កីឡាអន្តរជាតិ
អន្តរជាតិ
Rashford៖ ការសោកស្តាយតែមួយគត់របស់ខ្ញុំ គឺមិនបានលេងក្រោមការដឹកនាំរបស់ Sir Alex
× Marcus Rashford សារភាពថា មិនបានលេងឲ្យក្រុម Manchester United ក្រោមការដឹកនាំរបស់ Sir Alex Ferguson ជាការសោកស្តាយតែមួយគត់ក្នុងអាជីពកីឡាបាល់ទាត់របស់ខ្លួន។
Rashford បានបង្ហាញខ្លួនលើកដំបូងឲ្យបិសាចក្រហមនៅអាយុ១៨ឆ្នាំ កាលពីឆ្នាំ ២០១៦ ពោលគឺក្រោយ៣ឆ្នាំ បន្ទាប់ពីលោក Ferguson បានចូលនិវត្តន៍ពីតំណែងអ្នកចាត់ការទូទៅនៅ Old Trafford។
ខ្សែប្រយុទ្ធអន្តរជាតិរបស់អង់គ្លេសរូបនេះ បានចូលរួមជាមួយក្រុមថ្នាលរបស់ Man Utd តាំងពីអាយុ ៧ឆ្នាំ អំឡុងលោក Ferguson នៅកាន់តំណែង។ យ៉ាងណា Rashford មិនដែលធ្លាប់បានលេងក្រោមការដឹកនាំដ៏អស្ចារ្យរបស់បុរសសញ្ជាតិស្កុតឡែនដោយផ្ទាល់ឡើយ។
នាកម្មវិធីប្រគល់ពានរង្វាន់ពីសមាគមអ្នកនិពន្ធកីឡាបាល់ទាត់ FWA Award ដល់ Rashford សម្រាប់ការបង្កើតយុទ្ធនាបញ្ចប់ភាពក្រីក្ររបស់កុមារនៅចក្រភពអង់គ្លេសនៅថ្ងៃទី១៤ ខែមករា ខ្សែប្រយុទ្ធកំពុងឡើងជើងរូបនេះសារភាពថាខ្លួនពិតជាសោកស្តាយណាស់ដែលមិនបានលេងក្រោមការដឹកនាំរបស់ Ferguson។
Rashford បានប្រាប់ FWA ថា៖ «សម្រាប់ខ្ញុំវាជាបទពិសោធមិនគួរឲ្យជឿ។ នេះជាការសោកស្តាយតែមួយគត់ដែលខ្ញុំមានក្នុងអាជីពរបស់ខ្ញុំគឺមិនដែលមានឱកាសលេងក្រោមការដឹកនាំរបស់ Sir Alex។ បាននិយាយជាមួយគាត់តាមទូរសព្ទ ១០ ទៅ ២០នាទី នោះគឺពិតជាអស្ចារ្យណាស់»។
Rashford ជាសមាជិកក្រុម Man Utd ទី៦ ដែលទទួលបានពាន FWA Award បន្ទាប់ពីលោក Ferguson, Rooney, Scholes, Ryan Giggs និង David Beckham។
Rashford ដែលឈានចូលវ័យ២៣ឆ្នាំ បានបង្ហាញទម្រង់លេងគួរកត់សម្គាល់ ដោយបានជួយក្រុមលោក Ole Gunnar Solskjær ឡើងទៅឈរកំពូលតារាង Premier League ត្រឹមសប្តាហ៍ទី១៧ រដូវកាលនេះ៕
Tag:
Marcus Rashford
Sir Alex Ferguson
Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com