កីឡាជាតិ
ជាតិ
សហព័ន្ធ​កីឡា​ល្បុក្កតោ គ្រោង​បង្កើត​ក្លិប​គុន​ល្បុក្កតោ​នៅតាម​វត្ត​អា​រ៉ា​ម ទូទាំងប្រទេស​
19, Jan 2021 , 8:59 am        
រូបភាព
លោក_វ៉ាត់_ចំរើន_អនុប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាឆ្វេង
លោក_វ៉ាត់_ចំរើន_អនុប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាឆ្វេង
ដោយ:
​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា​បានបង្ហាញ​គម្រោង​ធំៗ​ពីរ ដើម្បី​ចូលរួម​អភិរក្ស​និង​អភិវឌ្ឍន៍​វិស័យ​កីឡា​វប្បធម៌ ប្រពៃណី និង​ជា​កេរដំណែល​របស់​ដូនតា​ខ្មែរ​មួយ​នេះ​។ ក្នុងនោះ​សហព័ន្ធ​គ្រោង​បញ្ជ្រាប​គុន​ល្បុក្កតោ​នៅតាម​ទីវ​ត្ត​អា​រ៉ា​ម ជា​កន្លែង ដែល​ក្បាច់គុន​នេះ​ធ្លាប់​ជ្រកកោន​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​។ ជាមួយគ្នានេះ សហព័ន្ធ គ្រោង​បង្រួបបង្រួម​ព្រឹទ្ធាចារ្យ​ក្បាច់គុន ដើម្បី​រក​ចំណុចរួម​ក្នុងការ​អភិវឌ្ឍ​កីឡា​គុន​ល្បុក្កតោ​។

 
​ដើម្បី​អភិរក្ស និង​អភិវឌ្ឍន៍​វិស័យ​កីឡា​គុន​ល្បុក្កតោ​ឲ្យ​កាន់តែ​រីកចម្រើន សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ គ្រោង​បង្កើត​ក្លិប និង​សាលា​គុន​ល្បុក្កតោ​នៅតាម​វត្ត​អា​រ៉ា​ម​ទូទាំងប្រទេស​។ ព្រោះ​ថ្នាក់ដឹកនាំ​សហព័ន្ធ​យល់ថា ការធ្វើ​បែបនេះ នឹង​ជួយ​ឲ្យ​ក្បាច់គុន​របស់​បុព្វបុរស​មួយ​នេះ អាច​បន្ត​រស់នៅ​ជាមួយ​ប្រជាពលរដ្ឋ​គ្រប់​ជំនាន់​។ 
 
​ម្យ៉ាងទៀត វា​ជា​វិធីសាស្ត្រ​មួយ​ក្នុងការ​ផ្សព្វផ្សាយ​ឲ្យ​ប្រជាពលរដ្ឋ​ស្គាល់​ក្បាច់គុន​នេះ​កាន់តែច្បាស់ ក៏ដូចជា​ទាក់ទាញ​យុវជន​ឲ្យ​ចូល​ហ្វឹកហាត់​ក្បាច់គុន​វប្បធម៌​ប្រពៃណី​មួយ​នេះ​កាន់តែច្រើន​។ លើសពីនេះ វា​នឹង​ក្លាយជា​យន្តការ​មួយ​ក្នុងការ​បណ្តុះបណ្តាល​ធន​ធាន​កីឡាករ​ឲ្យ​កាន់តែ​សម្បូរបែប និង​ឈានទៅ​ពង្រីក​ឥទ្ធិពល​នៅលើ​ឆាក​អន្តរជាតិ​នាពេល​អនាគត​។   
 
​លោក វ៉ា​ត់ ចំរើន អនុប្រធាន​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា​បានបង្ហាញ​ពី​គម្រោង​ក្នុងការ​ពង្រីក​វិសាលភាព​របស់​គុន​ល្បុក្កតោ​យ៉ាង​ដូច្នេះ​ថា​៖«​ជា​គម្រោង​របស់​សហព័ន្ធ គឺ​ចង់​ពង្រីក​ឲ្យ​មាន​ក្លិប​គុន​ល្បុក្កតោ​នៅ​គ្រប់​វត្ត​អា​រ៉ា​ម​ទាំងអស់​ទូទាំងប្រទេស​ជាង​២​ម៉ឺន​វត្ត​អា​រ៉ា​ម ដែល​សុទ្ធសឹង​ជា​កន្លែង​ធ្លាប់​ហ្វឹកហាត់ និង​ធ្លាប់មាន​សកម្មភាព​ហាត់​ក្បាច់គុន​នេះ​»​។ 
 
​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​រូបនេះ​សង្កត់ធ្ងន់ថា គម្រោង​បង្កើត​ឲ្យ​មានការ​ហ្វឹក​ហាត់គុន​ល្បុក្កតោ​នៅតាម​វត្ត​អា​រ៉ា​ម​នេះ ផ្តោត​សំខាន់​លើ​ការអប់រំ​ផ្លូវកាយ និង​ផ្លូវចិត្ត​។ «​ការហ្វឹកហាត់​នេះ វា​មិន​ខុស​នោះទេ វា​មិនមែន​ហ្វឹកហាត់​ដើម្បី​ប្រកួតប្រជែង ឬ​វាយតប់​គ្នា​។ ពោលគឺ​ហ្វឹកហាត់​ក្នុងន័យ​ការអប់រំ​ផ្លូវចិត្ត ផ្លូវកាយ​ឲ្យ​រឹងមាំ ឲ្យ​មាន​ស្មារតី​ស្រលាញ់​ជាតិ ស្រលាញ់​ទឹកដី និង​អា​រិ​យ​ធម៌​របស់ខ្លួន​»​។ នេះ​ជាការ​លើកឡើង​របស់លោក វ៉ា​ត់ ចំរើន​។  
 
​ទន្ទឹមនឹងនេះ សហព័ន្ធ ក៏មាន​គម្រោង​បង្រួបបង្រួម​ព្រឹទ្ធាចារ្យ​ក្បាច់គុន ដែលមាន​និន្នាការ​ផ្សេងគ្នា ឲ្យ​មានការ​ឯកភាពគ្នា​ក្នុងការ​អនុវត្ត ដើម្បី​អភិវឌ្ឍន៍​វិស័យ​កីឡា​គុន​ល្បុក្កតោ​ផងដែរ​។ ការបង្ហាញ​គម្រោង​បែបនេះ ធ្វើឡើង​ក្រោយ លោក នៅតែ​សង្កេតឃើញថា ការ​បង្វឹក​សិស្ស​របស់​ព្រឹទ្ធាចារ្យ​ក្បាច់គុន​មួយចំនួន ហាក់​មិនទាន់មាន​ការឯកភាព​គ្នា​។ 
 
​លោក វ៉ា​ត់ ចំរើន បានលើកឡើង​ពី​គម្រោង​ដូច្នេះ​ថា​៖«​ជា​គម្រោង​ផងដែរ យើង​នឹង​បង្រួបបង្រួម​គ្រប់​និន្នាការ​របស់​ព្រឹទ្ធាចារ្យ​គុន​ល្បុក្កតោ​ទាំងអស់​ឲ្យ​ស្ថិតនៅក្រោម​ការដឹកនាំ​មួយ​ដ៏​ត្រឹមត្រូវ​ឈានទៅរក​ការអភិវឌ្ឍ​។ ជាពិសេស គឺ​ឈានទៅដល់​ការដាក់​កីឡា​គុន​ល្បុក្កតោ​ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ដែលជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា ដែល​ធ្វើជា​ម្ចាស់ផ្ទះ​»​។  
 
​ព្រឹទ្ធាចារ្យ​ក្បាច់គុន​ល្បុក្កតោ​មួយចំនួន​រស់នៅ​ដោយ​លាក់​អត្តសញ្ញាណ​និង​អ្នក​ខ្លះទៅ​ជ្រកកោន​នៅតាម​វត្ត​អា​រ៉ា​ម​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​។ ក្បាច់គុន​កេរដំណែល​របស់​បុព្វបុរស​ខ្មែរ​មួយ​នេះ ស្ទើរ​បាត់បង់​ទាំងស្រុង​ក្រោយ​របប ប៉ុល ពត ដ្បិត​អ្នក​គុន​ល្បុក្កតោ​មួយចំនួន​ត្រូវបាន​គេ​សម្លាប់ ហើយ​អ្នកចេះ​ក្បាច់គុន​នេះ​មួយចំនួនធំ បាន​បន្ត​រស់នៅ​ជាមួយ​ការ​លាក់បាំង​៕  

Tag:
 គុន​ល្បុក្កតោ​
  វ៉ា​ត់ ចំរើន​
© រក្សាសិទ្ធិដោយ thmeythmey.com