ជាតិ
ចិន ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ៦១កន្លែងដល់សិស្សនិស្សិតកម្ពុជា
18, Jan 2021 , 9:29 am        
រូបភាព
រូបភាពពីហេ្វសប៊ុក​ស្ថានទូតចិន
រូបភាពពីហេ្វសប៊ុក​ស្ថានទូតចិន
ភ្នំពេញ៖ សាធារណរដ្ឋប្រជាមានិតចិន បានផ្ដល់អាហារូបករណ៍ចំនួន ៦១កន្លែង ដល់សិស្ស និស្សិត មន្រ្តីរាជការ បុគ្គលិកអង្គការ និងបុគ្គលិកក្រុមហ៊ុននៅប្រទេសកម្ពុជា ដើម្បីបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រ នៅប្រទេសចិន សម្រាប់ឆ្នាំសិក្សា ២០២១-២០២២។ នេះបើតាមក្រសួងអប់រំ យុវជន និងកីឡា។


 
ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីជូនដំណឹងស្ដីពី ការប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រ ទៅសិក្សានៅប្រទេសចិន ក្នុងឆ្នាំសិក្សា ២០២១-២០២២។ បើតាមក្រសួងអប់រំ សាធារណរដ្ឋប្រមានិតចិន បានផ្ដល់អាហារូបករណ៍ចំនួន ៦១កន្លែង ដល់សិស្ស និស្សិត មន្រ្តីរាជការ បុគ្គលិកអង្គការ និងក្រុមហ៊ុន សម្រាប់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រ។ 
 
អាហារូបករណ៍ទាំង ៦១កន្លែងខាងលើ ផ្ដោតលើជំនាញ វិទ្យាសាស្រ្ត វិស្វកម្ម សេដ្ឋកិច្ច ការគ្រប់គ្រងពាណិជ្ជកម្ម វេជ្ជសាស្រ្ត ព័ត៌មានវិទ្យា។ល។ សម្រាប់ការសិក្សានៅប្រទេសចិន ការចំណាយលើការស្នាក់នៅ ការសិក្សា និងប្រាក់អាហារូបករណ៍ ជាការចំណាយរបស់ភាគីចិន ខណៈការធ្វើដំណើរទៅមក ជាបន្ទុករបស់សាមីខ្លួន។
 
លក្ខខណ្ឌនៃការចុះឈ្មោះ សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ បេក្ខជនត្រូវមានសញ្ជាតិខ្មែរ មានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រ, មានអាយុយ៉ាងច្រើន ៣៥ឆ្នាំ, មានចំណេះដឹងភាសាអង់គ្លេស និងមានសុខភាពល្អ។ ចំណែកថ្នាក់បរិញ្ញាបត្រវិញ បេក្ខជន ត្រូវមានសញ្ជាតិខ្មែរ, មានសញ្ញាបត្រមធ្យមសិក្សាទុតិយភួមិ, មានអាយុក្រោម ២៩ឆ្នាំ, មានលិខិតបញ្ជាក់ចំណេះដឹងភាសាចិនយ៉ាងទាបត្រឹមកម្រិត HSK3 និងត្រូវមានសុខភាពល្អ។
 
បេក្ខជនដែលមានចំណាប់អារម្មណ៍លើអាហារូបករណ៍នេះ អាចសុំពាក្យប្រឡង ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ២០២១ នៅការិយាល័យអាហារូបករណ៍ នាអគារលេខ ២៣ ផ្លូវ៣៦០ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ការប្រឡង នឹងរៀបចំនៅថ្ងៃទី ១៤ កុម្ភៈ។ នេះបើតាមក្រសួងអប់រំដដែល៕
 

Tag:
 អប់រំ
  ចិន
  អាហារូបករណ៍
© រក្សាសិទ្ធិដោយ thmeythmey.com