ជាតិ
ផលនេសាទកាន់តែខ្សត់ គ្រួសារលោក ស្លេះ កើ ប៉ងមានជីវិតថ្មីនៅលើគោក
17, Jan 2021 , 12:59 pm        
រូបភាព
សៀមរាប៖ លោក ស្លេះ កើ បាននាំគ្រួសារមករស់នៅលើផ្ទះអណ្ដែតទឹកនាភូមិចុងឃ្នៀស ខេត្តសៀមរាប ជាង១០ឆ្នាំមកហើយ ក្រោយលោកបានធ្វើដំណើរពីស្រុកកំណើតនាភូមិចុងកោះ ខេត្តកំពង់ឆ្នាំង។ ការប្រែប្រួលអាកាសធាតុ បូករួមនិងបទល្មើសនេសាទកើនឡើង ធ្វើឱ្យបឹងទន្លេសាប ដែលធ្លាប់ជាជម្រកដ៏ស្រណុកសុខស្រួលរបស់គ្រួសារមួយនេះ ក្លាយជាផ្ទៃបឹងនៃភាពខ្វះខាតទៅវិញ។ ផលនេសាទពីមួយឆ្នាំកាន់តែថមថយទៅៗ ធ្វើឱ្យជីវិតពលរដ្ឋដែលពឹងអាស្រ័យផល ជួបការលំបាក។ មូលហេតុទាំងនេះ ធ្វើឱ្យគ្រួសារលោក ស្លេះ កើ ដែលធ្លាប់ពឹងលើបឹងដ៏ធំមួយនេះ បាននិងកំពុងជួបបញ្ហាកង្វះខាតផ្នែកសេដ្ឋកិច្ច និងជំពាក់បំណុលគេ។

 
នៅចំពោះមុខស្ថានការណ៍ដ៏ពិបាកនេះ លោក ស្លេះ កើ មានបំណងផ្លាស់ប្ដូរទីលំនៅពីក្នុងទឹក ទៅកាន់លើគោក ដែលទីនោះលោកមានក្ដីរំពឹងខ្ពស់ថា នឹងជួយឱ្យជីវិតគ្រួសារដែលមានកូន៨នាក់ មានភាពល្អប្រសើរជាងសព្វថ្ងៃ។ សព្វថ្ងៃ ធនធានត្រីដែលលោកធ្លាប់រកបាន កាន់តែតិចទៅៗ និងត្រូវចេញទៅឆ្ងាយពីភូមិពី២០ ទៅ៦០គីឡូម៉ែត្រ ដើម្បីនេសាទ។ ពេលខ្លះ ការផ្សងព្រេងលើផ្ទៃទឹកដ៏ល្វឹងល្វើយនេះ ក៏មិនមានផលផងដែរ។
 


និយាយដោយទឹកមុខស្រងូតស្រងាត់ លោក ស្លេះ កើ គឺជាគ្រួសារខ្មែរឥស្លាមនេសាទមួយ រស់នៅពឹងអាស្រ័យផលនៅបឹងទន្លេសាប នាខេត្តសៀមរាប។ សព្វថ្ងៃនេះ លោកលែងចេញទៅនេសាទទៀតហើយ ដោយទុកឱ្យកូនប្រុសវ័យជំទង់ចេញទូត រាយមោង រកត្រី។ ហើយការរកត្រីនោះ គឺត្រូវចេញទៅរកនៅក្នុងខេត្តបាត់ដំបង និងពោធិ៍សាត់ ដែលមានចម្ងាយពី២០ទៅ២៥គីឡូម៉ែត្រពីតំបន់ចុងឃ្នៀស។ លោក ស្លេះ កើ រៀបរាប់ទៀតថា ជួនកាលកូនរបស់លោកត្រូវបណ្ដែតទូតតាមបណ្ដោយផ្ទៃច្រាំងទន្លេសាប ដែលឆ្ងាយៗ មានចម្ងាយពី៥០ទៅ៦០គីឡូម៉ែត្រជាដើម។
 
លោក ស្លេះ កើ រៀបរាប់បន្ថែមថា៖«មិនទៀង ជូនមួយយប់២យប់ បាន២០ទៅ៣០គីឡូត្រី កាត់ចំណាយ ថ្លៃសាំង ទឹកកក ចាយវាយ នៅសល់ប្រហែល៥ម៉ឺនរៀល ថ្ងៃខ្លះអត់ក៏មាន ខាតទាំងសាំង..យើងនៅទន្លេ សង្ឃឹមលើត្រី ដល់ពេលត្រីវាអស់អ៊ីចឹង យើងក៏លំបាកដែរ ព្រោះយើងធ្វើស្រែនៅលើទឹក ដល់ពេលអត់ត្រី យើងមិនដឹងទៅរកអ៊ី មានតែឱ្យកូនធ្វើការឱ្យគេខ្លះទៅ រកត្រីខ្លះទៅ»។ 
 
សម្រាប់លោក ស្លេះ កើ ការថមថយនៃផលនេសាទក្នុងបឹងទន្លេសាប គឺមកពីកត្ដាបទល្មើសច្រើនលើសលុប។ បុរសវ័យ៤៥ឆ្នាំ យល់ថា ប្រសិនបើទប់ស្កាត់ ឬកាត់បន្ថយបទល្មើសនេសាទ នោះទិន្នផលត្រីនឹងកើនឡើងវិញជាក់ជាមិនខាន៕






 
 
 
 

Tag:
 ទន្លេសាប
  ចុងឃ្នៀស
© រក្សាសិទ្ធិដោយ thmeythmey.com