កីឡាជាតិ
ជាតិ
លោក កែវ សារ៉េត ប្រាប់ពីលក្ខខណ្ឌ ដើម្បីទទួលបានការហ្វឹកហាត់នៅសាលាបាល់ទាត់ជាតិបាទី
17, Jan 2021 , 1:29 pm        
រូបភាព
លោក កែវ សារ៉េត ប្រាប់លក្ខខណ្ឌក្នុងការទទួលបានការហ្វឹកហាត់នៅសាលាបាល់ទាត់ជាតិបាទី, រូបទាំងអស់ពី FFC
លោក កែវ សារ៉េត ប្រាប់លក្ខខណ្ឌក្នុងការទទួលបានការហ្វឹកហាត់នៅសាលាបាល់ទាត់ជាតិបាទី, រូបទាំងអស់ពី FFC
ដោយ:
សហព័ន្ធកីឡាបាល់ទាត់កម្ពុជាកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ បានរៀបចំសន្និសីទសារព័ត៌មានមួយ ដើម្បីប្រកាសរំសាយការហ្វឹកហាត់របស់យុវជនសាលាបាល់ទាត់ជាតិបាទីចំនួន១២រូប ដែលដល់អាយុកំណត់។ លោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធអះអាងថា យុវជនទាំង១២រូប សុទ្ធតែមានក្លិបចែវចូវរួចហើយ។ ជាមួយគ្នានេះ លោក ក៏បានប្រាប់ពីលក្ខខណ្ឌក្នុងការទទួលបានការហ្វឹកហាត់នៅសាលាបាល់ទាត់ជាតិបាទីផងដែរ។

 
តើកីឡាករត្រូវធ្វើដូចម្តេច ដើម្បីទទួលបានឱកាសចូលហ្វឹកហាត់នៅមជ្ឈមណ្ឌលសាលាបាល់ទាត់ជាតិបាទី? នេះជាចម្ងល់ និងជាសំណួររបស់អ្នកគាំទ្រវិស័យកីឡាបាល់ទាត់ ក៏ដូចជាយុវជន ដែលមានបំណងចង់ចូលហ្វឹកហាត់នៅទីនោះ។ ប៉ុន្តែសំណួរនេះមិនទាន់ទទួលបានចម្លើយ ឬការបកស្រាយពីភាគីពាក់ព័ន្ធណាមួយអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ 
 
ដើម្បីជម្រះមន្ទិលរបស់អ្នកគាំទ្រ និងយុវជនបាល់ទាត់មួយចំនួន លោក កែវ សារ៉េត អគ្គលេខាធិការនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានចេញមកបកស្រាយពាក់ព័ន្ធបញ្ហានេះ និងបានលើកឡើងពីលក្ខខណ្ឌមួយចំនួន។ លោកបានបញ្ជាក់ថា កីឡាករគ្រប់រូប ដើម្បីទទួលបានការហ្វឹកហាត់នៅសាលាបាល់ទាត់ជាតិបាទី ពួកគេត្រូវតែជាយុវជនម្នាក់របស់ក្លិបបាល់ទាត់ណាមួយនៅក្នុងលីគកំពូល ជាពិសេសជាយុវជនរបស់សាលាតម្រង់ទិស២៥រាជធានី-ខេត្ត ដែលជាគម្រោងអភិវឌ្ឍន៍យុវជនរបស់សហព័ន្ធ។   
 
លោក កែវ សារ៉េត បានលើកឡើងពីលក្ខខណ្ឌក្នុងការទទួលបានឱកាសហ្វឹកហាត់នៅសាលាបាល់ទាត់ជាតិបាទីយ៉ាងដូច្នេះថា៖«ជាទិសដៅរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា យើងមានយុទ្ធសាស្ត្របង្កើតសាលាតម្រង់ទិស២៥រាជធានី-ខេត្ត ហើយនៅទីនោះយើងមាន Academy ពីរៗក្រុមខាងយុវជន និងមាន១ក្រុមនារីទៀត។ ដូច្នេះទីនោះជាទីតាំង ដែលយើងត្រូវជ្រើសរើសមក ទីកន្លែងសំខាន់ គឺនៅទីនោះ។ ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ សហព័ន្ធមានគោលការណ៍ឲ្យក្លិបទាំង១២នៅលីគកំពូលអភិវឌ្ឍន៍យុវជនដូចសាលាតម្រង់ទិសដែរ ដូច្នេះការជ្រើសរើសយុវជនមិនមែនតែនៅសាលាតម្រង់ទិសទេ គឺបូកទាំង១២ក្លិបទៀត»។

 
ក្រៅពីនេះ យុវជនលេងឲ្យក្លិបក្នុងពាន់រង្វាន់យុវជនរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលមានសមត្ថភាព និងទេពកោសល្យលេចធ្លោរ ក៏មានឱកាសទទួលបានការហ្វឹកហាត់នៅសាលាបាល់ទាត់ជាតិបាទីដែរ។ នេះបើតាមការលើកឡើងរបស់លោក កែវ សារ៉េត ដែលសង្កត់ធ្ងន់ថា យុវជនដែលអាចហ្វឹកហាត់នៅបាទីបាន លុះត្រាមានអាយុក្រោម១៨ឆ្នាំ។ 
 
ទន្ទឹមនឹងនេះ លោក បានបញ្ជាក់ពីលក្ខខណ្ឌធ្វើតេស្តមួយចំនួន ដើម្បីអាចឲ្យកីឡាករទទួលបានការហ្វឹកហាត់នៅសាលាបាល់ទាត់ជាតិបាទី។ លោកបានលើកឡើងពីរបៀបនៃការធ្វើតេស្តដូច្នេះថា៖«ខ្ញុំលើកពីគោលការណ៍នៃការធ្វើតេស្តចូលហ្វឹកហាត់នៅបាទី គឺគេមានធ្វើតេស្តលើសមត្ថភាពផ្ទាល់ខ្លួនរបស់ក្មួយម្នាក់ៗ មានរត់ល្បឿនខ្លី ល្បឿនវែង លោត បណ្តើរបាល់ និងទាត់បញ្ចូលទីជាដើម។ លើសពីនេះមានការចែកជាក្រុមលេងតូចៗ ដើម្បីមើលពីបច្ចេកទេស និងភាពរហ័សរហួនរបស់ក្មេងៗ»។
 
បើតាមលោក ឈូក ពិសិដ្ឋ មន្ត្រីរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងជាអ្នកចាត់ការក្រុមជម្រើសជាតិ ក្រុមកីឡាករយុវជនរបស់សាលាបាល់ទាត់ជាតិបាទីមានចំនួនពីរក្រុមក្នុងកម្រិតអាយុខុសៗគ្នា ដោយ១ក្រុមមានសមាជិកចំនួន២៥រូប។ ប៉ុន្តែកាលពីថ្ងៃទី១៥ ខែមករា សហព័ន្ធបានប្រកាសរំសាយការប្រមូលផ្តុំហ្វឹកហាត់របស់យុវជននៅសាលាបាល់ទាត់ជាតិបាទីចំនួន១២រូប។ ការរំសាយនេះ ធ្វើឡើងក្រោយពួកគេភាគច្រើនបានបញ្ចប់ថ្នាក់ទី១២ និងមួយចំនួនទៀតផុតអាយុ ដែលត្រូវប្រមូលផ្តុំ។ 


លោក ឈូក ពិសិដ្ឋ អ្នកការក្រុមជម្រើសជាតិកម្ពជា
 
លោក ពិសិដ្ឋ អះអាងថា យុវជនទាំង១២រូបមានក្លិបចែវចូវរួចហើយ ក្នុងនោះ៨រូបបានបញ្ចប់ការចរចាជាមួយក្លិបទាំងស្រុង និង៤រូបទៀតកំពុងស្ថិតក្នុងដំណើរការចរចា។ ក្នុងនោះកីឡាករ រី លាភផេង និងកីឡាករ ជូ ស៊ីនទី ចុះកិច្ចសន្យាលេងឲ្យក្លិបព្រះខ័នរាជស្វាយរៀង រីឯអ្នកចាំទី កយ សាលីម និងកីឡាករ តាំង ប៊ុនឆៃ ចូលរួមជាមួយបឹងកេត ចំណែកកីឡាករដទៃទៀត មិនទាន់ត្រូវបានក្លិបប្រកាសជាផ្លូវការនោះទេ។ 
 
កីឡាករទាំង១២រូប ដែលត្រូវបានរំសាយការប្រមូលផ្តុំពីសាលាបាល់ទាត់ជាតិបាទីរួមមានកីឡាករ រី លាភផេង, ជូ ស៊ីនទី, កយ សាលីម, តាំង ប៊ុនឆៃ, អ៊ឹម នែន, ស្រួច ជីវណ្ណ, ភេម តៅសិញ, សេង សម្បត្តិ, ជា សុខម៉េង, ទួត សារ៉ូត, ធី លៀង និង ឈឹម ពេជពន្លឺ៕  


Tag:
 បាល់ទាត់
  កែវ សារ៉េត
  សាលាបាល់ទាត់ជាតិបាទី
© រក្សាសិទ្ធិដោយ thmeythmey.com