ពីនេះ ពីនោះ
សុខភាព
ឧស្សាហ៍​ញ៊ាំ ប៉ុន្តែ​តិច​អត់​ដឹងថា “​ខ្ទឹមបារាំង​” អាច​យកមកប្រើ​ថែរក្សា​សម្រស់​
15, Jan 2021 , 8:59 pm        
រូបភាព
​ទោះបីជា​ឧស្សាហ៍​ទទួលទាន​ខ្ទឹមបារាំង ប៉ុន្តែ​ភាគច្រើន​នៃ​ពួកយើង​ប្រហែលជា​មិន​ធ្លាប់​ដឹង​ទេ​ថា​អាហារ​មើម​នេះ​មិន​ត្រឹមតែ​អាច​ផ្ដល់​អត្ថប្រយោជន៍​គួរឱ្យកត់សម្គាល់​ចំពោះ​សុខភាព​រាងកាយ​ប៉ុណ្ណោះ​ទេ តែ​ក៏​ល្អ​ណាស់ដែរ​ចំពោះ​សម្រស់​។ ថា​តើ​ខ្ទឹមបារាំង​អាច​ត្រូវបាន​យកមកប្រើ​ដោះស្រាយ​បញ្ហា​សម្រស់​អ្វីខ្លះ​? កុំ​បារម្ភ​! ថ្ងៃនេះ​វេ​ប​សាយ​សុខភាព  Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​គន្លឹះ​ងាយៗ​ក្នុងការ​ប្រើប្រាស់​ខ្ទឹមបារាំង​ថែរក្សា​សម្រស់ ៖

 
១. ព​ន្លឿ​ន​ការលូតលាស់​នៃ​សក់​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ទឹក​ខ្ទឹមបារាំង​ស្រស់​ចំនួន ២ ស្លាបព្រា​បាយ​ជាមួយ​ទឹកឃ្មុំ ១ ស្លាបព្រា​បាយ​។ កូរ​ឱ្យ​សព្វ សឹម​លាប​លើស​ក់ ហើយ​ទុកចោល​សម្រាប់​រយៈពេល ១៥ នាទី​។ បន្ទាប់មក​កក់​សម្អាត​សក់​ជាមួយ​សាប៊ូ​ដូច​ធម្មតា​ជាការ​ស្រេច​។ អនុវត្ត ១ ដង​ក្នុង​មួយ​សប្តាហ៍​។ អ្នក​ក៏​អាច​ប្រើប្រាស់​ទឹក​ខ្ទឹមបារាំង​ស្រស់​តែមួយ​មុខ ដោយ​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​បកសំបក​ខ្ទឹមបារាំង រួច​ចិញ្ច្រាំ​ជា​ចំណិត​តូចៗ បន្ទាប់មក​ចាប់ផ្ដើម​ច្របាច់​យក​ទឹក​ខ្ទឹមបារាំង​មក​លាប​ម៉ាស្សា​លើ​ស្បែកក្បាល ហើយ​ទុកចោល​សម្រាប់​រយៈពេល​យ៉ាងហោចណាស់ ១៥ នាទី ឬ​យូរ​ជាង​នេះ សឹម​កក់​សម្អាត​ចេញ​ជាមួយ​សាប៊ូ​ដូច​ធម្មតា​ជាការ​ស្រេច​។​
 
២. កម្ចាត់​អង្កែ​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ទឹក​ខ្ទឹមបារាំង​ស្រស់​ចំនួន ៣ ស្លាបព្រា​បាយ ជាមួយ​ប្រេង​អូ​លីវ​ចំនួន កន្លះ​ស្លាបព្រា​បាយ​។ កូរ​ឱ្យ​សព្វ សឹម​ម៉ាស្សា​ល្បាយ​លើ​ស្បែកក្បាល​ថ្នមៗ​។ ទុកចោល​សម្រាប់​រយៈពេល ២ ម៉ោង សឹម​លាង​សម្អាត​ចេញ​ជាមួយ​សាប៊ូ​កម្រិត​ស្រាល​គ្មាន​សារធាតុ​គីមី​។​អនុវត្ត​រូបមន្ត​នេះ​ឱ្យបាន​ទៀងទាត់ ដើម្បី​រក្សាបាន​នូវ​សុខភាព​សក់​ល្អ​រឹងមាំ​ស្បែកក្បាល​គ្មាន​អង្កែ​។​
 
៣. ព្យាបាល​បំបាត់​អាចម៍រុយ​លើ​ស្បែក​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ហាន់​ខ្ទឹមបារាំង​មួយ​បន្ទះ​ក្រាស់ រួច​ដុស​វា​លើ​អាចម៍រុយ​។ អនុវត្ត​អោយបាន ២ ដង​ក្នុង​មួយថ្ងៃ​ជាប្រចាំ​រហូត​ទទួលបាន​លទ្ធផល​គាប់ចិត្ត​។​
 
៤. រក្សា​សុខភាព​អញ្ចាញ​បង្កើន​ភាពស្រស់ស្អាត​នៃ​ស្នាមញញឹម​
 
​នៅ​រាល់ពេល​ផ្នែក​ណាមួយ​នៃ​អញ្ចាញ​រង​ការ​រលាក​និង​ឈឺចាប់ គ្រាន់តែ​លាប​ម៉ាស្សា​ទឹក​ខ្ទឹមបារាំង​ស្រស់​ពីលើ​ជាការ​ស្រេច​។ រងចាំ​រយៈពេល​ឱ្យបាន​ប៉ុន្មាន​នាទី​សិន សឹម​ទទួលទាន​អាហារ ឬ​ភេសជ្ជៈ​ផ្សេងៗ​ដើម្បី​ទុកពេល​ឱ្យ​ទឹក​ខ្ទឹមបារាំង​ស្រស់​កម្ចាត់​រាល់​បាក់តេរី​និង​ការ​រលាក​។ ជា​លទ្ធផល​អ្នកនឹង​ទទួលបាន​អញ្ចាញ​មាន​សុខ​ភាពល្អ​ដែល​ចាំបាច់​សម្រាប់​សុខភាព​ធ្មេញ​ផងដែរ​។​
 
៥. កម្ចាត់​មុន​
 
​ទឹក​ខ្ទឹមបារាំង​ស្រស់​មាន​សមត្ថភាព​កម្ចាត់​បាក់តេរី​និង​ព្យាបាល​ការ​រលាក ដូច្នេះ​វា​ល្អ​ណាស់​សម្រាប់​ព្យាបាល​មុន​។ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​បន្ទាប់ពី​លាង​សម្អាត​ស្បែក​មុខ​រួច​ជាមួយ​ផលិតផល​លាង​សម្អាត​មុខ​ដែល​អ្នក​ប្រើ​ជាប្រចាំ​រួច ចូរ​ប្រើប្រាស់​បន្ទះ​សំឡី​ជ្រលក់​ក្នុង​ទឹក​ខ្ទឹមបារាំង​ស្រស់ និង​លាប​ផ្ដិតៗ​លើ​តំបន់​ស្បែក​ដែលមាន​បញ្ហា​។ លាង​សម្អាត​ចេញ​ក្រោយ​រយៈពេល​ពី ២ ទៅ ៣ នាទី ឬ​នៅពេល​អ្នកមាន​អារម្មណ៍​ចាក់​ឆៀបៗ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com