ព័ត៍មានសុខភាព
អន្តរជាតិ
ការសិក្សា៖ ចាប់ផ្តើមម៉ោងរៀនព្រឹកព្រលឹមពេក មិនល្អឡើយសម្រាប់សុខភាពសិស្ស
16, Jan 2021 , 9:59 pm        
រូបភាព
ដោយ: ធីតា
ការសិក្សាមួយនៅសហរដ្ឋអាមេរិក បានបង្ហាញថា ការចាប់ម៉ោងចូលព្រឹកព្រលឹមពេក ជាពិសេសចាប់ពីម៉ោង៧កន្លះ ឬម៉ោង៨ព្រឹក មិនមែនជារឿងល្អសម្រាប់សុខភាពក្មេងៗនោះឡើយ ដោយវាអាចបង្កឲ្យមានបញ្ហាកង្វះដំណេករ៉ាំរ៉ៃ និងករណីសុខភាពជាច្រើនទៀត។

 
ចាប់ផ្តើមរៀនចូលព្រឹកព្រលឹមពេក គឺជារឿងមិនល្អសម្រាប់សុខភាព និងការផ្ចង់អារម្មណ៍របស់សិក្សានុសិស្ស។ នេះបើតាមលទ្ធផលនៃការសិក្សារបស់មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺនៅសហរដ្ឋអាមេរិក (CDC)។ 
 
ក្រុមអ្នកស្រាវជ្រាវ បានបញ្ជាក់ថា ក្រុមជំទង់ត្រូវការពេលវេលាសម្រាកយូរជាងក្រុមមនុស្សពេញវ័យ។ «មានពេលវេលាគេងគ្រប់គ្រាន់ពិតជាសំខាន់ខ្លាំងណាស់ចំពោះសុខភាពរបស់មនុស្សវ័យជំទង់ ជាពិសេសសុវត្ថិភាព និងលទ្ធផលសិក្សារបស់ពួកគេ»។ អ្នកស្រី Anne Wheaton អ្នកជំនាញជំងឺឆ្លងរបស់ CDC និងជាអ្នកដែលដឹកនាំការសិក្សាស្រាវជ្រាវ។
 
អ្នកស្រី បានរំលឹកថា កាលពីឆ្នាំ២០១៤ បណ្ឌិត្យសភាកុមារអាមេរិក (American Academy of Pediatrics) បានណែនាំកុំឲ្យសាលាថ្នាក់អនុវិទ្យាល័យ និងវិទ្យាល័យ ចាប់ផ្តើមការសិក្សាមុនម៉ោង៨កន្លះព្រឹក ដើម្បីឲ្យសិស្សមានពេលសម្រាកពី៨ម៉ោងកន្លះ ដល់៩ម៉ោងកន្លះពេលយប់ ប៉ុន្តែមិនមានសាលាណាមួយអនុវត្តតាមនោះឡើយ។
 
យោងតាម AFP អាណាព្យាបាលសិស្សមួយចំនួននៅសហរដ្ឋអាមេរិក ក៏បានទាមទារឲ្យសាលាមធ្យមសិក្សាកំណត់ម៉ោងឡើងវិញផងែរ ប៉ុន្តែថ្នាក់ដឹកនាំសាលាបានច្រានចោល ដោយលើកអំណះអំណាងថា ការចាប់ផ្តើមចូលរៀនយឺតពេក ធ្វើឲ្យប៉ះពាល់ដល់កម្មវិធីផ្សេងៗទៀតនៅសាលា។
 
កង្វះដំណេកគឺជាបញ្ហាដ៏ធំមួយសម្រាប់សិស្សវិទ្យាល័យនៅអាមេរិក ដែលមានដល់ទៅ២ភាគ៣។ «ការនឿយហត់ ការបាត់បង់ការផ្ចង់អារម្មណ៍ រួមទាំងកង្វះដំណេករ៉ាំរ៉ៃ ពិតជាផ្តល់ផលអាក្រក់ចំពោះសុខភាព»។ នេះជាការកត់សម្គាល់របស់ក្រុមអ្នកស្រាវជ្រាវ ដោយប្រៀបធៀបបញ្ហាដូចជាលើសទម្ងន់ ការសេពគ្រឿងស្រវឹង ឬការប្រើប្រាស់គ្រឿងញៀនជាដើម ដែលសុទ្ធតែប៉ះពាល់ដល់ការសិក្សា៕ 
 

Tag:
 អប់រំ
  ការសិក្សា
© រក្សាសិទ្ធិដោយ thmeythmey.com