កីឡាអន្តរជាតិ
អន្តរជាតិ
Salah បរិច្ចាគ​អុកស៊ីសែន និង​រថយន្ត​សង្គ្រោះ​ជួយ​អ្នក​ឆ្លង COVID-19 នៅ​ស្រុកកំណើត​
13, Jan 2021 , 9:29 pm        
រូបភាព
Mohamed Salah ខ្សែប្រយុទ្ធ​របស់ Liverpool បាន​បរិច្ចាគ​ធុង​អុកស៊ីសែន និង​រថយន្ត​សង្គ្រោះបន្ទាន់​ទៅកាន់​ភូមិកំណើត​របស់ខ្លួន​នៅ​តំបន់ Gharbia ប្រទេស​អេ​ហ្ស៊ី​ប​។ នេះ​ជា​ជំនួយ​សប្បុរសធម៌​ដើម្បី​ជួយ​សម្រួល​ប្រជាជន​ក្នុង​តំបន់​ក្នុងការ​ព្យាបាល​អ្នក​ឆ្លង​ជំងឺ COVID-19 ខណៈ​សព្វថ្ងៃ​អេ​ហ្ស៊ី​ប​កំពុង​ប្រយុទ្ធ​នឹង​រលក​ឆ្លង​ទី​២​ក្នុងប្រទេស​។​



​លោក Hassan Bakr ប្រធាន​អង្គការ​សប្បុរសធម៌​បាន​និយាយថា ធុង​អុកស៊ីសែន​ចំនួន​១៤​ដែលជា​ជំនួយ​របស់​មូលនិធិ Mohamed Salah Charity បាន​ជួយ​ដល់​ប្រជាជន​នៅក្នុង​ភូមិ Nagrig ព្រមទាំង​អ្នក​មកពី​ភូមិ​ជុំវិញ​នោះ​ផង​។ ធុង​អុកស៊ីសែន​ទាំងនោះ​សុទ្ធតែ​បាន​បញ្ជូន​ទៅផ្ទះ​អ្នកជំងឺ​ផ្ទាល់​តែម្តង​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters នៅ​ថ្ងៃទី​១២ ខែមករា​។​
 
«​យើង​ក៏មាន​រថយន្ត​សង្គ្រោះបន្ទាន់​មួយគ្រឿង​ផងដែរ តាមរយៈ​ការបរិច្ចាគ​របស់ Salah​។ រថយន្ត​នេះ​បាន​ជួយ​យើង​ក្នុងអំឡុងពេល​ឆ្លង​ខ្លាំង សម្រាប់​ដឹក​អ្នកជំងឺ​ទៅកាន់​មន្ទីរពេទ្យ​ដែល​នៅ​ដាច់​ឆ្ងាយ​»​។ នេះ​ជាការ​បន្ថែម​របស់លោក Bakr​។​
 
​លោក Bakr អះអាង​ទៀតថា Salah តែងតែ​រក្សា​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អ្នកភូមិ​ក្រីក្រ ដែល​ស្ថិតនៅ​កន្លែង​រូបគេ​បាន​ធំធាត់​។ ក្រៅពី​អុកស៊ីសែន និង​រថយន្ត​សង្គ្រោះ សមាជិក​ដែល​បាន​ជួយ Liverpool ឈ្នះ Champions League និង Premier League បាន​បរិច្ចាគ​ថវិកា​ប្រមាណ​៦៤០០០​ដុល្លារ​អាមេរិក​ជា​រៀងរាល់ឆ្នាំ​ទៅកាន់​មូលនិធិ Mohamed Salah Charity​នេះ​។​
 
​ខ្សែប្រយុទ្ធ​វ័យ ២៨ ឆ្នាំ​រូបនេះ ក៏​ធ្លាប់​ឆ្លង​ជំងឺ​រាតត្បាត​សកល​នេះ​ផងដែរ កាលពី​ខែវិច្ឆិកា​កន្លងទៅ​អំឡុងពេល​រូបគេ​ចូលរួម​ជួយ​ក្រុម​ជម្រើសជាតិ​អេ​ហ្ស៊ី​ប​៕
 

Tag:
 Mohamed Salah
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com