ជាតិ
សង្គមជាតិ
ក្រសួង​ពីរ​សហការគ្នា​បណ្តុះបណ្តាល​ជំនាញ​សាងសង់​ស្ពាន ថ្នល់ កំពង់ផែ និង​ផ្លូវដែក​
13, Jan 2021 , 8:29 pm        
រូបភាព
លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួងអប់រំ យុវជន និងកីឡា និងលោក​ ស៊ុ​ន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន​
លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួងអប់រំ យុវជន និងកីឡា និងលោក​ ស៊ុ​ន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន​
ដោយ:
​ភ្នំពេញ​៖ ក្រសួង​អប់រំ និង​ក្រសួង​សាធារណការ បាន​ចុះ​អនុស្សារណៈ​នៃ​ការយោគយល់​ស្តីពី​ការបង្កើត​វគ្គ​បណ្តុះបណ្តាល​ជំនាញ​សាងសង់​ស្ពាន ថ្នល់ កំពង់ផែ និង​ផ្លូវដែក ដល់​និស្សិត​កម្ពុជា​។ ជំនាញ​ទាំងនេះ​ត្រូវបាន​ក្រសួង​ទាំងពីរ​កំណត់​ឲ្យ​និស្សិត​សិក្សា​នៅ​វិទ្យាស្ថាន​តេ​ជោ​សែន​សាធារណការ និង​ដឹកជញ្ជូន និង​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​។

 
​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​បញ្ជាក់ថា វគ្គ​បណ្តុះបណ្តាល​ជំនាញ​សាងសង់​ស្ពាន ថ្នល់ កំពង់ផែ និង​ផ្លូវដែក​នេះ​ជា​ជំនាញ​ថ្មី​ដែល​កម្ពុជា​ទើបតែ​បង្កើតឡើង ដើម្បី ជួយ​ឲ្យ​កម្ពុ​ជាមាន​ធនធានមនុស្ស​គ្រប់គ្រាន់​នៅក្នុង​វិស័យ​វិស្វកម្ម និង​សំណង់ សម្រាប់​អភិវឌ្ឍ​ប្រទេស​កម្ពុជា​។ 
 
​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ថ្លែង​ដូច្នេះ​ថា​៖«​កន្លងមក​មិនទាន់​ឃើញ​មាន​គ្រឹះស្ថាន​ណាមួយ​ផ្ដោតលើ​ការបណ្ដុះបណ្ដាល​លើ​ជំនាញ​បច្ចេកទេស​សាងសង់​ស្ពាន ថ្នល់ កំពង់ផែ និង​ផ្លូវដែក​ទេ​។ យើង​មានលទ្ធភាព​កសាង​គ្រឹះស្ថានសិក្សា ដើម្បី​ផ្តល់​ចំណេះដឹង​ដល់​កូន​ខ្មែរ ប៉ុន្តែ​កូន​ខ្មែរ​ទាំងអស់​ត្រូវមាន​ឆន្ទៈ​ខ្ពស់ និង​មុត​ស្រួច ក្នុង​ការយក​ចំណេះដឹង​ទាំងនោះ​ទៅ​បម្រើ​ជាតិ​មាតុភូមិ​នៃ​យើង​ឱ្យ​កាន់តែ​រីក​ច្រើន​រុងរឿង ប្រកបដោយ​កេរ្តិ៍ឈ្មោះ​ល្បី​រន្ទឺ​ពាសពេញ​ពិភពលោក​»​។ 
 
​លោក ស៊ុន ចាន់ថុល បាន​បញ្ជាក់ថា ជា​ជំហាន​ដំបូង​អន្តរក្រសួង​ទាំងពីរ​នេះ​នឹង​ជ្រើសរើស​និស្សិត​ចំនួន​២០០​នាក់​ចូលរៀន​វគ្គ​សិក្សា​នូវ​ជំនាញ​ទាំងនោះ​សម្រាប់​ឆ្នាំ​សិក្សា​២០២០-២០២១​នេះ​។ ចំពោះ​តម្លៃ​នៃ​ការសិក្សា និង​ការផ្តល់​អាហារូបករណ៍​ដល់​និស្សិត អន្តរក្រសួង​ទាំងពីរ​នេះ​កំពុងតែ​ពិចារណា និង​វាយតម្លៃ​។ 
 
«​ក្រសួង​នឹង​ខិតខំ​ប្រឹងប្រែង​ស្វែងរក​មូលនិធិ​នានា​ពី​ដៃគូ​អភិវឌ្ឍន៍ ដើម្បី​ផ្ដល់​អាហារូបករណ៍​ជូន​និស្សិត​ដែល​ជួប​ការលំបាក ប៉ុន្តែ​មាន​សមត្ថភាព និង​មហិច្ឆតា​ចង់​សិក្សា​ជំនាញ​នេះ នៅ​វិទ្យាស្ថាន​តេ​ជោ​សែន សាធារណការ និង​ដឹកជញ្ជូន​»​។ នេះ​ជាការ​រៀបរាប់​របស់លោក​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដោយ​បញ្ជាក់ថា ក្រសួង​នឹង​សហការ​ជាមួយនឹង​គ្រូ​បង្គោល​បរទេស​សម្រាប់​ប​ណ្តុះ​បណ្តាល​នូវ​ជំនាញ​នេះ​។​
 
​បើតាម​លោក​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្រសួង​នឹង​ផ្តល់​សម្ភារ​សិក្សា​ដល់​និស្សិត​សម្រាប់​សិក្សា​ជំនាញ​ទាំងនេះ​ប្រកបដោយ​គុណភាព​។ ព្រមទាំង​រៀបចំ​ឲ្យ​និស្សិត​ទៅ​សិក្សា​នៅ​កន្លែង​ការដ្ឋាន​សាងសង់​ផ្ទាល់​ដើម្បី​ឲ្យ​និស្សិត​អនុវត្ត​ជាក់ស្តែង​។ លោក​បន្តថា ក្រោយពី​និស្សិត​រៀន​ចប់ ក្រសួង​ក៏​នឹង​រៀបចំ​ស្វែ​ករក​ការងារ​ឲ្យ​និស្សិត​ផងដែរ​។​
 
​លោក ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​បញ្ជាក់ថា តាមរយៈ​ជំនាញ​ទាំងនេះ​ដែល​សិក្សា​នៅ​វិទ្យាស្ថាន​តេ​ជោ​សែន​សាធារណការ និង​ដឹកជញ្ជូន និង​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា នឹង​ជំរុញ​ឲ្យ​និស្សិត​មាន​សមត្ថភាព​ខ្ពស់​នៅក្នុង​ការអភិវឌ្ឍ​វិស័យ​សំណង់ និង​វិស្វកម្ម​ឲ្យ​មាន​ភាព​រីកចម្រើន​ដើម្បី​ប្រែក្លាយ​ឲ្យ​គ្រឹះស្ថានសិក្សា​ទាំងពីរ​នេះ​មានកេរ្តិ៍ឈ្មោះ​នៅ​កម្ពុជា រួមទាំង​បណ្តា​ប្រទេស​ដទៃទៀត​ផងដែរ​។​
 
​លោក​រដ្ឋមន្ត្រី​អប់រំ​បាន​ថ្លែង​ដូច្នេះ​ថា​៖«​វិទ្យាស្ថាន​បច្ចេកវិទ្យា​ក​ម្ពុ​ជា​កន្លងមក​មានកា​រ​ទទួលស្គាល់​។ ពេល​និស្សិត​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​បារាំង គ្រាន់តែ​ឮថា​មកពី​សាលា​តិច​ណូ គេ​ទទួលស្គាល់ ដោយសារ​តែមាន​និស្សិត​ខ្មែរ​ដែល​រៀន​បាន​២​ទៅ​៣​ឆ្នាំ​បាន​អាហារូបករណ៍​ទៅ​រៀន​។ គឺ​សុទ្ធតែជា​អ្នកចេះ​ច្បាប់ និង​ចេះ​មូលដ្ឋានគ្រឹះ​»​។ 
 
​លោក​រដ្ឋមន្ត្រី​នៃ​ក្រសួង​ទាំងពីរ​គឺ​សុទ្ធតែ​សង្ឃឹម​យ៉ាង​មុតមាំ​ថា និស្សិត​នឹងមាន​សមត្ថភាព​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ស្ពាន ផ្លូវថ្នល់​ឲ្យ​មាន​ប្រសិទ្ធភាព និង​គុណភាព​ខ្ពស់ ក្រោយពី​និស្សិត​បានបញ្ចប់​វគ្គ​បណ្តុះបណ្តាល​ជំនាញ​ទាំងនេះ​ចប់​៕ 
 

Tag:
 វិស្វកម្ម​
 ​និស្សិត​
 ​អប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com