ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា និងហុងគ្រី នឹងពិភាក្សាគ្នា ពីរឿងសេដ្ឋកិច្ច គម្រោងឥណទាន និងកិច្ចព្រមព្រៀងផ្សេងទៀត តាមប្រព័ន្ធវីដេអូ នាថ្ងៃទី២០-២១ មករា។ លោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងកម្ពុជា និងលោក អ៊ីស្វាន់ ចូ អនុរដ្ឋមន្ត្រីទទួលបន្ទុកវិស័យអភិវឌ្ឍន៍ការនាំនៃក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី ជាអ្នកដឹកនាំប្រជុំកិច្ចពិភាក្សានេះ។
មូលហេតុនៃការប្រជុំនេះ គឺដើម្បីត្រួតពិនិត្យការបំពេញការងារនៃកិច្ចព្រមព្រងរវាងភាគីទាំងពីរ ក្រោយមេដឹកនាំចុះហត្ថលេខា ជាបន្តបន្ទាប់ កាលពីឆ្នាំ២០១៩ និហ២០២០។ សេចក្តីប្រកាសព័ត៌មានក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ដូច្នេះថា៖« គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីជំរុញការអនុវត្តកិច្ចព្រមព្រៀង និងអនុស្សរណៈ ដែលបានចុះហត្ថលេខាកន្លងមក នឹងពិនិត្យតាមដានវឌ្ឍនភាពការងាររវាងភាគីទាំងពីរ»។
កិច្ចប្រជុំរវាងកម្ពុជា-ហុងគ្រី នោះគឺផ្ដោតលើវិស័យសំខាន់ដូចជា ពាណិជ្ជកម្ម និង សេដ្ឋកិច្ច, គម្រោងឥណទាន, កសិកម្ម សន្តិសុខស្បៀង និងរក្ខាប្រមាញ់, ការគ្រប់គ្រងធនធានទឹក, វិស័យអប់រំ យុវជន និងកីឡា, វប្បធម៌, ទេសចរណ៍ , ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនុវានុវត្តន៍ និងអាកាសចរស៊ីវិល។
កាលពីថ្ងៃទី១៣ មិថុនា ឆ្នាំ២០១៩ កម្ពុជា និងហុងគ្រី បានចុះហត្ថលេខារួមគ្នាលើឯកសារចំនួន៣ ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ឯកសារទាំងនោះ ត្រូវបានព្រមព្រៀងគ្នានៅក្នុងជំនួបរវាងសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក Viktor Orban នាយករដ្ឋមន្ត្រីហុងគ្រី នៅទីក្រុងប៊ុយដាប៉េស ។
ក្រោមភាគីទាំងពីរ បានចុះកិច្ចព្រមព្រៀងលើឯកសារកិច្ចព្រមព្រៀង៣បន្ថែមទៀត តាមរយៈដំណើរទស្សនកិច្ចមកកម្ពុជា របស់លោក Peter Szijjarto រដ្ឋមន្ត្រីការបរទេសហុងគ្រី កាលពីថ្ងៃទី៣ វិច្ឆិកា ២០២០។
ទំនាក់ទំនងរវាងភាគីទាំងពីរ មានភាពប្រសើរឡើងច្រើន នៅក្នុងរយៈពេលចុងក្រោយនេះ។ មិនតែប៉ុណ្ណោះកម្ពុជា ក៏ចាត់ទុកហុងគ្រី ជាមិត្តដ៏ជិតស្និទរបស់ខ្លួនទៀតផង ក្រោយពីហុងគ្រី ប្រកាសជំទាស់នឹងសហភាពអឺរ៉ុប ដែលដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា (EBA)។
គួរបញ្ជាក់ថា កម្ពុជា និងហុងគ្រី បានចាប់ផ្ដើមទំនាក់ទំនងការទូតឡើងវិញនៅឆ្នាំ១៩៧៩ ក្រោយពីដួលរំលំរបប ប៉ុល ពត ។ កម្ពុជា និងហុងគ្រី បានចាប់ផ្ដើមទំនាក់ទំនងការទូតលើកដំបូង តាំងពីឆ្នាំ១៩៥៦មកម្ល៉េះ ៕