អន្តរជាតិ
បក្សកុម្មុយនីស្តឡាវ បើកសមាជលើកទី១១ ដើម្បីតម្រង់ទិសដៅ៥ឆ្នាំបន្ទាប់ ទិដ្ឋភាពសមាជលើកទី១១ របស់បក្សប្រជាជនបដិវត្តន៍ឡាវនៅទីក្រុងវៀងចន្ទន៍។ រូបថត VNA
× បក្សកាន់អំណាចឡាវ នៅថ្ងៃទី១៣ ខែមករា បានបើកសមាជរបស់ខ្លួនដើម្បីវាយតម្លៃការងារ៥ឆ្នាំមុន និងដាក់ទិសដៅ៥ឆ្នាំបន្ទាប់។ ការជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំថ្មី ក៏ជារបៀបវារៈសំខាន់មួយក្នុងសមាជដែលធ្វើរៀងរាល់៥ឆ្នាំម្ដងនេះ។ បក្សកុម្មុយនីស្តចិន និងវៀតណាមដែលនៅជាប់ឡាវ ក៏បានផ្ញើសារអបអរការបើកសមាជនេះដែរ។
សមាជបីថ្ងៃរបស់បក្សប្រជាជនបដិវត្តន៍កំពុងកាន់អំណាចនៅឡាវ ចាប់ផ្ដើមនៅថ្ងៃទី១៣ ខែមករា នៅមជ្ឈមណ្ឌលសន្និបាតជាតិក្នុងរដ្ឋធានីវៀងចន្ទន៍។ កិច្ចប្រជុំដ៏ធំរបស់បក្សកាន់អំណាចតែមួយគត់របស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ធ្វើឡើងក្នុងបរិបទនៃការរាលដាលជំងឺកូវីដ-១៩ ដោយអាជ្ញាធរបានពង្រឹងវិធានការការពារយ៉ាងម៉ត់ចត់។ អ្នកចូលរួមសុទ្ធតែពាក់ម៉ាស់ រក្សាគម្លាតសុវត្ថិភាព និងវាស់កម្ដៅផង។
បើតាមកាសែតឡាវ Vientiane Times សមាជលើកទី១១ នេះ នឹងកែប្រែធម្មនុញ្ញបក្ស ពិនិត្យរបាយការណ៍នយោបាយ និងសេដ្ឋកិច្ចក្នុងរយៈពេល៥ឆ្នាំកន្លងមក ក៏ដូចជាផែនកាសម្រាប់៥ឆ្នាំទៅមុខ។ ក្រៅពីផែនការសកម្មភាពទូទៅ អ្វីដែលគេរង់ចាំមើលនោះ គឺការជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំថ្មីរបស់បក្សកាន់អំណាចដែរដូចជាតំណែងអគ្គលេខាធិការ សមាជិកការិយាល័យនយោបាយ និងគណៈមជ្ឈិម។
លោក ប៊ុនញ៉ាង វរាជិត ដែលជាអគ្គលេខាធិការគណៈមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានាធិបតីឡាវដែរ រំពឹងថា នឹងបន្តដឹកនាំប្រទេស៥ឆ្នាំទៀត។ លោក ប៊ុនញ៉ាង ក្លាយជាអគ្គលេខាធិការបក្សកាលពីសមាជលើកទី១០ ឆ្នាំ២០១៦ ជំនួសលោក ជុំម៉ាលី សាយ៉ាសន ដែលចូលនិវត្តន៍។ ចំណែកនាយករដ្ឋមន្ត្រី ថងលួន ស៊ីសូលីត ក៏អាចជាប់ឆ្នោតជាសមាជិកការិយាល័យនយោបាយ និងជាមេដឹកនាំលំដាប់ទីពីរទៀតដែរ។
តាមពិតទៅ ព័ត៌មានទាក់ទងការជ្រើសរើសមេដឹកនាំ ត្រូវបិទជិតរហូតថ្ងៃប្រកាសតែម្ដង ព្រោះប្រព័ន្ធផ្សព្វផ្សាយទាំងអស់ស្ថិតក្រោមគ្រប់គ្រងរបស់បក្សកាន់អំណាចទាំងស្រុង។ ក្នុងឆ្នាំ២០១៦ នោះដែរ សមាជបក្សកាន់អំណាចឡាវ ជ្រើសរើសសមាជិកការិយាល័យនយោបាយ១១នាក់ និងសមាជិកគណៈមជ្ឈិម៦៩នាក់។
ចិន និងវៀតណាមដែលប្រកាន់របបដឹកនាំបែបកុម្មុយនីស្តដូចឡាវ ក៏បានផ្ញើសារអបអរសមាជិកនេះដែរ។ ក្នុងសាររបស់ខ្លួន គណៈមជ្ឈិមបក្សកុម្មុយនីស្តចិនលើកឡើងថា សមាជនេះ នឹងនាំមកកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍសង្គមនិយមនៅឡាវ។ ចំណែកគណៈមជ្ឈិមបក្សកុម្មុយនីស្តវៀតណាមវិញ បញ្ជាក់ថា សមាជលើកទី១១ ជាការអភិវឌ្ឍថ្មីមួយទៀតរបស់បដិវត្តន៍ឡាវ ហើយវៀតណាមត្រៀមធ្វើការជាមួយឡាវដើម្បីជំរុញទំនាក់ទំនងបក្ស និងប្រទេសទាំងពីរឲ្យកាន់តែរឹងមាំ៕
© រក្សាសិទ្ធិដោយ thmeythmey.com