អន្តរជាតិ
អាមេរិក ប្រហារជីវិត​អ្នកទោស​ជា​ស្ត្រី​ជា​លើកដំបូង​ក្នុងពេល​ជិត​៧០​ឆ្នាំ​
13, Jan 2021 , 5:59 pm        
រូបភាព
អ្នកទោស Lisa Montgomery ត្រូវប្រហារជីវិតនៅថ្ងៃទី១៣ ខែមករា។ រូបភាព Reuters
អ្នកទោស Lisa Montgomery ត្រូវប្រហារជីវិតនៅថ្ងៃទី១៣ ខែមករា។ រូបភាព Reuters
​ដោយ ៖ឈួន ឈី​វ​អ៊ីង
 
​អ្នកទោស​ជា​ស្ត្រី​ម្នាក់​ឈ្មោះ Lisa Montgomery ត្រូវបាន​កាត់ទោស​ប្រហារជីវិត​នៅ​ព្រឹក​ថ្ងៃទី​១៣ ខែមករា​។ នាង​ជាប់​ពាក់ព័ន្ធ​ក្នុង​រឿងក្តី​ឃាតកម្ម និង​ចាប់ជំរិត​តាំងពី​ឆ្នាំ​២០០៤ ហើយ​ត្រូវ​កាត់ទោស​ប្រហារជីវិត​។ ការតវ៉ា​ជាច្រើនលើក បាន​បរាជ័យ​ខណៈ​មេធាវី​របស់​ស្ត្រី​រូបនេះ​បាន​លើកឡើងថា នាង​មាន​បញ្ហា​សតិអារម្មណ៍​ដែល​គួរតែ​លើកលែង​ពី​ការកាត់ទោស​ប្រហារជីវិត​។

 
Lisa Montgomery អ្នកទោស​ស្ត្រី​ដំបូង​ដែល​ត្រូវ​ប្រហារជីវិត​នៅ​អាមេរិក​គិត​តាំងពី​ឆ្នាំ​១៩៥៣​។ នាង​ត្រូវ​ប្រហារជីវិត​ក្នុង​គុក​នៅ​រដ្ឋ Indiana ក្រោយ​ការតវ៉ា​មិនបាន​សម្រេច​ជាច្រើនលើក​។​។ បើតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក NBC លោក Kelley Henry មេធាវី​របស់ Montgomery និយាយថា នាង​មាន​បញ្ហា​ផ្លូវចិត្ត​ធ្ងន់ធ្ងរ​ដោយសារ​រង​ទារុណកម្ម​ផ្លូវភេទ​ពី​សំណាក់​ឪពុកចុង និង​មនុស្ស​ដទៃទៀត​បន្ទាប់ពី​ម្តាយ​នាង​យកទៅលក់​។ 
 
​លើសពីនេះ ស្ត្រី​រូបនេះ​ក៏​ជំងឺ​ខូច​ខួរក្បាល​តាំងពី​កំណើត​ដោយសារ​ម្តាយ​របស់​នាង​ផឹកស្រា​ពេល​ពរ​ពោះ​នាង​ផងដែរ​។ អ្នកជំនាញ​ផ្នែក​ចិត្តសាស្ត្រ​ក៏បាន​បញ្ជូន​លិខិតបញ្ជាក់​ពី​សុខភាព​ផ្លូវចិត្ត​របស់​នាង ជា​ផ្នែក​មួយ​នៃ​បណ្តឹងឧទ្ធរណ៍​ផងដែរ ជាមួយ​ការ​អះអាងថា នាង​មិនអាច​សូម្បី​យល់​ពី​ការកាត់ទោស​ប្រហារជីវិត​របស់​នាង​ផង​។ 
 
​រឿងរ៉ាវ​ដែល​នាំ​ឲ្យ​មានទោស​ទណ្ឌ​នេះ​កើត​នៅ​ឆ្នាំ​២០០៤ នៅពេល Montgomery មាន​អាយុ​៣៦​ឆ្នាំ​។ ជា​អ្នករស់នៅ​រដ្ឋ Kansas នាង​ទៅបាន​ទៅលេង​រដ្ឋ Missouri ដែលជា​កន្លែង​រស់នៅរ​បស់​ស្ត្រី Bobbie Jo Stinnett ដែលជា​ជនរងគ្រោះ​។ ពួកគេ​បាន​ជួបគ្នា​នៅក្នុង​ការតាំងពិព័រណ៍​សត្វ​ឆ្កែ ខណៈ Stinnett កំពុង​ពរ​ពោះ​កូនស្រី​បាន​៨​ខែ​។ Montgomery ក៏បាន​ចង​ព្យួរ​ក Stinnett ជាមួយនឹង​ខ្សែពួរ ហើយ​បាន​យក​កាំបិត​ដែល​នាង​យក​មកពី​ផ្ទះ​នឹង​វះ​យក​ទារក​ចេញ​។ ប៉ុន្តែ​ភ្លាមៗ​នោះ​នាង​ក៏បាន​ចាប់ខ្លួន ដូច្នេះ​កូនស្រី​នោះ​ក៏​មិនមាន​គ្រោះថ្នាក់​ដល់​ជីវិត​ដែរ​។ 
 
Montgomery ត្រូវ​កាត់ទោស​ប្រហារជីវិត​ក្នុង​ឆ្នាំ​២០០៧ ។ កាលពី​ខែតុលា ឆ្នាំទៅ ក្រសួងយុត្តិធម៌​អាមេរិក​បាន​ពណ៌​នាពី​ករណីនេះ​ថា​ជា​អំពើ​ឃាតកម្ម​ក៏​សាហាវ​។ នៅ Missouri មនុស្សម្នា​នាំគ្នា​ជួបជុំ​កាលពី​ខែធ្នូ​ដើម្បី​រំឭក​ដល់ Stinnett ហើយ​មាន​អ្នកខ្លះ​ក៏​គាំទ្រ​ឲ្យ​មានការ​ប្រហារជីវិត Montgomery ដែរ​។ 
 
​គួររំឭកថា រដ្ឋាភិបាល​អាមេរិក​បាន​ប្រហារជីវិត​អ្នកទោស​ស្រី​ចុងក្រោយ​គេ​នៅ​ឆ្នាំ​១៩៥៣ គឺ Bonnie Brown Heady ក្នុង​សំណុំរឿង​ចាប់ជំរិត និង​ធ្វើឃាត​ក្មេងប្រុស​ម្នាក់​៕

Tag:
 អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com