ដែល​ពួកគេ​មិនបាន​ឆ្លង និង​មិន​បង្ក​គ្រោះថ្នាក់​ដល់​អ្នកចូលរួម​ការប្រកួត​ផ្សេងទៀត​»​។ ស្ថាប័ន​គ្រប់គ្រង​កីឡា​វាយ​សី​ពិភពលោក​បន្ថែម​ដូច្នេះ​។​
 
​ដោយឡែក Elgamal ដែល​បានធ្វើ​តេស្ត​មាន​លទ្ធផល​វិជ្ជមាន​តាម​ការ​តេស្ត PCR ប៉ុន្តែ​អង្គ​បដិបក្ខ​របស់គេ​អវិជ្ជមាន​នោះ ត្រូវបាន​គណៈកម្មាធិកា​រ​ណែនាំ​ឲ្យ​រូបគេ​ដកខ្លួន​ចេញពី​ការប្រកួត​នេះ​តែម្តង​៕

Tag:
 Thailand Open
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com