ជាតិ
សង្គមជាតិ
កម្ពុជា ជាប្រទេសផ្គត់ផ្គង់ដំឡូងមី លំដាប់ទី៤ក្នុងអាស៊ី និងលេខ១០ទូទាំងពិភពលោក
15, Jan 2021 , 10:47 am        
រូបភាព
ភ្នំពេញ៖ កម្ពុជា ជាប្រទេសផ្គត់ផ្គង់ដំឡូងមីដ៏ធំជាងគេ លំដាប់ទី៤ក្នុងតំបន់អាស៊ី និងចំណាត់ថ្នាក់ទី១០ ក្នុងពិភពលោក។ នេះជាការលើកឡើងរបស់លោក ប៉ាន សូរសក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៅក្នុងពិធីសម្ពោធគោលនយោបាយជាតិស្តីពីដំឡូងមី ២០២០-២០២៥។


 
លោក ប៉ាន សូរស័ក្តិ បានបញ្ជាក់ថា ដំណាំដំឡូងមី បានរួមចំណែកយ៉ាងច្រើន ដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ដូច្នេះដើម្បីទាញយកសក្តានុពលនេះ កម្ពុជាគួរតែធ្វើឱ្យខ្សែច្រវាក់តម្លៃរបស់ខ្លួន មានភាពប្រសើរឡើង តាមរយៈពង្រឹងសមត្ថភាព ដែលមានស្រាប់និងបង្កើតសមត្ថភាពថ្មី ។ ជាពិសេសកម្ពុជា ត្រូវចាប់យកកាលានុវត្តភាពទីផ្សារ ដែលកំពុងរីកចម្រើន សម្រាប់កំណើនសេដ្ឋកិច្ចរួមនិងពង្រីកសេដ្ឋកិច្ចខ្លួន ដើម្បីសម្រេចគោលដៅរបស់រាជរដ្ឋាភិបាលឆ្នាំ២០៣០ និង២០៥០។
 
ថ្លែងក្នុងពិធីសម្ពោធគោលនយោបាយជាតិស្តីពីដំឡូងមី កាលពីថ្ងៃទី១៤ មករា រដ្ឋមន្រ្តីពាណិជ្ជកម្មរូបនេះ បានបញ្ជាក់ដូច្នេះថា៖«ជាក់ស្ដែងនៅក្នុងឆ្នាំនេះ ការប្រមូលផល និងការផ្គត់ផ្គង់មើមដំឡូងមីស្រស់ ចូលទីផ្សារពិភពលោក មានចំនួនរហូតទៅដល់១២លានតោន ដែលជាពិសេសគឺស្ថិតនៅក្នុងតំបន់អាស៊ីខាងកើត ដែលក្នុងចំណែកនៃការផ្គត់ផ្គង់ទីផ្សារទាំងនេះ។ កម្ពុជាជាប្រទេសផលិតដំឡូងមីដ៏ធំ ដែលស្ថិតនៅលំដាប់ទី៤ នៅក្នុងតំបន់អាស៊ី និងលំដាប់ទី១០នៅក្នុងពិភពលោក»។
 
ដោយសារមើលឃើញសក្តានុពលនៃដំណាំដំឡូងមីនេះ ទើបរដ្ឋាភិបាលសម្រេចរៀបចំគោលនយោបាយជាតិនេះ ក្នុងគោលបំណងធ្វើឱ្យប្រទេសកម្ពុជា ក្លាយជាទីតាំងផលិតកែច្នៃ និងជាអ្នកផ្គត់ផ្គង់ផលិតផលដំឡូងមីមួយ ប្រកបដោយភាពជឿទុកចិត្តសម្រាប់ជំរុញការនាំចេញទៅទីផ្សារពិភពលោក។ បើតាមលោក ប៉ាន សូរស័ក្តិ គោលដៅសំខាន់ចំនួន៣ នៃគោលនយោបាយជាតិ ស្តីពីដំឡូងមីនេះ រួមមាន ការផ្លាស់ប្តូរពីផលិតកម្មដំឡូងមីបែបប្រពៃណី ឬគ្រួសារ ឱ្យទៅជាផលិតកម្មដំឡូងមីបែបពាណិជ្ជកម្ម, ការគាំទ្រដល់អ្នកកែច្នៃផលិតផលដំឡូងមីឱ្យមានសក្តានុពល និងទាក់ទាញវិនិយោគ ដើម្បីកែច្នៃផលិតផលពីដំឡូងមី ដែលមានតម្លៃបន្ថែមខ្ពស់សម្រាប់ផ្គត់ផ្គង់ទីផ្សារ , ការលើកកម្ពស់ភាពប្រកួតប្រជែងពាណិជ្ជកម្ម តាមរយៈការជ្រៀតចូល និងចាប់យកទីផ្សារ ដោយផ្សារភ្ជាប់ទៅនឹងអន្តរវិស័យដែលពាក់ព័ន្ធក្នុងការនាំចេញ។
 
«គោលនយោបាយជាតិនេះ គឺជាការចាប់ផ្តើមនៃដំណើរថ្មីមួយសម្រាប់ប្រទេសកម្ពុជា ក្នុងការអភិវឌ្ឍវិស័យកសិ-ពាណិជ្ជកម្ម ដែលនឹងនាំមកនូវកំណើនសេដ្ឋកិច្ចបន្ថែមប្រកបដោយបរិយាបន្នដល់កម្ពុជា ក្នុងបរិបទប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប និងគាំទ្រដល់ផែនការរបស់រាជរដ្ឋាភិបាល ឆ្ពោះទៅកាន់ប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅពេលខាងមុខ»។ នេះជាការបញ្ជាក់របស់រដ្ឋមន្រ្តីពាណិជ្ជកម្ម។
 
ដំឡូងមី បានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពប្រជាជននៅតាមទីជនបទ និងបង្កើតការងារថ្មី ក៏ដូចជាអភិវឌ្ឍន៍វិជ្ជាជីវៈនៅក្នុងការដាំដុះ ការប្រមូលផល ការកែច្នៃសម្រាប់ការនាំចេញ។ ជាពិសេសវាជាដំណាំកសិ-ពាណិជ្ជកម្មសម្រាប់ការនាំចេញ និងមិនមែនជាអាហារមូលដ្ឋានសម្រាប់ចិញ្ចឹមជីវិតរបស់ប្រជាជនកម្ពុជាឡើយ។ ដំឡួងមី ជាដំណាំសំខាន់បំផុតបន្ទាប់ពីស្រូវ ពោត និងស្រូវសាលី ហើយត្រូវបានដាំដុះដោយប្រជាកសិករនៅតាមទីជនបទ និងបានក្លាយទៅជាដំណាំសក្តានុពល ដោយសារតំបន់ដាំដុះ និងបរិមាណនៃផលិតផល ។
បើតាមរបាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ផ្ទៃដីដាំដុះដំណាំដំឡូងមី មាន ៦៥ម៉ឺនហិកតា ដែលជាមធ្យមទទួលបានទិន្នផល ១៩តោន ក្នុងមួយហិកតា៕
 

Tag:
 ដំឡូងមី
  កសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com