អន្តរជាតិ
ម៉ិ​ក​ស៊ិ​ក​លើកលែង​ការចោទប្រកាន់​អតីតរដ្ឋមន្ត្រី​ក្រសួងការពារជាតិ​រឿង​គ្រឿងញៀន​
18, Jan 2021 , 7:59 pm        
រូបភាព
រូបឯកសារ៖ លោក​ Salvador Cienfuegos អតីត​រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិប្រទេសម៉ិកស៊ិក ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយក្នុងទីក្រុង ម៉ិកស៊ិក ប្រទេសម៉ិកស៊ិក កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧។
រូបឯកសារ៖ លោក​ Salvador Cienfuegos អតីត​រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិប្រទេសម៉ិកស៊ិក ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយក្នុងទីក្រុង ម៉ិកស៊ិក ប្រទេសម៉ិកស៊ិក កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧។
​ការិយាល័យ​រដ្ឋអាជ្ញា​ម៉ិ​ក​ស៊ិ​ក​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា រដ្ឋអាជ្ញា​នឹងមិន​បន្ត​ចោទប្រកាន់​បទ​ព្រហ្មទណ្ឌ​ប្រឆាំង​អតីតរដ្ឋមន្ត្រី​ក្រសួងការពារជាតិ ដែល​ត្រូវបាន​ចាប់ខ្លួន​នៅ​សហរដ្ឋអាមេរិក ពីបទ​សហការ​ជាមួយ​ក្រុម​ជួញដូរ​គ្រឿងញៀន​ដ៏​មាន​ឥទ្ធិពល​បំផុត នៅ​ប្រទេស​ម៉ិ​ក​ស៊ិ​ក​ទេ​។​

 
​សហរដ្ឋអាមេរិក​បាន​ចាប់ខ្លួន​លោក Salvador Cienfuegos សមាជិក​អតីត​រដ្ឋាភិបាល​ប្រធានាធិបតី Enrique Pena Nieto នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ទីក្រុង Los Angeles កាលពី​ខែតុលា​។ ការចាប់ខ្លួន​លោក​បាន​បង្ក​ភាព​តានតឹង​ផ្នែក​ការទូត​រវាង​ប្រទេស​ទាំងពីរ​។​
 
​នៅក្នុង​ខែវិច្ឆិកា លោក Cienfuegos ត្រូវបាន​បញ្ជូនទៅ​ប្រទេស​ម៉ិចស៊ិក ដើម្បី​កាត់ក្តី​ដែល​អាច​កើតមាន​។​
 
​ក្រុមមន្ត្រី​ម៉ិ​ក​ស៊ិ​កបាន​និយាយថា លោក Cienfuegos បានបង្ហាញ​ភស្តុតាង​ក្នុង​រយៈពេល​៥​ថ្ងៃ ដែល​បដិសេធ​ទាំងស្រុង​នូវ​ការអះអាង​របស់​សហរ​ដ្ឋ​អាមេរិក​។​
 
​សេចក្តីថ្លែងការណ៍​ថា​៖ «​ការសន្និដ្ឋាន​ចុងក្រោយ​ដែល​ឈានដល់​ការឯកភាព​នោះ គឺថា លោក​ឧ​ត្ត​ម​សេនីយ៍ Salvador Cienfuegos Zepeda មិន​ដែលមាន​ជំនួប​ជាមួយ​ក្រុម​អង្គការ​ឧក្រិដ្ឋកម្ម​ដែល​អាជ្ញាធរ​អាមេរិក​ស៊ើបអង្កេត​ទេ​។ ហើយ​លោក​ក៏​មិនដែល​ទាក់ទង​ជាមួយ​ពួកគេ ក៏ដូចជា​អនុវត្ត​សកម្មភាព​ដើម្បី​ការពារ ឬ​ជួយ​ដល់​បុគ្គល​ទាំង​នោះដែរ​»​។​
 
​លើសពីនេះ​សេចក្តីថ្លែងការណ៍​និយាយថា​គ្មាន​ភស្តុតាង​បញ្ជាក់ថា លោក Cienfuegos មាន​ប្រាក់ចំណូល​ខុសច្បាប់​ឬ​គួរឱ្យ​សង្ស័យ ឬ «​ថា​គាត់​បាន​បញ្ជា​ដើម្បី​ប្រយោជន៍​ក្រុម​ឧក្រិដ្ឋជន​នោះ ក៏​មិន​មែនដែរ​»​។ រដ្ឋអាជ្ញា​ម៉ិច​ស៊ី​កបាន​ទម្លាក់​ការចោទប្រកាន់​ទាំងអស់​ប្រឆាំងនឹង​លោក Cienfuegos ទាំងស្រុង​។​
 
​តែ​លោក Mike Vigil អតីត​ប្រធាន​រដ្ឋបាល​អាមេរិក​ប្រឆាំង​គ្រឿងញៀន​ផ្នែក​សហប្រតិបត្តិការ​អន្តរជាតិ បាន​និយាយ​នៅក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍​ម៉ិ​ក​ស៊ិ​ក​ឈ្មោះ Milenio ថា «​នេះ​គឺជា​ស្លាកស្នាម​ទុរយស​នៅក្នុង​ប្រព័ន្ធយុត្តិធម៌​ម៉ិ​ក​ស៊ិ​ក​»៕

© រក្សាសិទ្ធិដោយ thmeythmey.com