ជាតិ
សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈបង្កើតជំនាញតែងនិពន្ធជំនាន់ទី១
17, Jan 2021 , 3:59 pm        
រូបភាព
ភ្នំពេញ៖ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ចាប់ផ្ដើមបង្កើតជំនាញតែងនិពន្ធជំនាន់ទី១ក្នុងឆ្នាំ២០២១ សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្ររយៈពេល៤ឆ្នាំ។ ក្នុងរយៈពេលសិក្សានេះ និស្សិតនឹងមានសមត្ថភាពចេះនិពន្ធល្ខោន និពន្ធរឿងភាពយន្ត និពន្ធប្រលោមលោក និពន្ធកំណាព្យ និពន្ធរឿងល្ខោនវិទ្យុ និពន្ធទំនុកច្រៀង និងនិពន្ធរឿងរបាំគ្រប់ទម្រង់។


 
ព្រឹទ្ធបុរសស្ដីទីមហាវិទ្យាល័យសិល្បៈនាដសាស្ត្រ លោក ក្រូច សាមឿន បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗថា សាលាសម្រេចបង្កើតជំនាញតែងនិពន្ធនេះឡើង ព្រោះតែចង់ឱ្យនិស្សិតមានសញ្ញាបត្រតែងនិពន្ធ ដាច់ដោយឡែកពីសញ្ញាបត្រដឹកនាំរឿង។ ម្យ៉ាងដោយសារការសង្កេតឃើញធនធានផ្នែកតែងនិពន្ធនៅក្នុងប្រទេសកម្ពុជានៅមានការខ្វះខាតច្រើនផង។
 
«តាមពិតទៅការតែងនិពន្ធមានក្នុងជំនាញដឹកនាំរឿងរបាំបុរាណ របាំប្រពៃណី និងដឹកនាំរឿងល្ខោន រួចមកហើយ ប៉ុន្តែលើកនេះយើងចង់ឱ្យនិស្សិតមានសញ្ញាបត្រតែងនិពន្ធតែម្ដង។ យើងចង់ឱ្យពួកគេដឹងច្បាស់ពីទម្រង់តែងនិពន្ធផ្សេងៗគ្នា និងឱ្យពួកគេចេះក្បួនតែងនិពន្ធទាំងអស់ ដូចជាផ្នែកភាពយន្ត ល្ខោនវិទ្យុ ល្ខោននិយាយ ចម្រៀង កំណាព្យ ផ្នែកសារព័ត៌មាន ជាដើមហ្នឹង។ ខ្ញុំធ្លាប់ធ្វើមេប្រយោគ ក្នុងមហោស្រពល្ខោនទូទាំងប្រទេស ឃើញថាយើងខ្វះខាងអ្នកនិពន្ធដែលមានទឹកដៃច្រើន។ ម្យ៉ាងខាងវិទ្យុ និងទូរទស្សន៍ ក៏ខ្វះអ្នកនិពន្ធច្រើនដែរ»។
 
លោក ក្រូច សាមឿន បញ្ជាក់បន្ថែមថា សាស្ត្រាចារ្យដែលនឹងត្រូវបង្រៀន ក្នុងជំនាញនេះ គឺជាគ្រូដែលមានបទពិសោធតាំងពីទសវត្សរ៍ទី៦០ ដោយមានជំនាញផ្នែកតែងនិពន្ធផ្សេងៗគ្នា។ ហើយជំនាញតែងនិពន្ធនេះ ក៏នឹងបញ្ចូលមូលដ្ឋាននៃការដឹកនាំរឿងផងដែរ ដូច្នេះនិស្សិតចេះទាំងផ្នែកតែងនិពន្ធ និងចេះទាំងផ្នែកដឹកនាំរឿងខ្លះផង។
 
យ៉ាងណាក៏ដោយ នៅកម្ពុជាពុំទាន់មានសាលាបង្រៀនជំនាញភាពយន្ត ថ្នាក់ជាតិនៅឡើយទេ ព្រោះកម្ពុជានៅខ្វះធនធានមនុស្ស និងធនធានសម្ភារ ព្រមទាំងទីផ្សារភាពយន្តក្នុងស្រុកនៅតូចចង្អៀតនៅឡើយ។  ប៉ុន្តែបើតាមលោក ក្រូច សាមឿន កន្លងមកក្រសួងពាក់ព័ន្ធក៏ធ្លាប់បានគិតគូរពីការបើកសាលាបង្រៀនភាពយន្ត ហើយខាងភាគីចិន ក៏ធ្លាប់លើកឡើងពីការជួយសាងសង់សាលាកុនផងដែរ។ 
 
បើតាមព្រឹទ្ធបុរសស្ដីទីមហាវិទ្យាល័យសិល្បៈនាដសាស្ត្ររូបនេះ មហាវិទ្យាល័យនាដសាស្ត្រ បានសហការជាមួយសាលានៅប្រទេសកូរ៉េ ដើម្បីផ្ដល់អាហារូបករណ៍រាល់ឆ្នាំដល់និស្សិតកម្ពុជា បានទៅបន្តការសិក្សាក្រោយថ្នាក់បរិញ្ញា នៅប្រទេសកូរ៉េផងដែរ។ កន្លងមកមាននិស្សិតកម្ពុជាមួយចំនួន ធ្លាប់បានទៅរៀន នៅប្រទេសកូរ៉េ ថ្នាក់អនុបណ្ឌិត ផ្នែកដឹកនាំកុន និងផ្នែកផ្សេងៗទៀត។ ទោះជាយ៉ាងណា ដើម្បីបានទៅបន្តការសិក្សានៅប្រទេសកូរ៉េបាន និស្សិតទាំងអស់ត្រូវចេះភាសាកូរ៉េប្រើប្រាស់បាន។
 
គិតចាប់តាំងពីថ្ងៃជូនដំណឹងមក មានបេក្ខជនបានទិញពាក្យចូលរៀនជំនាញតែងនិពន្ធនេះជាបណ្ដើរៗហើយ។ ជំនាញតែងនិពន្ធ ក្នុងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ មានត្រឹមថ្នាក់បរិញ្ញាបត្រតែប៉ុណ្ណោះ។ តម្លៃសិក្សាឆ្នាំមូលដ្ឋាន(ឆ្នាំទី១) ៤០០ដុល្លារក្នុងមួយឆ្នាំ ហើយឆ្នាំទី២ដល់ទី៤ តម្លៃ៥០០ដុល្លារក្នុងមួយឆ្នាំ៕
 
 

Tag:
 សិក្សា
  អប់រំ
  សាកលវិទ្យាល័យភូមិវិចិត្រសិល្បៈ
  សាលារចនា
  តែងនិពន្ធ
 មហាវិទ្យាល័យ
© រក្សាសិទ្ធិដោយ thmeythmey.com