ភ្នំពេញ៖ បន្ទាប់ពីមានការអន្តរាគមន៍ដោយផ្ទាល់ពីរដ្ឋមន្ត្រីកសិកម្មលោក វេង សាខុន ជាបន្តបន្ទាប់ ក្នុងការផ្អាកនាំចូលត្រីប្រា ត្រីពោ ត្រីឆ្តោ និងត្រីអណ្តែងពីប្រទេសវៀតណាម នោះ លោក ឡែមផូរ សុថាវរិទ្ធិ អ្នកទទួលបន្ទុកអភិវឌ្ឍវារីវប្បកម្មនៃសមាគមវារីវប្បករកម្ពុជា បានអះអាងថា ចំពោះប្រភេទត្រីទាំងនេះ អ្នកចិញ្ចឹមត្រីនៅកម្ពុជាគឺអាចផ្គត់ផ្គង់ទីផ្សារឱ្យខ្លួនឯងបានគ្រប់គ្រាន់ គ្រប់រដូវកាល និងរៀងរាល់ឆ្នាំ។
បើតាមលោក សុថាវរិទ្ធិ វារីវប្បករក្នុងស្រុកនីមួយៗ គឺមានលទ្ធភាពពេញលេញក្នុងការផលិតត្រីប្រា ត្រីពោ ត្រីឆ្តោ ដែលមានគុណភាព និងសុវត្ថិភាព សម្រាប់ឆ្លើយតបនឹងតម្រូវការទីផ្សារ ដោយពុំចាំបាច់នាំចូលត្រីប្រភេទទាំងអស់នេះ ពីវៀតណាមទៀតឡើយ។ ស្របពេលជាមួយគ្នានេះ សហគមវារីវប្បករកម្ពុជា ក៏កំពុងផ្សព្វផ្សាយ និងជំរុញដល់វារីវប្បករនានា ឱ្យបង្កើនការចិញ្ចឹមត្រីអណ្តែង សម្រាប់ផ្គត់ផ្គង់ទីផ្សារឱ្យបានគ្រប់គ្រាន់ ដើម្បីសម្រេចបានទាំងស្រុងនូវការឈប់នាំចូលត្រីនេះ ពីវៀតណាម ផងដែរ។
«បច្ចុប្បន្ន ប្រភេទត្រី[ត្រីប្រា ត្រីពោ ត្រីឆ្តោ] ដែលក្រសួងកសិកម្មយើងកំពុងបិទការនាំចូលពីវៀតណាម គឺយើងមានលទ្ធភាពទាំងស្រុងតែម្តង ក្នុងការផ្គត់ផ្គង់ទីផ្សារយើង បានរាល់ខែ រាល់ឆ្នាំ»។ នេះជាការលើកឡើងរបស់លោក សុថាវរិទ្ធិ ដោយបានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ នាព្រឹកថ្ងៃទី១៥មករា ដូច្នេះ ៖«ដោយឡែក ចំពោះត្រីអណ្តែងវិញ ការចិញ្ចឹមក្នុងស្រុកមិនទាន់អាចផ្គត់ផ្គង់ទីផ្សារបានគ្រប់គ្រាន់ទេ អាចខ្វះខាតក្នុងរយៈពេល១ឬ២ខែ ប៉ុន្តែយើងក៏កំពុងជំរុញការចិញ្ចឹមត្រីនេះដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារឱ្យបានពេញបូរបូរណ៍ នាពេលដ៏ខ្លីខាងមុខនេះ ផងដែរ»។
អ្នកទទួលបន្ទុកអភិវឌ្ឍវារីវប្បកម្មនៃសហគមវារីវប្បករកម្ពុជា បានបន្ថែមថា សម្រាប់ការចិញ្ចឹមត្រីអណ្តែង វារីវប្បករ ឬកសិករ ចំណាយរយៈពេលត្រឹមតែ៦០ថ្ងៃ ឬយ៉ាង៧០ថ្ងៃប៉ុណ្ណោះ គឺអាចប្រមូលផលលក់នៅទីផ្សារបានហើយ។
ត្រីពោ របស់កសិករដែលជាសមាជិកសមាគមវារីវប្បករកម្ពុជា។ រូបថត៖ សមាគមវារីវប្បករកម្ពុជា
ចំពោះការផ្គត់ផ្គង់ត្រីប្រា ត្រីពោ ត្រីឆ្តោ និងត្រីអណ្តែងរបស់វារីវប្បករខ្មែរ នៅលើទីផ្សារវិញ លោក សុថាវរិទ្ធិ ធានាថា នឹងរក្សាតម្លៃដដែលជូនដល់អតិថិជនឬអ្នកបរិភោគ ដោយគ្មានការដំឡើងថ្លៃឡើយ ទោះបីជាគ្មានប្រកួតប្រជែងប្រភេទត្រីទាំងអស់នេះជាមួយវៀតណាម ក៏ដោយ។ លោក សុថាវរិទ្ធិ បានបញ្ជាក់ថា សម្រាប់ត្រីអណ្តែងដែលលក់រាយនៅលើទីផ្សារនៅក្នុងរយៈពេលជាង១ឆ្នាំមកនេះ មានតម្លៃពី៨ពាន់ទៅ១ម៉ឺនរៀល ក្នុងមួយគីឡូក្រាម ខណៈបច្ចុប្បន្នកសិករដែលចិញ្ចឹមត្រីនេះទទួលបានប្រាក់ពីឈ្មួញត្រឹម៤ពាន់ប្រាំរយរៀលប៉ុណ្ណោះ ក្នុងមួយគីឡូក្រាម។
បើតាមលោក សុថាវរិទ្ធិ សព្វថ្ងៃសមាគមវារីវប្បករកម្ពុជា មានសមាជិកជាង៣០០គ្រួសារ។ ក្នុងនោះសមាគម បានប្រមូលទិន្នន័យត្រី(ត្រីប្រា ត្រីពោ ត្រីឆ្តោ និងត្រីអណ្តែង)បានជាង១,៧ម៉ឺនតោន ពីសមាជិក ជិត២០០គ្រួសារហើយ ខណៈសមាគមវារីវប្បករកម្ពុជា កំពុងបន្តសកម្មភាពប្រមូលទិន្នន័យត្រីពីអ្នកចិញ្ចឹមត្រីដែលស្ថិតនៅក្នុង និងក្រៅសមាគម ជាច្រើនរយគ្រួសារទៀត។
សូមជម្រាបថា ក្រោយមានការត្អូញត្អែរពីវារីវប្បករកម្ពុជាលើការនាំចូលត្រីពីវៀតណាមដ៏ច្រើនលើសលុប កាលពីថ្ងៃទី១៤ធ្នូ ឆ្នាំ២០២០ រដ្ឋមន្ត្រីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាឱ្យមន្ត្រីពាក់ព័ន្ធទាំងអស់ ពិសេសខាងរដ្ឋបាលជលឱ្យតាមដានត្រួតពិនិត្យឱ្យច្បាស់លាស់ និងទប់ស្កាត់ បទល្មើសការនាំចូលផលវារីវប្បកម្មពីប្រទេសវៀតណាម។ លើសនេះលោក វេង សាខុន បានស្នើឱ្យវារីវប្បករកម្ពុជា ចុះស្រង់ស្ថិតិកសិដ្ឋានចិញ្ចឹម, កន្លែងចិញ្ចឹម និងបណ្តុំអាជីវកម្មផ្សេងៗទៀត ដើម្បីដឹងអំពីបរិមាណផ្គត់ផ្គង់ត្រីនៅក្នុងស្រុក ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារឱ្យមានតុល្យភាពគ្នានៃការនាំចូលត្រីពីវៀតណាម។
អាជីវករលក់ត្រីនានា នៅបរិមាណផ្សារបឹងត្របែក រាជធានីភ្នំពេញ កាលពីថ្ងៃទី១៥មករា ឆ្នាំ២០២១។ រូបថត៖ សុខមាន
រដ្ឋមន្ត្រីកសិកម្ម ដាក់ចេញនូវវិធានការដើម្បីទប់ស្កាត់ការនាំចូលត្រីប្រា ត្រីពោ ត្រីឆ្តោ និងត្រីអណ្តែងពីវៀតណាមជាបន្ទាប់បន្ត ដោយបានបង្កើតគណៈកម្មការជំរុញវារីវប្បកម្មកម្ពុជា និងបង្កើតក្រុមទប់ស្កាត់ការនាំចូលផលិតផលជលផលខុសច្បាប់មកកម្ពុជា ដើម្បីសម្រេចបាននូវប្រសិទ្ធភាព ក្នុងការផ្អាកឈ្មួញឱ្យឈប់នាំចូលប្រភេទត្រីដែលហាមឃាត់ ពីប្រទេសវៀតណាម។
កាលឆ្នាំ២០១៩ កម្ពុជានាំចូលត្រីសរុបជាង១,២ម៉ឺនតោន និងរយៈពេលជិតមួយឆ្នាំ២០២០(គិតត្រឹមថ្ងៃទី២៥ធ្នូ) កម្ពុជាបាននាំចូលត្រីជាង១,៧ម៉ឺនតោន៕