កីឡាអន្តរជាតិ
អន្តរជាតិ
ថៃ ធានាសុវត្ថិភាពដើម្បីបន្តកីឡាវាយសីពិភពលោក ទោះមានអ្នកឆ្លង COVID-19 បន្តបន្ទាប់
× ថៃ នៅតែបន្តរៀបចំព្រឹត្តិការណ៍កីឡាវាយសី Thailand Open បើទោះមានករណីឆ្លង COVID-19 ថ្មីទៀតក្នុងរយៈពេល២ថ្ងៃ។ សហព័ន្ធកីឡាវាយសីពិភពលោក (BWF) បានប្រកាសដូច្នេះនៅថ្ងៃទី១៤ ខែមករា ខណៈម្ចាស់ផ្ទះអះអាងពីសុវត្ថិភាពសម្រាប់អ្នកចូលរួមការប្រកួតនេះ។
កីឡាករអេហ្ស៊ីប Adham Hatem Elgamal ចំណោមអ្នកវាយសី៤រូប បានដកខ្លួនចេញពីព្រឹត្តិការណ៍នេះ បន្ទាប់ពីតេស្តចេញលទ្ធផលវិជ្ជមាននៅពេលចាប់ផ្តើមប្រកួតតែប៉ុន្មានម៉ោងប៉ុណ្ណោះ។ ដោយឡែក កីឡាករកីឡាការិនី៣រូបទៀតដែលពិនិត្យឡើងវិញចុងក្រោយជាមួយ Elgamal ដើម្បីបញ្ជាក់ឲ្យច្បាស់ ត្រូវបានអនុញ្ញតឲ្យចូលរួមប្រកួតវិញ។
ក្រោយដំណើរការប្រកួតបាន២ថ្ងៃ BWF បានរកឃើញអ្នកវិជ្ជមានជំងឺរាតត្បាតនេះ២រូបបន្ថែមទៀត ដែលរួមមានគ្រូបង្វឹកជនជាតិអាល្លឺម៉ង់ និងបុគ្គលិករបស់ក្រុមបារាំង។ អ្នកទាំងពីរនេះកំពុងស្ថិតក្នុងការតាមដាននៅឯមន្ទីរពេទ្យ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
យ៉ាងណាក៏ដោយ បើទោះមានអ្នកតេស្តវិជ្ជមានជំងឺ COVID-19 ក្តី ក្រសួងសុខាភិបាលថៃនៅតែសម្រេចឲ្យព្រឹត្តិការណ៍កីឡាវាយសីនេះបន្តទៅមុខដដែល។ នេះបើតាមការបញ្ជាក់របស់ BWF។ BWF បន្ថែមថា ក្រសួងសុខាភិបាលថៃក្នុងនាមម្ចាស់ផ្ទះថែមទាំងធានាពីសុវត្ថិភាពរបស់អ្នកចូលរួមក្នុងការប្រកួតនេះទៀតផង។
ព្រឹត្តិការណ៍ Thailand Open ដែលធ្វើឡើងនៅក្រុងបាងកក មានរយៈពេលប្រកួត៦ថ្ងៃ គិតចាប់ពីថ្ងៃទី១២ ដល់១៧ ខែមករា៕
Tag:
Thailand Open
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com