សង្គមអន្តរជាតិ​
អន្តរជាតិ
យ៉ាងហោចណាស់៧នាក់ បាត់បង់ជីវិតក្នុងគ្រោះរញ្ជួយដីនៅឥណ្ឌូណេស៊ី
15, Jan 2021 , 10:19 am        
រូបភាព
រូបភាព៖ AP
រូបភាព៖ AP
រញ្ជួយដីកម្រិត៦,២រិចទ័រ បានវាយប្រហារកោះស៊ូឡាវេស៊ីដែលស្ថិតនៅភាគខាងកើតឥណ្ឌូណេស៊ី។ មនុស្សស្លាប់យ៉ាងហោចណាស់ ៧នាក់ ខណៈអ្នករបួសមានច្រើនរយនាក់។ នេះបើតាមការអះអាងរបស់ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៊ី (BNPB) នៅថ្ងៃទី១៥ ខែមករា។

 
ចំណុចរញ្ជួយ បានកើតឡើងនៅចម្ងាយ ៦គីឡូម៉ែត្រភាគឦសានទីក្រុង Majene និងក្នុងជម្រៅ ១០គីឡូម៉ែត្រ។ តាមទិន្ន័យបឋម មនុស្ស៤នាក់បានស្លាប់ និង៦៣៧នាក់រងរបួស នៅទីក្រុង Majene ខណៈមនុស្ស ៣នាក់ផ្សេងទៀតស្លាប់ និងរបួសនៅក្នុងតំបន់ Mamuju ដែលនៅក្បែរទីក្រុង Majene ។ 
 
ក្រៅពីបង្កឲ្យមនុស្សស្លាប់ គ្រោះរញ្ជួយដីកម្រិត ៦,២ រិចទ័រនេះ ក៏បានបំផ្លាញផ្ទះសម្បែង និងទ្រព្យសម្បត្តិរបស់ប្រជាជនផងដែរ។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters មនុស្សជាច្រើនពាន់នាក់ បានជម្លៀសចេញពីផ្ទះសម្បែងដើម្បីរកកន្លែងសុវត្ថិភាព។ ក្នុងទិន្នន័យបឋម ផ្ទះយ៉ាងហោចណាស់ ៦០ខ្នង ត្រូវបានបំផ្លាញ។ យ៉ាងហោចណាស់មួយខ្សែចូលក្នុងតំបន់ Manuju  ត្រូវបានកាត់ផ្តាច់។ គ្រោះរញ្ជួយដីនេះ មិនធ្វើឲ្យមានរលកស៊ូណាមិឡើយ។ 
 
ប៉ុន្មានម៉ោងមុននឹងហេតុការណនេះ ក៏មានរញ្ជួយដីមួយកម្រិត៥,៩រិចទ័រ ដោយបានវាយប្រហារលើតំបន់ Manuju នេះដដែល។ ផ្ទះប្រមាណ៤ខ្នង ត្រូវបំផ្លាញ និងមានអ្នករបួស១នាក់។  
 
សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០១៨ កោះស៊ូឡាវេស៊ីរបស់ឥណ្ឌូណេស៊ី ក៏មានគ្រោះរញ្ជួយដី៦,២រិចទ័រផងដែរ ដោយកាលនោះ ធ្វើឲ្យមានរលកស៊ូណាមិ វាយប្រហារទីក្រុង Palu និងសម្លាប់មនុស្សជាច្រើនពាន់នាក់៕ 
 

Tag:
 ឥណ្ឌូណេស៊ី
  រញ្ជួយដី
© រក្សាសិទ្ធិដោយ thmeythmey.com