ជាតិ
សេដ្ឋកិច្ច
កម្ពុជា​នឹង​បង្កើត​«​សារមន្ទីរ​ស្រែអំបិល​» ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​
15, Jan 2021 , 2:12 pm        
រូបភាព
លោក​នី ផល្លី អនុរដ្ឋលេខាធិការ និង​ជា​អ្នកទទួលបន្ទុក​រៀបចំ​ផែនការមេ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ខេត្ត​កែប​។​
លោក​នី ផល្លី អនុរដ្ឋលេខាធិការ និង​ជា​អ្នកទទួលបន្ទុក​រៀបចំ​ផែនការមេ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ខេត្ត​កែប​។​
​ក្រៅពី​ខេត្តសៀមរាប និង​មណ្ឌលគិរី​នោះ កម្ពុជា​ក៏​កំពុង​រៀបចំ​ផែនការមេ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ខេត្ត​កែប​ឆ្នាំ​២០២០-២០៣៥ ផងដែរ​។ សម្រាប់​ផែន​មេ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ខេត្ត​កែប គឺ​ដើម្បី​កែប្រែ​ឱ្យ​ក្លាយជា​តំបន់​លំហែកាយ​បែប​ប្រណិត និង​ជា​ទិសដៅ​ទេសចរណ៍​ផ្ទះ​ទី​២ សម្រាប់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​។ តាមរយៈ​ផែន​មេ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ខេត្ត​កែប​ក្នុង​រយៈពេល​១៥​ឆ្នាំនេះ កម្ពុជា​នឹង​បង្កើត​«សារ​​មន្ទីរ​ស្រែអំបិល​» រួមទាំង​បង្កើត​ប៉ូល​ទេសចរណ៍​សំខាន់​ចំនួន​៤​ទៀត​។​



អត្ថបទទាក់ទង

 
​ខេត្ត​កែប​ជា​តំបន់​ឆ្នេរសមុទ្រ​ទី​២​បន្ទាប់​ខេត្តកំពត ដែល​អាច​ផលិត​អំបិល​បាន​នៅលើ​ទឹកដី​កម្ពុជា ហើយ​ខេត្ត​ទាំងពីរ​នេះ​មាន​ផ្ទៃ​ដីស្រែ​ផលិត​អំបិល​ជិត​៥,០០០​ហិកតា​។ ដោយសារ​មើលឃើញ​សក្តានុពល​នៃ​ផលិតផល​អំបិល​នេះ ទើប​ក្រសួងទេសចរណ៍ គ្រោង​បំ​លែង​ស្រែអំបិល​ទៅជា​គោលដៅ​ក​សិ​ទេសចរណ៍​ស្រែអំបិល​។ 
 
​បើតាម​លោក នី ផល្លី អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​ជា​អ្នកទទួលបន្ទុក​រៀបចំ​ផែនការមេ​អភិវឌ្ឍ​ខេត្ត​កែប កម្ពុជា នឹង​បង្កើតឱ្យមាន​ជា​សារមន្ទីរ​ស្រែអំបិល ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​។ ក្រោយ​បញ្ចប់​កិច្ចប្រជុំ​គណៈកម្មការ​អន្តរក្រសួង ដើម្បី​ពិនិត្យ​ឆ្លង​សេចក្តីព្រាង​ផែនការមេ​សម្រាប់​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ខេត្ត​កែប នៅ​ទីស្តីការ​ក្រសួងទេសចរណ៍​នា​ព្រឹក​ថ្ងៃទី​១៤​មករា ឆ្នាំ​២០២១ លោក នី ផល្លី បានបញ្ជាក់​ដល់​ក្រុម​អ្នកសារព័ត៌មាន​ដូច្នេះ​៖«​សារមន្ទីរ​ស្រែអំបិល​ខេត្ត​កែប គឺជា​ផលិតផល​ទេសចរណ៍​ថ្មី សម្រាប់​បង្ហាញ​ដល់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ឱ្យ​ស្គាល់ អំពី​ចង្វាក់​ផលិតកម្ម​ស្រែអំបិល​»​។ 
 


រូបតំណាង​៖ អំបិល​របស់​កសិករ​នៅ​ខេត្តកំពត​ត្រៀម​នឹង​ប្រមូល​ផល​។​

​សម្រាប់​ក្រសួងទេសចរណ៍​ដែល​បានដាក់​ផែនការ​គាំទ្រ​ផែ្ន​កក​សិ​ទេសចរណ៍​នៅ​តំបន់​ស្រែអំបិល​ទាំងនេះ  នឹង​អាច​បង្កើន​ប្រសិទ្ធភាព​សេដ្ឋកិច្ច តាមរយៈ​ការ​ការផលិត និង​ជំរុញ​ការលក់​អំបិល​នៅនឹងកន្លែង ក្នុងការ​ទទួលបាន​ប្រាក់ចំណូល​បន្ថែម​ពី​ភ្ញៀវទេសចរ ផងដែរ​។ នេះ​ជាការ​លើកឡើង​របស់ លោក នី ផល្លី  ដែល​ជឿជាក់ថា សារមន្ទីរ​ស្រែអំបិល នឹង​ចាប់ផ្ដើម​អនុវត្ត​ឡើង ក្រោយ​ផែនការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ខេត្ត​កែប​នេះ ។ 
 
​មន្ត្រី​ជំនាញ​ទទួលបន្ទុក​រៀបចំ​ផែនការមេ​អភិវឌ្ឍ​ខេត្ត​កែប​នេះ​បាន​និយាយ​ដូច្នេះ​៖«​ក្រោយពេល​ផែនការ​អភិវឌ្ឍ​ទេសចរណ៍​ខេត្ត​កែប​អនុម័ត យើង​នឹង​អាច​ស្វែងរក​ជំនួយ​បច្ចេកទេស ពីព្រោះ​កន្លងមក​មាន​ប្រទេស​ជាច្រើន​ដែល​ផលិត​អំបិល​បាន គឺ​គេ​បង្កើត​សារមន្ទីរ​ស្រែអំបិល​ឡើង​ដែរ​។ ពិសេស យើង​មានបទពិសោធន៍​នៅ​ប្រទេស​បារាំង ដែល​បាន​បង្កើត​សារមន្ទីរ ដោយ​តំបន់​ខ្លះ​គេ​បង្កើត​សារមន្ទីរ​អំបិល និង​តំបន់​ខ្លះ​គេ​បង្កើត​សារមន្ទីរ​ឆ្នេរ​អំបិល​»​។ 
 
​បើតាម​លោក នី ផល្លី ការបង្កើត​សារមន្ទីរ​ស្រែអំបិល​នៅ​ខេត្ត​កែប​ជា​បច្ចេកទេស គឺ​មិនជា​ការលំបាក​ទេ ដោយ​តែមាន​ផែនការ​អនុវត្ត​ហើយ​រក​ដៃគូ ឬ​រក​ម្ចាស់ជំនួយ ពិសេស​ពី​សំណាក់​ក្លឹប​ឆ្នេរ​ស្អាត​បំផុត​នៅលើ​ពិភពលោក​ជួយ​គាំទ្រ​ផ្នែក​បច្ចេកទេស គឺ​កម្ពុជា អាចបង្កើត​សារមន្ទីរ​ស្រែអំបិល​បាន​ហើយ​។ 
 
​ជាមួយគ្នានេះ លោក ប៉ែន សុផល រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បានលើកឡើង ពី​ក្តី​ព្រួយបារម្ភ​ដែល​ពាក់ព័ន្ធ​នឹង​តម្លៃ​អចលនទ្រព្យ​នៅ​តំបន់​ស្រែអំបិល​ធ្វើឱ្យ​ផលប៉ះពាល់​ដល់​ការផលិត​អំបិល​ប្រចាំឆ្នាំ​។ លោក បានកត់សម្គាល់​ឃើញថា បច្ចុប្បន្ន​ដោយសារតែ​ការអភិវឌ្ឍ​វិស័យ​អចលនទ្រព្យ​នៅ​តំបន់​ជុំវិញ​ស្រែអំបិល​មានតម្លៃ​ខ្ពស់ ក៏មាន​អ្នកជំនួញ​មួយចំនួន​បាន​ប្រមូល​ទិញ​ស្រែអំបិល​ពី​ប្រជាកសិករ ជាច្រើន​ទុក ដោយ​គ្មាន​សកម្មភាព​ផលិត​អំបិល​ឡើយ​។ 
 
​តំបន់​ស្រែអំបិល​នេះ​ដែលមាន​នៅក្នុង​ខេត្តកំពត និង​កែប មាន​ផលប្រយោជន៍​យ៉ាងច្រើន និង​ជា​កេ​រ្ត៍​ដំណែល​របស់​ប្រជាជន​កម្ពុជា ហើយក៏​ជា​កន្លែង​រក្សាទុក​នូវ​ស្បៀង វប្បធម៌ ប្រពៃណី របស់​តំបន់​សមុទ្រ​។ លោក ប៉ែន សុផល និយាយ​ដូច្នេះ​៖«​បើ​យើង​អាច​រក្សា​ការពារ​តំបន់​ស្រែអំបិល​ទាំងអស់​នោះបាន កុំឱ្យ​មានការ​រំលោភ មានការ​ប្រែក្លាយ​[​ទៅជា​តំបន់​អភិវឌ្ឍ​អចលនទ្រព្យ​] នោះ​តំបន់​ស្រែអំបិល​នឹង​ក្លាយជា​គោលដៅ​ទេសចរណ៍​មួយ​ដ៏​សំខាន់​សម្រាប់​ខេត្ត និង​សម្រាប់​កម្ពុជា​»​។ 
 
​បើ​របាយការណ៍​សង្ខេប​នៅក្នុង​សេចក្តីព្រាង​ផែនការមេ​សម្រាប់​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ខេត្ត​កែប​របស់​ក្រសួងទេសចរណ៍ ផ្ទៃដី​ស្រែអំបិល​ខេត្ត​កែប​ពី​ចំនួន​១,០៣២​ហិកតា​ក្នុង​ឆ្នាំ​២០១៧ មក​ត្រឹម​៩៩៥.១២​ហិកតា ក្នុង​ឆ្នាំ​២០២០​។ របាយការណ៍​ដដែល​បាន​បង្ហាញថា កាល​ឆ្នាំ​២០១៧ ទិន្នផល​អំបិល​ជា​មធ្យម​៣០​តោន​ក្នុង​មួយ​ហិកតា ដោយ​ផ្តល់​ទិន្នផល​អំបិល​សរុប​ប្រចាំឆ្នាំ​៣៨,០០០​តោន ខណៈ​ក្នុង​ឆ្នាំ​២០១៨ កម្ពុជា​មិនអាច​ផលិត​អំបិល​បាន​ព្រោះ បញ្ហា​អាកាសធាតុ​(​ភ្លៀង​រហូត​ក្នុង​រដូវ​ផលិត​អំបិល​)​។ 


លោក ប៉ែន សុផល រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី ក្នុង​កិច្ចប្រជុំ​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​ពិនិត្យ​ឆ្លង​សេចក្តីព្រាង​ផែនការមេ​សម្រាប់​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ខេត្ត​កែប នៅ​ទីស្តីការ​ក្រសួងទេសចរណ៍​នា​ព្រឹក​ថ្ងៃទី​១៤​មករា ឆ្នាំ​២០២១​។​ 

​ដោយឡែក ឆ្នាំ​២០១៩ កសិករ​ធ្វើ​អំបិល​មួយ​ហិកតា​ទទួលបាន​ទិន្នផល​ជា​មធ្យម​ត្រឹម​៨,៥​តោន ប៉ុន្តែ​ចំនួន​នេះ​បាន​កើន​ដល់​១២,៥​តោន នៅក្នុង​ឆ្នាំ​២០២០​។ 
 
​សម្រាប់​លោក កឹង ស៊ុន​ធាង ប្រធានការិយាល័យ​ផលិត​អំបិល​នៃ​មន្ទីរ​ឧស្សាហកម្ម បច្ចេកទេស និង​នវានុវត្តន៍​ខេត្តកំពត ក្នុងចំណោម​កសិករ​ផលិត​អំបិល​នៅ​ខេត្តកំពត​ចំនួន​១៧០​គ្រួសារ មាន​៤០​គ្រួសារ​ហើយ​បាន​លះបង់​នៃ​ការផលិត​អំបិល​។ លោក ស៊ុន​ធាង បាន​បញ្ជាក់ថា​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​នា​រសៀល​ថ្ងៃទី​១៤​មករា ថា ចំពោះ​កសិករ​៤០​គ្រួសារ ដែល​បាន​បញ្ឈប់​សកម្មភាព​ផលិត​អំបិល​នោះ មាន​កសិករ​ខ្លះ​ឈប់​គឺ​ផលិត​អំបិល​តែម្តង​, កសិករ​ខ្លះទៀត ខ្វះ​កម្លាំង​ពលកម្ម​(​កម្មករ​)​ក៏​ផ្អាក​ការធ្វើ​អំបិល និង​កសិករ​មួយចំនួនទៀត គឺ​លក់​ដីស្រែ​អំបិល​ទៅ​អ្នកផ្សេង​ដោយ​គ្មាន​សកម្មភាព​ផលិត​អំបិល ឡើយ​។ 
 
​បើតាម ប្រធានការិយាល័យ​ផលិត​អំបិល​នៃ​មន្ទីរ​ឧស្សាហកម្ម បច្ចេកទេស និង​នវានុវត្តន៍​រូបនេះ កម្ពុជា​ទទួលបាន​ទិន្នផល​អំបិល​ពី​ខេត្តកំពត និង​កែប បាន​ជាង​៨៤,០០០​តោន នៅក្នុង​ឆ្នាំ​២០២០​។ សម្រាប់​ការផលិត​នៅក្នុង​ខេត្ត​ទាំងនេះ​ដែលមាន​ផ្ទៃ​សរុប​៤,៧៤៨​ហិកតា គឺ​ប្រើប្រាស់​កម្លាំង​ប្រមាណ​៥០០​នាក់​។​ផលិតផល​អំបិល គឺជា​ទំនិញ​យុទ្ធសាស្ត្រ​របស់​កម្ពុជា ហើយ​រដ្ឋាភិបាល​បានកំណត់​ជា​ចក្ខុវិស័យ​ដោយ​ធ្វើយ៉ាងណា​ការពារ​តំបន់​ស្រែអំបិល និង​ជំរុញ​មានការ​ផលិត​អំបិល​ឱ្យបាន​ច្រើន​៕

Tag:
 ផែនការមេ​អភិវឌ្ឍ​ទេសចរណ៍​
  ស្រែអំបិល​
  សារមន្ទីរ​
  កែប​
© រក្សាសិទ្ធិដោយ thmeythmey.com