ជាតិ
សេដ្ឋកិច្ច
FTA៖ ទំនិញ​៦៥​មុខ​របស់​កម្ពុជា នឹង​នាំទៅ​ចិន​នៅ​ចុងខែ​មករា
18, Jan 2021 , 10:40 am        
រូបភាព
​ភ្នំពេញ​៖ ទំនិញ​សក្តានុពល​ចំនួន​៦៥​មុខ​របស់​កម្ពុជា នឹង​ចាប់ផ្តើម​នាំចេញ​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន នៅ​បំណាច់​ខែមករា​ឆ្នាំ​២០២១​។ ការនាំចេញ​ទំនិញ​ទាំង​៦៥​មុខ​ទៅ​ទីផ្សារ​ចិន​នេះ គឺ​ស្ថិតនៅក្រោម​កិច្ច​ព្រម​ពៀង​ពាណិជ្ជកម្ម​សេរី​(FTA) ដែល​ភាគី​ទ្វេភាគី​ទាំងពីរ​បានបញ្ចប់​ការចរចា អស់​រយៈពេល​៣​ខែ​មកហើយ​។


 
​រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម លោក ស៊ា​ង ថៃ បាន​លើកឡើងថា ទំនិញ​សក្តានុពល​នាំ​ចេញទៅ​ចិន ពី​៥០​ទៅ​៦៥ មុខ បាន​សិក្សា​រួចហើយ ទាក់ទង​នឹង​របាំង​បច្ចេកទេស​, របាំង​ពន្ធគយ និង​ភាពអនុគ្រោះ​ពន្ធ​នានា ដែល​ប្រទេស​ចិន​ផ្តល់ជូន​កម្ពុជា ដើម្បី​ជំរុញ​ការនាំចេញ​ជា​អតិបរមា​។ បើតាម​រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​រូបនេះ ការសិក្សា​លើ​ទំនិញ​ទាំង​៦៥​មុខ គឺ​ផ្អែកលើ​ឯកសារ​គោល ដោយបាន​ដកស្រង់​ចេញពី​គោលនយោបាយ​ពាណិជ្ជកម្ម និង​ពី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដែលមាន​មូលដ្ឋាន​ច្បាស់លាស់​សម្រាប់ធ្វើ​ការនាំ​ចេញ​។ ទំនិញ​របស់​កម្ពុជា​ដែល​នាំទៅ​ចិន តាមរយៈ​FTA​នេះ មាន ផលិតផល​កសិកម្ម ម្រេច​, ផ្លែឈើ ត្រី សាច់ និង​ប្រភេទ​សត្វ​សមុទ្រ​ផ្សេងទៀត​។​
 
​ពាក់ព័ន្ធ​នឹង​ការនាំ​ទំនិញ​ទៅ​ចិន​ក្រោម​FTA​នេះ លោក ប៉ែន សុ​វិជាតិ អនុរដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​បានស្នើ​ឱ្យ​ក្រុមការងារ​លេខាធិការដ្ឋាន​សិក្សា​ស្រាវជ្រាវ​បន្ថែមទៀត​លើ​ទំនិញ​គោល​១​មុខ ដែល​អាច​កែច្នៃ​ទៅជា​ទំនិញ​ជាច្រើន​មុខ​(​ទំនិញ​ដេ​រី​វ៉េ​) អំពី​លេខ​បន្ទាត់​ពន្ធគយ (HS code) ដែល​អាច​ទទួលបាន​ភា​ព​អនុគ្រោះ​ក្នុងការ​នាំចេញ​ទៅកាន់​ប្រទេស​ចិន​។  លោក​បន្តថា ក្រុមការងារ​ពិនិត្យ និង​សិក្សា​ស្រាវជ្រាវ​លើ​ទំនិញ​សម្លៀកបំពាក់ ដែល​ផលិត​ពី​រោមសត្វ​សម្រាប់​នាំចេញ ទៅកាន់​ប្រទេស​ចិន​។ 
 
​សម្រាប់​ឯកសារ​យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម​ដើម្បី​ទាញយក​ប្រយោជន៍​ជា​អតិបរមា ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​(FTA)​ជាមួយ​ចិន គឺជា​ឯកសារ​រស់​ដែល​នឹងត្រូវ​សិក្សា​ស្រាវជ្រាវ​លើ​មុខទំនិញ​សក្តានុពល ជា​បន្តបន្ទាប់​ទៀត ។ ជាពិសេស​ពង្រីក​ការសិក្សា​ស្រាវជ្រាវ ជាមួយ​បណ្តា​ប្រទេស​ដែល​កម្ពុ​ជាមាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទាំង​ថ្នាក់​តំបន់ និង​ទ្វេភាគី ក្នុងការ​ជំរុញ​នាំចេញ​ឱ្យ​បានជា​អតិបរមា ។ នេះ​បើតាម​ក្រសួងពាណិជ្ជកម្ម​។ 
 
​សូមជម្រាបថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​នេះ កម្ពុជា ក៏បានផ្ដល់​ការអនុគ្រោះ​ពន្ធ​នាំចូល​មុខទំនិញ​ពី​ចិន​ដែរ​។ កម្ពុជា​បាន​អនុគ្រោះ​លើ​ផលិតផល​ចិន រួមមាន ដែក គ្រឿងបន្លាស់ គ្រឿង​បង្គុំ និង​គ្រឿងចក្រ​ធំ​ជាដើម​។​

អត្ថបទទាក់ទង
កាលពី​ឆ្នាំ​២០១៩ កម្ពុជា​នាំចេញ​ទៅ​ចិន មាន​ទំហំ​ទឹកប្រាក់​ជាង ១០០០​លាន​ដុល្លារ ខណៈ​ចិន​នាំ​ចូលមក​កម្ពុជា​វិញ ជាង​៦០០០​លាន​ដុល្លារ​។ ទំនិញ​ដែល​កម្ពុជា នាំទៅ​ទីផ្សារ​ចិន ភាគច្រើន ជា​ប្រភេទ​ផលិតផល​កសិកម្ម ឯ​ចិន​នាំមក​កម្ពុជា ភាគច្រើន​ជា​សម្ភារ​បច្ចេកទេស គ្រឿងបន្លាស់ និង​គ្រឿងចក្រ​ធំ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក លោក សុខ សុភ័ក្ត្រ  រដ្ឋលេខាធិការ និង​ជា​ប្រធាន​គណៈប្រតិភូ​នៃ​ក្រសួងពាណិជ្ជកម្ម​៕
 
 

Tag:
 FTA
  លោក ស៊ា​ង ថៃ​
© រក្សាសិទ្ធិដោយ thmeythmey.com