កីឡាជាតិ
ជាតិ
ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​កីឡា​កាយសម្ព័ន្ធ ជា​ឱកាស​សម្រាប់​កីឡាករ​ក្លាយជា​ជម្រើសជាតិ​
15, Jan 2021 , 7:29 pm        
រូបភាព
លោក ណយ ផាណា អគ្គលេខាធិការនៃសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា និងសកម្មភាពប្រកួតកន្លងមករបស់កីឡាករ
លោក ណយ ផាណា អគ្គលេខាធិការនៃសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា និងសកម្មភាពប្រកួតកន្លងមករបស់កីឡាករ
ដោយ:
​អ្នកទទួលបាន​ជ័យលាភី​ក្នុងការ​ប្រកួត​កីឡា​កាយសម្ព័ន្ធ​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ និង​ពានរង្វាន់​ឯកឧត្តម​បណ្ឌិត ថោង ខុន ប្រចាំឆ្នាំ​២០២០ នឹងមាន​ឱកាស​ខ្ពស់​ក្នុងការ​ក្លាយជា​កីឡាករ​ជម្រើសជាតិ​។ សម្រាប់​លោក ណ​យ ផា​ណា អគ្គលេខាធិការ​នៃ​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា កីឡាករ​ជម្រើសជាតិ​ត្រូវមាន​ទាំង​សមត្ថភាព និង​ក្រមសីលធម៌​។

 
​ជាការ​ប្រកួត​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​ក៏ពិតមែន តែ​វា​ជាការ​ប្រកួត​ដើម្បី​ចម្រាញ់​រក​ធនធាន​កីឡាករ​ជម្រើសជាតិ និង​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។ បើតាម​លោក ណ​យ ផា​ណា អគ្គលេខាធិការ​នៃ​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា អ្នកមាន​ទេពកោសល្យ និង​ទទួលបាន​ជ័យលាភី​ក្នុងការ​ប្រកួត​ជើងឯក​ថ្នាក់​ច​ជាតិ និង​ពានរង្វាន់​ឯកឧត្តម​បណ្ឌិត ថោង ខុន ឆ្នាំ​២០២០ នឹង​មានឱកាស​ក្នុងការ​ក្លាយជា​កីឡាករ​ជម្រើសជាតិ​។ 
 
​កីឡាករ​ម្នាក់​ដើម្បី​អាច​ក្លាយជា​កីឡាករ​ជម្រើសជាតិ ត្រូវមាន​ទាំង​សមត្ថភាព សុជីវធម៌ និង​ក្រមសីលធម៌​ក្នុងការ​រស់នៅ​។ ប៉ុន្តែ​បើ​កីឡាករ​មានតែ​សមត្ថភាព ខ្វះ​សុជីវធម៌ នោះ​ទំនងជា​មិនអាច​ក្លាយជា​កីឡាករ​ជម្រើសជាតិ​បានឡើយ​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក ណ​យ ផា​ណា​។  
 
​ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ​លោក ណ​យ ផា​ណា បាន​បញ្ចា​ក់ថា​៖«​ប្រសិនបើ​គាត់​មាន​សមត្ថភាព​ប្រហាក់ប្រហែល ឬ​លើស​កីឡាករ​ជម្រើសជាតិ​បន្តិច តែ​ក្រមសីលធម៌​នៃ​ការរស់នៅ​របស់គាត់​មិនល្អ យើង​មិនអាច​ទទួលយកបាន​នោះទេ​។ តែ​ប្រសិនបើ​គុណ​តម្លៃ​រស់នៅ​ក្នុងសង្គម​របស់គាត់​ល្អ​ប្រហាក់ប្រហែលគ្នា ហើយ​គាត់​មាន​កម្រិត​សមត្ថភាព​ខ្ពស់ជាង យើង​ដាច់ខាត​ត្រូវតែ​ទទួលយក យើង​អត់​មាន​អ្វីដែល​ត្រូវ​ប្រកែក​នោះទេ​»​។​
 
​ជាមួយគ្នានេះ លោក ជំរុញ​ឲ្យ​កីឡាករ​កីឡាការិនី​ទាំងអស់​ប្រឹងប្រែង​ប្រកួត​ឲ្យ​អស់ពី​សមត្ថភាព និង​គោរព​តាម​ក្បួនច្បាប់​ប្រកួត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​។ ជាពិសេស​ដាស់តឿន​ឲ្យ​ចៅក្រម​ដាក់ពិន្ទុ​ឲ្យ​បាន​ត្រឹមត្រូវ​ដោយ​ឈរលើ​គោល​ការ Fair Play មិន​ប្រកាន់​បក្សពួក និង​គោរព​តាម​និយាម​ដាក់ពិន្ទុ​របស់​អន្តរជាតិ​។ សម្រាប់​លោក ណ​យ ផា​ណា ការដាក់​ពិន្ទុ​ជាការ​កំណត់​ជោគវាសនា​របស់​កីឡាករ​។ បើ​ដាក់ពិន្ទុ​ត្រឹមត្រូវ​វា​នឹង​ក្លាយជា​ចលករ​ជួយ​ជំរុញ​ទឹកចិត្ត តែបើ​ដាក់ពិន្ទុ​លម្អៀង​វា​ជាកា​បំបាក់ទឹកចិត្ត​របស់​កីឡាករ​។​
 
​ជាក់ស្តែង​មុន​ពីរ​ថ្ងៃ​ការប្រកួត​មកដល់ សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា​បានរៀបចំ​វគ្គ​បណ្តុះបណ្តាល​ចៅក្រម ដើម្បី​បញ្ជ្រាប​ការយល់ដឹង​ថ្មីៗ​ក្នុងការ​ដាក់ពិន្ទុ ឲ្យ​ស្របតាម​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​អន្តរជាតិ​។ ព្រោះ​បទបញ្ជា​ការប្រកួត​តែងតែមាន​ការផ្លាស់ប្តូរ និង​ប្រែប្រួល​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។ 
 
​ទាំង​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ និង​ពានរង្វាន់​ឯកឧត្តម​បណ្ឌិត ថោង ខុន ធ្វើឡើង​ក្នុង​គោលបំណង ដើម្បី​ជួយ​ពង្រឹងសមត្ថភាព និង​បច្ចេកទេស​កីឡាករ​កីឡាការិនី ដើម្បី​ត្រៀម​ឆ្ពោះទៅ​ប្រជែង​ដណ្តើម​មេដាយ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​។ ការផ្តល់​ឱកាស​ឲ្យ​យុវជន​តាម​បណ្តា​ខេត្ត​បានបង្ហាញ​សមត្ថភាព ដែល​ខ្លួន​បាន​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​កន្លងមក ក៏​ជា​គោលបំណង​នៃ​ការរៀបចំ​នេះ​ផងដែរ​។  
 
​ការប្រកួត​ទាំងពីរ​នេះ​ប្រព្រឹត្តទៅ​ចន្លោះ​ពីថ្ងៃ​ទី​១៤-១៩ ខែមករា ឆ្នាំ​២០២១ ដោយនៅ​ឆ្នាំនេះ​មាន​កីឡាករ​កីឡាការិនី​ប្រមាណ​៦៤​នាក់​ពី​ក្រសួង និង​ខេត្ត​ចំនួន​៤​ចូលរួម ដូចជា​ក្រសួងមហាផ្ទៃ ខេត្តតាកែវ ក្រចេះ និង​កំពង់ឆ្នាំង​៕  
  

Tag:
 ណ​យ ផា​ណា​
  ជើងឯក​ថ្នាក់ជាតិ​
  កាយសម្ព័ន្ធ
© រក្សាសិទ្ធិដោយ thmeythmey.com