ជាតិ
សង្គមជាតិ
បុរសស្ត្រីវៀតណាម២នាក់ ជាប់ពន្ធនាគារ២០ឆ្នាំទៅ២៥ឆ្នាំ ពីបទល្មើសគ្រឿងញៀននៅកម្ពុជា រូបពី AFP
× ចៅក្រមតុលាការភ្នំពេញ បានប្រកាសសាលក្រម នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ កំណត់ឲ្យបុរសជនជាតិវៀតណាមម្នាក់ ជាប់ពន្ធនាគារ២៥ឆ្នាំ ហើយជនជាតិវៀតណាម្នាក់ទៀត ជាស្ត្រី ជាប់ពន្ធនាគារ២០ឆ្នាំ ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន។ ក្រៅពីជាប់ពន្ធនាគារ បុរសស្ត្រីជនជាតិវៀតណាមទាំង២រូបនោះ ត្រូវបង់ថវិកាចូលរដ្ឋថែមទៀត ដោយបុរស ត្រូវបង់៦០លានរៀល ហើយស្ត្រី ត្រូវបង់៤០លានរៀល។
លោក សួស វិទ្យារ៉ាឌី អនុប្រធានលេខាធិការដ្ឋានរដ្ឋបាលតុលាការភ្នំពេញ ប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទ នៅរសៀលថ្ងៃទី១៣ ខែមករា ថា ជនជាតិវៀតណាមទាំង២រូបនោះ ត្រូវចោទពីបទរក្សាទុក ដឹកជញ្ជូន និង ជួញដូរសារធាតុញៀន។ លោក ប្រាប់ថា អ្នកទាំង២ ត្រូវបញ្ជូនឃុំនៅពន្ធនាគារព្រៃស។
អ្នកទាំង២នោះ មានអាយុជាង៣០ឆ្នាំដូចគ្នា។ បុរស ឈ្មោះ ម៉ាយ ហា្វនទៀនថាញ់ (Mai Hoan Tien Thanh) និងស្ត្រី ឈ្មោះ វ៉ ថាញ់ហុង (Vor Thanh Hong)។ ពួកគេទាំង២ ត្រូវបានចាប់ខ្លួនតាំងពីចុងឆ្នាំ២០១៩មក នៅក្នុងរាជធានីភ្នំពេញ។
អគ្គស្នងការដ្ឋាននគរបាលជាតិ ចុះផ្សាយថា កម្លាំសមត្ថកិច្ច បានចុះទៅឆែកឆេរដល់ដល់កន្លែងស្នាក់នៅរបស់បុរសឈ្មោះ ម៉ាយ ហា្វនទៀនថាញ់ ដោយរកឃើញសារធាតុញៀនជិត២គីឡូក្រាម។ បើតាមនគរបាលជាតិដដែល ឈ្មោះ ម៉ាយ ហា្វនទៀនថាញ់ ស្ថិតក្នុងចំណោមបក្សពួកជនជាតិវៀតណាម៣នាក់ផ្សេងទៀត ដែលត្រូវសមត្ថកិច្ចកម្ពុជា ចាប់បានក្នុងអំឡុងពេលហាក់ប្រហែលគ្នា។ នគរបាលជាតិ ផ្សាយនៅពេលនោះថា ក្នុងប្រតិបត្តិចាប់ជនជាតិវៀតណាមទាំង៤នាក់នោះ កម្លាំងសមត្ថកិច្ច បានរកឃើញនិងរឹបអូសគ្រឿងញៀនសរុបជិត១០០គីឡូក្រាមឯណោះ រួមទាំងសារធាតុគីមីផ្សំជាង២៨គីឡូក្រាមទៀត។
យ៉ាងណា ស្ត្រីជនជាតិវៀតណាម ឈ្មោះ វ៉ ថាញ់ហុង មិនឃើញមានក្នុងអត្ថបទរបស់នគរបាលជាតិឡើយ។ ប៉ុន្តែសារព័ត៌មានមួយនៅកម្ពុជា ឈ្មោះ KBN បានផ្សាយថា ស្ត្រីជនជាតិវៀតណាម ឈ្មោះ វ៉ ថាញ់ហុង ក៏ត្រូវចាប់ខ្លួន ក្នុងចំណោមបក្សពួកខាងលើដែរ។ សារព័ត៌មមាន ពុំបានបញ្ជាក់ថា សមត្ថកិច្ច រកឃើញសារធាតុញៀនឬគ្រឿងញៀនចំនួនប៉ុន្មានពីស្ត្រីឈ្មោះ វ៉ ថាញ់ហុង ឡើយ ដោយគ្រាន់តែរាយការណ៍ថា សមត្ថកិច្ច បានដកហូតកញ្ឆាក្រៀម១កញ្ចប់ធំ ពេលចុះទៅចាប់នាង។
ផ្អែកលើសារព័ត៌មាន KBN គឺមានជនជាតិវៀតណាមម្នាក់ថែមទៀត ដែលត្រូវចាប់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបទល្មើសគ្រឿងញៀនខាងលើ។ សារព័ត៌មាន KBN បានសរសេរថា កម្លាំងសមត្ថកិច្ច បានរកឃើញគ្រឿងញៀនជិត១០០គីឡូក្រាម ក្នុងប្រតិបត្តិការចាប់ជនជាតិវៀតណាមទាំង៦នាក់នោះ៕
Tag:
ជនជាតិវៀតណាម
បទល្មើសគ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com