កីឡាអន្តរជាតិ
អន្តរជាតិ
អតីតខ្សែការពារ Man City រិះគន់គ្រូបរទេសទៅដឹកនាំនៅចិន «ដើម្បីតែលុយ»
× Sun Jihai អតីតខ្សែការពារក្រុម Manchester City បានចោទប្រកាន់គ្រូបង្វឹកកីឡាបាល់ទាត់បរទេសដែលទៅដឹកនាំនៅចិន គ្រាន់តែដើម្បីលុយប៉ុណ្ណោះ។ Sun អះអាងថា ពួកគេធ្វើការតិចតួចប៉ុណ្ណោះក្នុងការនាំប្រទេសនេះសម្រេចក្តីសុបិនទៅកាន់ការប្រកួតបាល់ទាត់ពិភពលោក World Cup។
ការលើកឡើងរបស់ Jihai បែបនេះកើតឡើងមួយសប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីក្លិប Beijing Guoan នៃលីគកំពូលចិន Chinese Super League តែងតាំងលោក Slaven Bilic ដែលទើបបញ្ចប់តំណែងពីអ្នកចាត់ការ West Bromwich ជាគ្រូបង្វឹកថ្មី។ ជាមួយការមកដល់ទឹកដីចិន គ្រូសញ្ជាតិក្រូអាស៊ីនេះបាននិយាថា «ទឹកលុយ» បានដើរតួក្នុងផ្នែកមួយសំខាន់នៃការផ្លាស់ប្តូរ។
Bilic បានក្លាយជាគ្រូបង្វឹកក្រៅប្រទេសចុងក្រោយបង្អស់នៅ CSL បន្ទាប់ពី Fabio Cannavaro គ្រូ Guangzhou Evergrande និង Rafael Benitez ដែលកំពុងដឹកនាំ Dalian Pro។
Jihai វ័យ៤៣ឆ្នាំដែលលេងជាខ្សែការពារឲ្យ Man City ចន្លោះឆ្នាំ ២០០២ ដល់ ២០០៨ បាននិយាយក្នុងបទសម្ភាសន៍តាមទូរទស្សន៍នៅសប្តាហ៍នេះថា៖ «គ្រូបង្វឹកបរទេសមកប្រទេសចិនក្នុងគោលបំណងសាមញ្ញបំផុតគឺមើលលើប្រាក់ខែ។ បើមិនដូច្នោះទេតើពួកគេមកដើម្បីអ្វី? តើពួកគេចង់ធ្វើឲ្យកម្រិតបាល់ទាត់ចិនប្រសើរជាងមុនមែនឬ? តើពួកគេបានសម្រេចអ្វីខ្លះហើយ?»។
យ៉ងណាក៏ដោយ បើទោះជាការវាយតម្លៃនេះភ្ជាប់នឹងពាក្យរិះគន់យ៉ាងខ្លាំងក្តី ប៉ុន្តែ Sun ដែលធ្លាប់លេងឲ្យ Crystal Palace និង Sheffield United ដែរនោះ សារភាពថាប្រសិនលោកជាគ្រូបង្វឹកវិញក៏ធ្វើបែបនេះដែរ។ កីឡាកររូបនេះបន្តថា៖«បើខ្ញុំជាគ្រូបង្វឹកខ្ញុំក៏នឹងធ្វើដូចគ្នាអ៊ឺចឹងដែរ។ មនុស្សល្ងីល្ងើហើយមានលុយច្រើន ហេតុអ្វីមិនធ្វើនោះ»។
ដូចបានដឹងស្រាប់ហើយ លីគកំពូលចិននៅប៉ុន្មានឆ្នាំចុងក្រោយនេះទទួលបានកេរ្តិ៍ឈ្មោះគួរកត់សម្គាល់ ដ្បិតក្លិបអ្នកមានមួយចំនួនបានចំណាយប្រាក់ច្រើនសន្ធឹកដើម្បីទិញកីឡាករលំដាប់កំពូលៗទៅរួមក្រុមដែលភាគច្រើនជាខ្សែប្រយុទ្ធ។ យ៉ាងណាក៏ដោយ ការធ្វើបែបនេះ ត្រូវបានគេមើលឃើញថាជាការចំណាយខ្ជះខ្ជាយ បើធៀបនឹងក្លិបនៅតំបន់អឺរ៉ុប។
Sun មើលឃើញថា ក្លិបនៅប្រទេសចិនដែលចំណាយលុយច្រើន ផ្តោតលើតែតំបន់ប្រយុទ្ធ តែការពារពួកគេមិនសូវខ្វល់ឡើយ។ ជុំវិញករណីនេះ អតីតក្រុមជម្រើសជាតិចិនរូបនេះហ៊ានអះអាងថា នេះមិនមែនជាបាល់ទាត់ទេ ហើយនេះក៏មិនមែនជាទិសដៅដែលនាំឲ្យមានការអភិវឌ្ឍន៍បាល់ទាត់ក្នុងប្រទេសចិននោះដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com