កីឡាអន្តរជាតិ
អន្តរជាតិ
Ozil រីករាយ ពេលបានចាកចេញពី Arsenal ដើម្បីទៅចូលរួមជាមួយ Fenerbahce
× Mesut Ozil បង្ហាញអារម្មណ៍រំភើប និងរីករាយបំផុតដែលជិតបានប្តូរទៅក្រុមថ្មី Fenerbahce ស្របពេលក្លិបនៃលីគកំពូលតួកគីនេះបានបញ្ជាក់ថាដំណើរការផ្ទេរយកខ្សែបម្រើរូបនេះពី Arsenal ឈានដល់ការពិនិត្យសុខភាព។
ក្លិប Fenerbahce បានប្រកាសនៅថ្ងៃទី១៧ ខែមករា ថា Ozil នឹងបញ្ចប់អាជីពជាមួយកាំភ្លើងធំនៃក្របខណ្ឌ Premier League ត្រឹមរយៈពេល៨ឆ្នាំនៅក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករខែមករានេះ ដើម្បីទៅចូលរួមជាមួយខ្លួន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ស្របពេលប្រពន្ធ និងកូន Ozil ទៅដល់តួកគីមុនហើយ។
ក្នុងដំណើរពីអង់គ្លេសទៅកាន់តួកគីដើម្បីពិនិត្យសុខភាព ខ្សែបម្រើអន្តរជាតិអាល្លឺម៉ង់ វ័យ៣២ឆ្នាំរូបនេះ បានបង្ហាញក្តីរំភើបជាងខ្លាំងក្នុងការក្លាយជាសមាជិកក្រុមម្ចាស់ការជើងឯក Super Lig លីគកំពូលទួរគី។ Ozil អះអាងថារូបគេនៅតែមានសុខភាពល្អ បើទោះមិនបានប៉ះបាល់លើទីលានជិតមួយឆ្នាំក៏ដោយ។
Ozil មិនបានបង្ហាញខ្លួនឲ្យ Arsenal ចាប់តាំងពីខែមីនាឆ្នាំមុនម្លេះ ហើយរដូវកាលនេះ រូបគេក៏មិនជាប់ឈ្មោះសមាជិកកីឡាករទាំង២៥រូបរបស់លោក Mikel Arteta សម្រាប់ក្របខណ្ឌ Premier League និង Europa League នៅរដូវកាលនេះទៀតផង។
ឆ្លើលទៅកាន់ទូរទស្សន៍ NTV អតីតសមាជិកក្រុម Real Madrid ដែលមានដើមកំណើតទួកគីស្រាប់និយាយថាខ្លួនទន្ទឹងរង់ចាំលេងឲ្យ Fenerbahce យូរមកហើយ។
«ខ្ញុំជាហ្វេន Fenerbahce។ ដូច្នេះហើយទើបខ្ញុំរីករាយដែលបានមកប្រទេសទួកគី និងលេងឲ្យ Fenerbahce។ ខ្ញុំពិតជារំភើបណាស់ដែលខ្ញុំមានឱកាសពាក់អាវនេះ ហើយខ្ញុំនឹងធ្វើអ្វីគ្រប់យ៉ាងដែលខ្ញុំអាចធ្វើបានដើម្បីក្រុម»។ នេះជាការអះអាងរបស់ Ozil។ ខ្សែបម្រើដែលមានបញ្ហាជុំវិញការរិះគន់ចិនកន្លងមកនោះ បន្ថែមថារូបគេទៅដល់ទីក្រុងអ៊ីស្តង់ប៊ុលនៅព្រឹកថ្ងៃទី១៨ ខែមករានេះដើម្បីបញ្ចប់ការផ្ទេរពី Arsenal៕
Tag:
Mesut Ozil
Arsenal
Fenerbahce
© រក្សាសិទ្ធិដោយ thmeythmey.com